អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Oxfam ៖​ វិសមភាពហួសហេតុ​​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ រុញ​ពិភពលោក​ទៅរក​មហន្តរាយ​អាកាសធាតុ

សំឡេង ០៥:៥៩
អ្នកមាន​ជាង​គេ​តែ​១%​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់ពីរ​ដង​​ច្រើន​ជាង​អ្នក​ក្រកន្លះ ផែនដី
អ្នកមាន​ជាង​គេ​តែ​១%​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់ពីរ​ដង​​ច្រើន​ជាង​អ្នក​ក្រកន្លះ ផែនដី dpa/AFP/Archivos
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

មានគ្នា​តិច តែ​អាច​បញ្ចេញ​ឧស្ម័ន​កាបូនិក​បំពុល​​បរិស្ថាន​ខ្លាំង។ បណ្តា​អ្នក​មានជាងគេ​នៅ​លើ​ពិភពលោក​តែ​១%​ ប៉ុណ្ណោះ បានបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ក្នុង​បរិមាណ​ដល់​ទៅ​ពីរ​ដង​ច្រើន​ជាង​ ពលរដ្ឋ​កន្លះផែនដី (៥០%) ដែល​ជា​អ្នកក្រ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Oxfam និង​វិទ្យាស្ថាន​បរិស្ថាន​ស្តុកខុម Stockholm Environment Institute ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ​ទី ២១​ កញ្ញា ២០២០​។  ​

ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​អ្នក​មាន​ជាង​គេ​នៅ​លើ​ផែន​ដី ចំនួន​១% ពោល​គឺ​ស្មើ​នឹង​ប្រមាណ ៦៣​លាន​នាក់​ ជាអ្នក​ទទួល​ខុស​ត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិក​​ ចំនួន ១៥%​នៃ​ កំរិត​ឧស្ម័ន​ផ្ទះ​កញ្ចក់​​សរុប​ដែល​មនុស្ស​បាន​បញ្ចេញ​បំពុល​ផែន​ដី។ ចំណែក​ប្រជាពលរដ្ឋ​ក្រីក្រី​​ជាង​គេ​នៅ​លើ​លោក​ ដែល​មាន​ចំនួន​ដ៏​ច្រើន​ដល់​ទៅ​រាប់​ពាន់​លាន​នាក់​វិញ ​ពាក់​កណ្តាល (៥០%) បញ្ចេញ​​ឧស្ម័ន​ការបូនិក តិច​ជាង​ក្រុម​អ្នក​មាន​១%​នោះ​ផង គឺ​តិច​ជាង​ដល់​ទៅ​ពីរ​ដង​ឯណោះ។ នេះបើ​តាម​របាយការណ៍​របស់​ Oxfam​។

របាយការណ៍​បាន​លម្អិត​ទៀត​ថា  អ្នក​មាន​ជាង​គេ​នៅ​លើ​ពិភពលោក​ ១០​% (ត្រូវ​ជា​៦៣០​លាន​នាក់) ជា​អ្នក​ទទួល​ខុស​ត្រូវ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដល់​ទៅ ៥២%​នៃ​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស​សរុប​ចូល​គ្នា។

វិសមភាព​នៃ​ការ​បញ្ចេញ​ផ្សែង​ពុល

ការ​ប្រែប្រួល​អាកាសធាតុ​ កាន់​តែ​​ស្តែង​ឱ្យ​ឃើញ​ច្បាស់ឡើងៗ និង​ញយ​ឡើងៗ មិន​ធ្លាប់​ជួប​ប្រទះ​ពីមុន​ទេ​ ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​កាលីហ្វ័នីញ៉ា ផ្ទាំង​ទឹកកក​នៅ​តំបន់​អាកទិក តំបន់​ហ្ក្រូអេនឡិន ​រលាយ​បាក់​ទាំង​ផ្ទាំងៗ តំបន់​អឺរ៉ុប​ស្គាល់​ភាព​​ក្តៅ​ហួតហែង​ខ្លាំង​​កាន់​តែ​ញយ គឺ​ដោយ​ហេតុ​តែ​មាន​វិសមភាព​ហួសហេតុ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នេះ​ឯង។ វិសមភាព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ​យូរ​រាប់​ទសវត្សរ៍​មក​ហើយ​នេះបាន​រុញ​ពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​មហន្តរាយ​អាកាសធាតុ។ នេះ​បើ​តាម​របាយការណ៍​របស់​ Oxfam និង​វិទ្យាស្ថាន​បរិស្ថាន​ស្តុកខុម Stockholm Environment Instituteដដែល។

ក្នុង​រយៈ​ពេល​២០-៣០​ឆ្នាំចុងក្រោយ​នេះ ផែន​ដី​ជួប​វិបត្តិ​អាកាសធាតុ​​មាន​កាន់តែ​ខ្លាំង​ ថវិកា​ពិភពលោក​សម្រាប់​កំរិត​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ដក​យក​ទៅ​ពង្រាយ​បម្រើ​ ​សេចក្តី​ត្រូវ​ការបំពេញ​ចិត្ត​ក្រុម​​របស់​ក្រុម​ពលរដ្ឋ​អ្នក​មាន តែ​មិន​បាន​យក​មក​ជួយ​ក្រុម​ពលរដ្ឋ​ទន់​ខ្សោយ​ឱ្យ​ដើរ​ចេញ​ពី​ភាព​ក្រីក្រ​ទេ។ នេះ​បើ​តាម​ការ​បរិហារ​របស់​ Oxfam ដែល​បញ្ជាក់​ថា ​“ក្រុម​អ្នក​ដែល​ទទួល​រងភាព​អយុត្តិធម៌​​ខ្លាំង គឺ​ជា​អ្នក​ដែល​ពុំ​សូវ​បង្ក​វិបត្តិ​អាកាសធាតុ” ដែល​គ្មាន​នរណា​ក្រៅ​ពី​ប្រជាពលរដ្ឋ​ក្រីក្រី​ខ្លាំង​ជាង​គេ និង​ក្មេង​ជំនាន់​ក្រោយ​ទេ។  

១៩៩០-២០១៥  ឧស្ម័ន​ផ្ទះកញ្ចក់​ឡើង​ខ្លាំង

របាយការណ៍​នេះ គឺ​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យចេញ​ផ្សាយ​កាលពី​​ឆ្នាំ ២០១៥ ដោយផ្ចង់​ការ​សិក្សាលើ​​រយៈ​កាលដ៏​ច្បាស់​លាស់​មួយ ដែល​ពិភពលោក​រង​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ខ្លាំង​មែនទែន គឺ​ ពី​ឆ្នាំ ១៩៩០-ដល់​ឆ្នាំ​២០១៥។ រយៈពេល​២៥​ឆ្នាំនេះ​ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​បាន​ឡើង​កើន​ឡើង​៦០%​ និង​​​បាន​ធ្វើ​សីតុណ្ហភាព​នៃ​ភព​ផែន​ដី​ ឡើង​លើស​ពី​១​អង្សា​ទៅ​ហើយ ប្រៀប​ទៅ​នឹង​បរិយាកាសពិភពលោក​មុន​សម័យ​ឧស្សាហកម្ម។

អង្គការ​ Oxfam និង​វិទ្យាស្ថាន​បរិស្ថាន​ស្តុកខុម Stockholm Environment Institute ​ បាន​ចាប់​អារម្មណ៍​វិភាគ ​អំពីទំនាក់ទំនង​រវាង​​សេចក្តី​ត្រូវការ​ចាយវាយ​របស់​ពលរដ្ឋ​ម្នាក់ៗ​និង​ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​ប្រទេស​ចំនួន ១១៧។ ពោល​គឺ​ជា​សិក្សា​ដែល​ផ្តោត​ទៅ​លើ​ ផលិតកម្ម​ផ្ទាល់​នៅក្នុង​ប្រទេស​នីមួយៗ​ផង និង​ផលិតកម្ម​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចូល ​និង​សេវា​កម្ម​ផង។ ប៉ុន្តែ​ពុំ​មាន​រាប់​បញ្ចូល​នូវ​រាល់​ផលិតកម្ម​សម្រាប់​នាំ​ចេញ​ទេ។ ​ជា​ការ​សង្កេត​វិភាគ​មើល​ថា​តើ​កំរិត​ជីវភាពប្រជាពលរដ្ឋ​ខុស​គ្នា បញ្ចេញ​ឧស្ម័ន​ពុល​ខុស​គ្នា​យ៉ាង​ណា។

ជា​លទ្ធផល​ គឺ​អ្នក​មាន​​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង តែ​អ្នក​ក្រ​​ជា​អ្នក​រងគ្រោះ​ខ្លាំង​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ ទទូច​ទាមទារ ឱ្យ​មាន​យុត្តិធម៌​សង្គម​ផង យុត្តិធម៌​អាកាសធាតុ​ផង។​

យុត្តិធម៌​សង្គម​និង​អាកាសធាតុ

អង្គការ​បាន​អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​​របស់​គ្រប់​ប្រទេស​នៅ​ទូទាំង​ពិភពលោក កែតម្រង់​ទិស​ដៅ​នយោបាយ ដោយគិត​គូរ​​ផ្តល់​យុត្តិធម៌​សង្គម​និង​ការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​អាកាសធាតុ​មក​ធ្វើ​ជា​បេះ​ដូង​នៃ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ១៩។ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ ក្នុង​រង្វង់​សហគមន៍​អ្នក​មាន ដែល​ជា​ប្រភព​​បំពុល​បរិស្ថានខ្លាំង ត្រូវ​ជា​អាទិភាព​របស់​សមហូភាព។

បើ​តាម​អ្នក​ជំនាញ​របស់​អង្គការ ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​ពាក់​កណ្តាល​មិន​បាន​ទទួល​ប្រយោជន៍​​ពី​គំរូ​ដឹកនាំ​ប្រទេសបែប​លើក​តម្កើង​​កំណើន​សេដ្ឋកិច្ច​​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ និង​វិសមភាព​ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​ពុល​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​២០-៣០​ឆ្នាំ​កន្លង​មក​នេះទេ ព្រោះ​ជា​គំរូ​ដឹកនាំ​ដែលតម្រូវ​ឱ្យ​មាន​ការ​ជ្រើសរើស​រវាង​កំណើន​សេដ្ឋកិច្ច​និង​អាកាសធាតុ។

ប៉ុន្តែ​ពេល​នេះ​ បើ​តា​មលោក​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​គីម៉ូន កូវីដ​១៩​បាន​បំភ្លឺ​ឱ្យ​ឃើញ​អំពី​ភាព​ចាំបាច់​នៃ​ការ​ស្ថាបនា​ពិភពលោក​ឱ្យ​បាន​ប្រសើរ​ឡើងវិញ​ និង​ ​តម្រង់ទិស​​​សេដ្ឋកិច្ច​ពិភពលោក ឱ្យ​ដើរ​លើ​ផ្លូវ​ យុត្តិធម៌​ជាង​មុខ យូរអង្វែង​ជាង​មុន និង​មាន​លក្ខណៈផ្សះផ្សាជាង​មុន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ