អានតួអត្ថបទ
បារាំង

បារាំងដំឡើង​សិទ្ធិ​ឈប់​សម្រាក​បិតុភាព ​ពី​១៤ថ្ងៃ​ ដល់​​២៨​ថ្ងៃ

ឪពុកបីកូនតូច ដែលទើបតែកើត​ នៅមន្ទីរសម្ភព ទីក្រុងនីស ភាគខាងត្បូងប្រទេសបារាំង។ ថ្ងៃទី​២៥ មេសា ២០១៤
ឪពុកបីកូនតូច ដែលទើបតែកើត​ នៅមន្ទីរសម្ភព ទីក្រុងនីស ភាគខាងត្បូងប្រទេសបារាំង។ ថ្ងៃទី​២៥ មេសា ២០១៤ © AFP
ដោយ៖ ម៉ម ពិសី
១៥ នាទី

រដ្ឋាភិបាលបារាំង បានសម្រេចធ្វើកំណែទម្រង់ដល់សិទ្ធិឈប់សម្រាកបិតុភាព សម្រាប់ឪពុកដែលត្រូវមើលថែរ​កូន។ ពីមុនឪពុកមានសិទ្ធិឈប់សម្រាកចំនួន១៤ថ្ងៃ តែចាប់ពីខែ​កក្កដា ឆ្នាំ២០២១ ចំនួននេះនឹងឡើងដល់​២៨ថ្ងៃ។ លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានលើកឡើងថា កំណែទម្រង់នេះ គឺជាការឆ្លើយតបទៅនឹងរបត់សង្គម ព្រមទាំងដើម្បីលើកកំពស់​ ភាពស្មើគ្នារវាងបរុសនឹងស្ត្រីផងដែរ។

ផ្សាយពាណិជ្ជកម្ម

ចំនួនថ្ងៃឈប់សម្រាករបស់ឪពុក​ ដើម្បីមើលថែរកូនដែល​ទើបនឹងកើត នឹងត្រូវដំឡើងមួយទ្វេរជា២ ពោលគឺ ពី១៤ថ្ងៃ មក២៨ថ្ងៃ។ ក្នុង២៨ថ្ងៃនេះ គឺមាន​៧ថ្ងៃ ដែលជាកាតព្វកិច្ច ដែលឪពុកត្រូវឈប់សម្រាក ដោយមិនអាចប្រកែកបាន ហើយ​នយោជកត្រូវតែ​អនុញ្ញាត ពុំនោះទេនឹងរងពិន័យជាប្រាក់រហូតដល់​៧៥០០អឺរ៉ូ។ ក្នុងករណី កូនភ្លោះ២ ឬច្រើនជាងនេះ គឺត្រូវបន្ថែម​៧ថ្ងៃទៀត ដូចទៅតាមច្បាប់ចាស់។

វិធានថ្មីនេះ​ ត្រូវបានសម្រេចជាផ្លូវការ ដោយលោកប្រធានាធិបតីម៉ាក្រុង នៅថ្ងៃទី​២៣កញ្ញា ដោយលោកបានចាត់​ទុក​ថា វាជាការបោះជំហានទៅមុខដ៏សំខាន់ ក្នុង​ផ្តល់លទ្ធភាពឲ្យ​ឪពុក មានចំណែកមើកថែរកូន និងជាពិសេសនោះ គឺលើកកំពស់សមភាព រវាងបុរស និងនារី។ វិមានប្រធានាធិបតីបារាំង អះអាងថា ៨០%នៃប្រជាជនបារាំង​ យល់ស្របចំពោះកំណែទម្រង់ថ្មីនេះ។

គួររំលឹកថា នៅអឺរ៉ុប បារាំងធ្លាប់ជាប្រទេសដំបូងគេបង្អស់ កាលពីឆ្នាំ​២០០២ ដែលបាន​បង្កើតឲ្យ​មានសិទ្ធិឈប់សម្រាក​ចំនួន​១១ថ្ងៃ សម្រាប់ឪពុកដើម្បីមើលថែរកូន និងសិទ្ធិឈប់សម្រាក ប្រពន្ធឆ្លងទន្លេ​ចំនួន​៣ថ្ងៃទៀត ដែលសរុបទាំងអស់​១៤ថ្ងៃ។​ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសផ្សេងៗទៀតនៅអឺរ៉ុប​ បានធ្វើដំណើរវិវឌ្ឍន៍លឿនជាងបារាំង ទាក់ទិននឹងសិទ្ធិឈប់សម្រាកបិតុភាពនេះ។

កំណែទម្រង់ថ្មីរបស់បារាំងនេះ​ នឹងចូលជាធរមាន ចាប់ពីខែកក្កដា​ឆ្នាំ២០២១ទៅ។ កំណែទម្រង់នេះ នឹងអនុវត្តជាទូទៅ ទៅលើ​ក្រុមគ្រួសារទាំងអស់​ ទាំង​ឪពុកម្តាយ​មាន​ភេទផ្ទុយគ្នា និង​គ្រួសារអ្នកស្រលាញ់ដូចគ្នា។ គេក៏អាចប្រើសិទ្ធិនេះបាន ក្នុងករណីដែលសុំទារកមកចិញ្ចឹមផងដែរ។

គួរកត់សំគាល់ថា នៅបារាំងជាទូទៅ តួនាទីមើលថែរកូនតូច គឺត្រូវធ្លាក់ទៅលើម្តាយ។ តាមច្បាប់បារាំង ស្ត្រីអាច​​មានសិទ្ធិឈប់សម្រាកមាតុភាពចំនួន១៦សប្តាហ៍។ គណកម្មការ Cyrulnik បានផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលថា ត្រូវបន្ថែម​រយៈពេលឈប់សម្រាក ឲ្យ​ឪពុកបានមើលថែរកូន ចំនួន​យ៉ាងហោច​៩សប្តាហ៍ ក្នុងអំឡុងពេល​ដែល​ទារក មានអាយុ១០០០ថ្ងៃដំបូង។ ពេលវេលា គឺជាកត្តាដ៏សំខាន់បំផុត ដើម្បីឲ្យឪពុក និងម្តាយ អាចកសាងចំណងជាមួយ​នឹងទារក ​បានដូចគ្នា។

សូមបញ្ជាក់ថា សិទ្ធិឈប់សម្រាកបិតុភាពនេះ គឺឪពុកមានសិទ្ធិឈប់ ដោយអាចទទួលបាន​ប្រាក់ខែជាធម្មតា។​​៣ថ្ងៃគឺជាការ​ចំណាយ​ របស់​​ថៅកែ ឬនយោជក ហើយ​២៥ថ្ងៃទៀត គឺជាការចំណាយ​របស់ របបសន្តិុសុខសង្គម នៃរដ្ឋបារាំង។ បើតាមការប៉ាន់ស្មាន របបសន្តិសុខសង្គមបារាំង នឹងគ្រោងចំណាយ​បន្ថែម ប្រមាណ​៥០០លានអឺរ៉ូ សម្រាប់មួយឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ