អានតួអត្ថបទ
សហភាពអឺរ៉ុប-តួកគី

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៣ ពីបទរំលោភលើទណ្ឌកម្មប្រឆាំងលីប៊ី

លោក Josep Borrell ប្រមុខ​ការទូតអឺរ៉ុប
លោក Josep Borrell ប្រមុខ​ការទូតអឺរ៉ុប REUTERS - POOL
១៧ នាទី

នៅ​ថ្ងៃ​ចន្ទ ទី២១ កញ្ញា សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន ៣ ពី​បទ​បាន​រំលោភ​លើ​ទណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​ប្រទេស​លីប៊ី​ដែល​ដាក់​ដោយ​អង្គការសហប្រជាជាតិ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៣ មាន​មួយ​ជា​ក្រុមហ៊ុន​ហ្សកដានី មួយ​ជា​ក្រុមហ៊ុន​កាហ្សាក់ស្ថាន និង​មួយ​ទៀត​ជា​ក្រុមហ៊ុន​តួកគី។ តួកគី​តាម​រយៈ​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​លើ​សេចក្តីសម្រេច​អឺរ៉ុប។ គួរ​រម្លឹក​ថា ដំណឹង​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​អឺរ៉ុប និង​តួកគី​កំពុង​ស្គាល់​ភាព​តានតឹង​ក្នុង​រឿង​សមុទ្រ​មេឌីទែររ៉ាណេខាងកើត​រវាង​តួកគី និង​ក្រិក។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​អនុម័ត​ក្នុង​កម្រិត​ឯកអគ្គរដ្ឋទូត​នា​ថ្ងៃ​សុក្រ ទី១៨ កញ្ញា សេចក្តីសម្រេច​ត្រូវ​បាន​យល់ព្រម​ក្នុង​កម្រិត​រដ្ឋមន្រ្តី​ការបរទេស​នៅ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ចន្ទ ទី២១ កញ្ញា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន សហភាពអឺរ៉ុប​បាន​បញ្ជាក់​ពី​ការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ហ្សកដានី កាហ្សាក់ស្ថាន និង​តួកគី​ពី​បទរំលោភ​លើ​ទណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​ប្រទេស​លីប៊ី​ដែល​ដាក់​ដោយ​អង្គការ​សហប្រជាជាតិ។ សេចក្តីប្រកាស​ព័ត៌មាន​បាន​ចែង​ថា ទ្រព្យធន​របស់​ក្រុមហ៊ុន​ទាំង ៣ នៅ​អឺរ៉ុប​នឹង​ត្រូវ​បង្កក​ទុក ហើយ​ក្រុមហ៊ុន​ទាំង ៣ មិន​អាច​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​នៅ​អឺរ៉ុប​បាន​ទៀត​ឡើយ រួម​ទាំង​មិន​អាច​ប្រើ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប។

ក្រុម​មន្រ្តីទូត​អឺរ៉ុប​បាន​គូសបញ្ជាក់​ថា សហភាព​អឺរ៉ុប​បាន​បង្កើត​ប្រតិបត្តិការ​នាវាចរ​មួយ​ឈ្មោះ Irini ដើម្បី​ត្រួតពិនិត្យ និង​តាម​ដាន​ការ​អនុវត្តន៍​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ។ ប្រតិបត្តិការ​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​អឺរ៉ុប​អាច​ចងក្រង​ជា​ឯកសារ​យ៉ាង​ច្រើន​ស្តីពី​ការ​រំលោភ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដោយ​ប្រទេស​តួកគី នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​មន្រ្តីទូត​អឺរ៉ុប​ដដែល។ អឺរ៉ុប​យល់​ថា ទង្វើ​របស់​តួកគី​របៀប​នេះ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ដំណើរការ​នយោបាយ​ដែល​បាន​ផ្តួចផ្តើម​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​លីប៊ី។ ក្រៅ​ពី​ទណ្ឌកម្ម​ដាក់​ដោយ​សហភាព​អឺរ៉ុប​លើ​ក្រុមហ៊ុន​ទាំង ៣ អង្គការសហប្រជាជាតិ​ក៏​អាច​ដាក់​ទណ្ឌកម្ម​ដោយឡែក​របស់​ខ្លួន​ដែរ ព្រោះ​ភស្តុតាង​ស្តីពី​ការ​រំលោភ​របស់​ក្រុមហ៊ុន​ទាំង ៣ ក៏​ត្រូវ​បាន​សហភាព​អឺរ៉ុប​បញ្ជូន​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​ដែរ។

យ៉ាង​ណា​ក៏​ដោយ តួកគី​តាម​រយៈ​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​​បរិហារ​លើ​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប។ "ខណៈ​ដែល​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​មេឌីទែររ៉ាណេខាងកើត សេចក្តីសម្រេច​ខុសបែប​នេះ​ពិត​ជា​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់" នេះ​ជា​ឃ្លា​សរសេរ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​តួកគី។ ទន្ទឹម​គ្នា​នេះ តួកគី​ក៏​បាន​ចោទ​ប្រតិបត្តិការ​នាវាចរ​អឺរ៉ុប Irini ពី​បទ​ជួយ​គាំទ្រ​សេនាប្រមុខ​លីប៊ី​ហាវតារ និង​ដាក់​ទោស​លើ​រដ្ឋាភិបាលបង្រួបបង្រួមជាតិ​លីប៊ី​ដែល​ទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ។ គួរ​រម្លឹក​ថា លីប៊ី​សព្វថ្ងៃ​កំពុង​ហែកហួរ​ដោយ​ជម្លោះ​ផ្ទៃក្នុង​រវាង​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​ដែល​ក្តាប់​អំណាច​នៅ​ក្រុង​ទ្រីប៉ូលី និង​សេនាប្រមុខ​ហាវតារ​ដែល​កំពុង​កាន់កាប់​តំបន់​បែកខាងកើត និង​មួយ​ភាគ​នៅ​តំបន់​ប៉ែកខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ