អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើយន្តហោះប្រើអ៊ីដ្រូសែនពិតជាដំណោះស្រាយល្អក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ?

សំឡេង ០៥:០៤
រូបគំរូ​ម៉ូដែល​យន្តហោះ​ប្រើ​អ៊ីដ្រូសែន​របស់​ក្រុមហ៊ុនអ៊ែរប៊ូស
រូបគំរូ​ម៉ូដែល​យន្តហោះ​ប្រើ​អ៊ីដ្រូសែន​របស់​ក្រុមហ៊ុនអ៊ែរប៊ូស AIRBUS SAS 2020
ដោយ៖ សេង ឌីណា
៣១ នាទី

កាលពីថ្ងៃ​ចន្ទទី២១​កញ្ញា​កន្លងទៅនេះ ប្រធានក្រុមហ៊ុន​ផលិតយន្តហោះ​អ៊ែរប៊ូស (Airbus) បាន​ប្រកាស​ឲ្យដឹង​ពី​គម្រោង​​​ផលិត​យន្តហោះ​ដឹកអ្នក​ដំណើរ​ប្រើ​ថាមពល​អ៊ីដ្រូសែន ដែល​គេ​គ្រោងនឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០៣៥​ខាងមុខ។ យោងតាម​ក្រុមហ៊ុន​អ៊ែរប៊ូស នេះ​គឺ​ជា​​គម្រោង​ដ៏សំខាន់​សម្រាប់​​វិស័យ​អាកាសចរណ៍ស៊ីវិល នៅ​ក្នុងការ​ចូលរួម​​ទប់ស្កាត់​​​ការ​ប្រែប្រួល​អាកាសធាតុ។ តើ​យន្តហោះប្រើថាមពល​អ៊ីដ្រូសែន​អាច​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ?

ផ្សាយពាណិជ្ជកម្ម

គេដឹង​ថា វិស័យ​អាកាសចរណ៍ គឺ​ជា​វិស័យ​ដ៏​ចម្បង​មួយ ដែល​មាន​ចំណែក​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បញ្ចេញ​ឧស្ម័ន ដែល​នាំ​ឲ្យ​ភពផែនដី​ឡើងកម្តៅ។ ហើយ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឡើងកម្តៅ​ផែនដី​នេះ វិស័យ​អាកាសចរណ៍​​ស៊ីវិល​​បានសន្យា​ថា នៅ​ត្រឹម​ឆ្នាំ២០៥០​ខាងមុខ ពួកគេ​​នឹង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឲ្យ​មក​នៅ​ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ ​ធៀប​នឹង​ឆ្នាំ២០០៥។

ដើម្បី​អាចសម្រេច​បាន​នូវ​គោលដៅ​នេះ គេ​ចាំបាច់​ត្រូវ​តែ​ស្វែងរក​វិធី​​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ឲ្យ​បាន​ច្រើន ដោយ​នៅ​ក្នុងនោះ ការផលិត​យន្តហោះ​ប្រើ​ថាមពល​អ៊ីដ្រូសែន​ គឺ​ជា​ដំណោះស្រាយ​មួយ ដែល​ហាក់ទទួល​បាន​នូវ​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ជាងគេ។

ជាទូទៅ កាល​ណា​និយាយ​ពី​យន្តហោះប្រើ​ថាមពល​អ៊ីដ្រូសែន គេច្រើន​តែនាំគ្នា​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព ហើយ​នេះ​ប្រហែល​ជា​គេ​គិត​ទៅដល់​រូបភាពផ្ទុះឆេះ​យន្តហោះប្រើអ៊ីដ្រូសែន នៅ​ Hidenburg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ១៩៣៧ ឬ​ក៏​គិត​ទៅដល់​គ្រាប់បែក​នុយក្លេអ៊ែរ​ប្រើ​អ៊ីដ្រូសែន ដែល​ជា​ប្រភេទគ្រាប់បែក​ទែរម៉ូនុយក្លេអ៊ែរ ហើយ​ដែល​ពេលខ្លះ​ គេហៅ​ថា គ្រាប់បែក​អ៊ីដ្រូសែន។

ក៏ប៉ុន្តែ តាមការពិត​ទៅ អ៊ីដ្រូសែន​ ថ្វីដ្បិត​តែ​ជា​សារធាតុ​ដែល​ងាយ​ឆាបឆេះ ក៏ប៉ុន្តែ ប្រើ​ជា​ឥន្ធនៈ វាមិនគ្រោះថ្នាក់​ជាង​ប្រភេទ​ឥន្ធនៈ​ផ្សេងទៀត​នោះទេ ហើយ​នៅ​ក្នុង​បច្ចេកវិទ្យា​សម័យកាល​បច្ចុប្បន្ន​នេះ អ៊ីដ្រូសែន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​ឥន្ធនៈ​​ជា​លក្ខណៈ​ទូទៅ​​រួចទៅហើយ ជាពិសេស គឺប្រើ​ទូទៅ​ជា​ឥន្ធនៈ​សម្រាប់​រ៉ុកកែតបាញ់បង្ហោះផ្កាយរណប ឬ​យានអវកាស។ ក្នុង​ចំណោម​រ៉ុកកែត​ដែល​ប្រើ​អ៊ីដ្រូសែន​ជា​ឥន្ធនៈ ក៏មាន​ដែរ​រ៉ុកកែត​របស់​អឺរ៉ុប​ឈ្មោះ អារីយ៉ាន (Ariane) ហើយ​ក្រុមហ៊ុន​ផលិត​រ៉ុកកែត​អារីយ៉ាន​នេះ មាន​ចំណែក​ហ៊ុន​ពាក់កណ្តាល​ជា​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស។ ដូច្នេះ វា​ទំនង​ជា​នឹង​មិនជា​រឿង​ពិបាក​ទេ សម្រាប់​អ៊ែរប៊ូស ក្នុងការ​អភិវឌ្ឍបច្ចេកវិទ្យា​ផលិតយន្តហោះប្រើ​អ៊ីដ្រូសែន។

សំណួរ​ដែល​ត្រូវ​ចោទសួរ គឺ​ថា តើ​យន្តហោះ​ប្រើ​អ៊ីដ្រូសែន​នេះ​ពិត​ជា​អាច​ជួយក្នុង​ការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​បានមែន​ឬ​ក៏​យ៉ាងណា?

គេ​ដឹង​ថា កេរ៉ូសែន ដែល​ប្រើ​ជាឥន្ធនៈ​ក្នុងយន្តហោះ​បច្ចុប្បន្ន​នេះ ក្រោយ​ពី​ឆ្លងកាត់​យន្តការ​ចំហេះ នៅ​ក្នុង​ម៉ាស៊ីន​យន្តហោះ វា​បញ្ចេញ​មកវិញ នូវ​ឧស្ម័ន​កាបូនិច ដែល​ជា​ប្រភេទ​ឧស្ម័ន​ផ្ទះកញ្ចក់​នាំ​ឲ្យ​ផែនដី​ឡើងកម្តៅ។ អ៊ីដ្រូសែន​វិញ ក្រោយ​ពី​ឆ្លងកាត់​យន្តការ​ចំហេះ វា​មិនបញ្ចេញ​ឧស្ម័ន​កាបូនិច​នោះទេ។ សំណល់​ពី​ម៉ាស៊ីន​ប្រើ​អ៊ីដ្រូសែន គឺ​ជា​ចំហាយទឹក ហើយ​ថ្វីដ្បិត​តែ​ចំហាយ​ទឹក​ជា​ប្រភេទ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ក៏ប៉ុន្តែ វា​មិនស្ថិត​ស្ថិរនៅ​ក្នុងបរិយាកាស​​បាន​យូរនោះទេ ដោយ​ត្រូវ​ប្រមូលផ្តុំ​ជា​ពពក ហើយ​ធ្លាក់ចុះ​មកវិញ​ជា​ទឹកភ្លៀង។

ដូច្នេះ បើ​គេរាប់​តែត្រឹម​ដំណាក់​កាល​ប្រើ​អ៊ីដ្រូសែន​ជា​ឥន្ធនៈយន្តហោះ គេ​អាច​និយាយ​បាន​ថា យន្តហោះប្រើ​អ៊ីដ្រូសែន មិន​បញ្ចេញ​ឧស្ម័ន​កាបូនិច​សោះ ហើយ​វា​ជា​ដំណឹង​ល្អ សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅ​ត្រង់​ដំណាក់កាល​ផលិតអ៊ីដ្រូសែន។

នៅក្នុងចក្រវាល​នេះ អ៊ីដ្រូសែន​គឺ​ជា​សារធាតុ​ដែល​សម្បូរ​ជាងគេ​​ ក៏ប៉ុន្តែ នៅលើ​ផែនដី​របស់​យើង​នេះ អ៊ីដ្រូសែន​សុទ្ធ​មិនមាន​ជាលក្ខណៈធម្មជាតិ​នោះទេ ដោយ​គេ​ចាំបាច់​ត្រូវតែ​បំបែក​អាតូម​អ៊ីដ្រុសែន​ពី​សារធាតុ​ផ្សេង ទើប​អាច​ផលិត​អ៊ីដ្រូសែន​យក​មក​ប្រើ​ជា​ឥន្ធនៈបាន។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យន្តការ​ផលិត​អ៊ីដ្រូសែន​ដែល​គេ​ប្រើ​ជាលក្ខណៈទូទៅ​​ច្រើន​ជាងគេ គឺ​ការផលិត​ដោយ​បំបែកអាតូម​អ៊ីដ្រូសែន​ចេញ​ពី​ឧស្ម័ន​មេតាន (CH4)។ តាមរយៈយន្តការ​នេះ គេ​អាច​ផលិត​អ៊ីដ្រូសែន​បាន​ក្នុង​តម្លៃ​ទាប ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅត្រង់​ថា ក្រោយ​ពី​គេ​បំបែក​អាតូម​អ៊ីដ្រូសែន​ចេញ​ពី​មេតាន​ហើយ អ្វីដែល​នៅ​សល់​ គឺ​កាបោន ហើយ​វា​ត្រូវ​បញ្ចេញ​​កាកសំណល់​​ជា​​ឧស្ម័នកាបូនិច និង​កាបោន​អុកស៊ីត។ ដូច្នេះ គិត​ជា​ប្រព័ន្ធ​អេកូសាស្ត្ររួម យន្តហោះ​ប្រើ​អ៊ីដ្រូសែន​បែបនេះ គឺ​នៅតែ​បញ្ចេញ​ឧស្ម័ន​ដែល​បង្ក​ឲ្យ​ផែនដី​ឡើងកម្តៅ​ដដែល មិន​អាច​ជួយ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​បាន​នោះទេ។

នៅមាន​វិធី​ផលិត​អ៊ីដ្រូសែន​មួយ​ផ្សេងទៀត គឺ​ការ​ប្រើ​អគ្គិសនី បំបែក​អាតូម​អ៊ីដ្រូសែន​ចេញ​ពីទឹក (H2O)។ ការផលិត​អ៊ីដ្រូសែន​តាមវិធី​នេះ មិន​បញ្ចេញ​ឧស្ម័ន​កាបូនិច​នោះទេ ក៏ប៉ុន្តែ សំណួរ​ត្រូវ​ចោទ​បន្តទៀត​ថា តើ​អគ្គិសនី​ដែល​គេ​យក​មកប្រើ​នេះ មាន​ប្រភព​ចេញមកពីណា? បើ​សិន​ជា​ប្រើ​អគ្គិសនី​ផលិត​ដោយ​ថាមពល​ផូស៊ីល វា​នៅតែ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការប្រែប្រួល​អាកាសធាតុ​ដដែល។ គឺ​ទាល់តែ​អគ្គិសនី​ដែល​គេ​យក​មក​ប្រើ​ក្នុងការ​ផលិត​អ៊ីដ្រូសែន​នោះ មាន​ប្រភព​ចេញ​ពី​ថាមពល​កើតឡើងវិញ ទើប​វា​អាច​មាន​លទ្ធផល​ជា​វិជ្ជមាន​បាន។

ដូច្នេះ និយាយ​ជា​រួមមកវិញ ការ​វិនិយោគ​តែ​ទៅលើ​បច្ចេកវិទ្យា​ផលិត​យន្តហោះ​ប្រើ​អ៊ីដ្រូសែន​ គឺ​មិន​គ្រប់គ្រាន់នោះទេ។ ​គេ​ចាំបាច់​ត្រូវតែវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ផ្សេង​ទៀត រាប់ចាប់តាំង​ពី​បច្ចេកវិទ្យា​ផលិត​អគ្គិសនី ដើម្បី​យក​ទៅ​ផលិត​អ៊ីដ្រូសែន បូករួម​ទាំង​​​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដឹកជញ្ជូន និង​ស្តុក​ឥន្ធនៈ​​អ៊ីដ្រូសែន ហើយ​ចាំបាច់ត្រូវ​គិតគូរ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​នៅ​គ្រប់​ដំណាក់កាល នៅ​ក្នុង​ប្រព័ន្ធ​អេកូសាស្ត្រ​ជាមួយគ្នា​ ទើប​​ចុងក្រោយ​ទៅ យន្តហោះ​ប្រើ​អ៊ីដ្រូសែន​នេះ អាច​ចូល​រួ​មទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​មាន​ប្រសិទ្ធិភាព​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ