អានតួអត្ថបទ
ន័រវែស

ន័រវែស​ចង់​ធ្វើ​វិនិយោគបច្ចេកវិទ្យាចាប់​និង​ខ្ទប់​ឧស្ម័ន​CO2 ដើម្បី​កាត់​បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​​​​

ន័រវែសចង់ធ្វើវិនិយោគបច្ចេកវិទ្យាចាប់ខ្ទប់ឧស្ម័នកាបូនិក តម្លៃ ១៦០០លានអឺរ៉ូ
ន័រវែសចង់ធ្វើវិនិយោគបច្ចេកវិទ្យាចាប់ខ្ទប់ឧស្ម័នកាបូនិក តម្លៃ ១៦០០លានអឺរ៉ូ SCANPIX NORWAY/AFP
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

រដ្ឋាភិបាល​ន័រវែស​បាន​គូស​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទទី ២១​កញ្ញា ២០២០ ថា​ចង់​ធ្វើ​វិនិយោគ ក្នុង​ទំហំ​​ ១៦០០​លាន​អឺរ៉ូ បច្ចេកវិទ្យា​​ចាប់​​និងខ្ទប់ទុក​​ឧស្ម័ន​​ជាតិ​ពុល​កាបូនិក​ ដើម្បីកាត់​បន្ថយ​បរិមាណ​​ឧស្ម័ន​ផ្ទះកញ្ចក់​កុំ​ឱ្យ​មក​បំពុល​បរិយាកាស។ ជា​បច្ចេកវិទ្យា​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​សម្រាប់​អាកាសធាតុ ប៉ុន្តែ​ជា​បច្ចេកវិទ្យាដែល​ចំណាយ​​ថ្លៃ​បំផុត។

ផ្សាយពាណិជ្ជកម្ម

Longship ជាគម្រោង​អាកាសធាតុ​ដ៏​ធំ​បំផុតមិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ឧស្សាហកម្ម​របស់​ន័រវែសឡើយ ! នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ប្រេងកាត​និង​ថាមពល ក្នុង​ឱកាស​បង្ហាញ​សៀវភៅ​ស​ស្តី​ពី​គម្រោងវិនិយោគ​​បច្ចេកវិទ្យា​ទំនើប​​​ចាប់​និងខ្ទប់​​ទុក​ឧស្ម័ន​កាបូនិក (CCS) កុំ​ឱ្យ​សាយ​ភាយ​ទៅ​បំពុល​បរិយាកាស។​​​

នៅ​ក្នុង​សៀវភៅ​ស ន័រវែស​ដែលបាន​​ប្តេជ្ញា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ឱ្យ​៥០​ទៅ ៥៥%​ នៅ​ឆ្នាំ​២០៣០ ចង់ផ្តល់​​​​ហិរញ្ញវត្ថុ​​ ​ដោយ​​​ផ្តោត​អាទិភាព​ដំបូង​​​ទៅ​លើ​គម្រោងវិនិយោគ​បច្ចេកវិទ្យា​​ចាប់​និង​ខ្ទប់​ឧស្ម័ន​កាបូនិក​ របស់​ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ង់ Brevik នៅ​ភាគខាង​ជើង​ប្រទេស ព្រោះ​​ឧស្សាហកម្ម​ស៊ីម៉ង់នេះ​​បញ្ចេញ​ឧស្ម័ន​កាបូនិក​បំពុល​បរិយាកាស​ដល់​ទៅ​៧%​នៃ​ឧស្ម័ន​ពុល​លើ​ភព​ផែនដី។ ​ ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មី ចាប់​ពី​ឆ្នាំ​២០២៤​ទៅ រោងចក្រ​ស៊ីម៉ង់  Norcem អាច​នឹង​ចាប់​ឧស្ម័ន​កាបូនិក បាន​ប្រមាណ​៤០០​ពាន់​តោន​ ​ពោល​គឺ​ជិត​ពាក់​កណ្តាល​នៃ​បរិមាណ​ឧស្ម័ន​កាបូនិក​ដែល​រោងចក្រ​បាន​បញ្ចេញ​កាលពី​ឆ្នាំ​ទៅ។

រដ្ឋាភិបាល​ន័រវែស​ក៏​ចង់​​​ផ្តល់​វិភាគ​ទាន​​លើ​គម្រោង​ចាប់​និង​ខ្ទប់​ឧស្ម័នកាបូនិក​ របស់​រោងចក្រ​សំរាម​ របស់​ក្រុមហ៊ុន​Fortum នៅ​អូស្លូ​ដែរ តែត្រូវ​​​​មាន​ប្រភព​ជំនួយ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ជា​ឧទាហរណ៍​ជំនួយរបស់​​សហភាព​អឺរ៉ុប។ ដើម្បី​ឱ្យ​គម្រោង​Longship អាច​សម្រេច​ជោគជ័យ​បាន​នៅ​ថ្ងៃ​អនាគត ត្រូវ​តែ​ប្រទេស​ផ្សេង​ទៀត​ចាប់​ប្រើ​បច្ចេកវិទ្យា​នេះ​ដែរ។ នេះជាមូលហេតុ​នៃ​ការ​ដាក់​លក្ខខណ្ឌ​ស្វែង​រក​ជំនួយវិនិយោគ​ផ្សេង​ទៀត។ នេះ​​បើ​តាមការអះអាង​របស់​លោកស្រីនាយក​រដ្ឋមន្ត្រី។

ជា​ចុងក្រោយ​ ន័រវែស​មាន​គម្រោង​ចង់​នាំហិរញ្ញវត្ថុ​វិនិយោគ​គម្រោង​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ Northern Lights។ ជា​គម្រោង​​ របស់​ក្រុមហ៊ុនយក្ស​​ប្រេង​ឥន្ធនៈបីបញ្ចូល​គ្នា ​គឺ​ក្រុមហ៊ុន​ន័រវែស​​​ Equinor ក្រុមហ៊ុន​អង់គ្លេស-ហូឡង់ Shell និង​ក្រុមហ៊ុន​បារាំង Total ដែល​ចង់​​ដឹក​ជញ្ជូន​ឧស្ម័ន​កាបូនិក​រាវ​ ទៅ​កាន់​អាង​ស្តុក​មួយ​ រួច​បង្ហូរ​តាម​ទុយយោ​​ទៅ​ចាក់​ចោល​ក្នុង​បាត​សមុទ្ទ​។

សំណើ​ទាំង​បី​នេះ ត្រូវ​​​បញ្ជូន​ទៅ​សភា។ តែ​ដោយ​រដ្ឋាភិបាល​គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា គម្រោង​នេះ​អាច​នឹង​មាន​ការ​ប្រែប្រួល។

​គម្រោង​អាកាសធាតុ​ប្រកប​ដោយ​មហិច្ឆតា​នេះ ត្រូវ​បាន​បង្ហើប​ឡើង​​ចំ​ថ្ងៃ​ដែលសកម្មជន​Extinction Rebellion ក្រុម​ប្រឆាំង​នឹង​នយោបាយ​ប្រេងកាត​ន័រវែស​ កំពុង​បញ្ចេញ​សកម្មភាព​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​ធ្វើ​ផលិតកម្មប្រេង រហូត​មាន​ការ​ចាប់​ខ្លួន​មនុស្ស​៣២​នាក់​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ