អានតួអត្ថបទ
សហភាពអឺរ៉ុប-អន្តោប្រវេសន៍

សហភាពអឺរ៉ុបបានបង្ហាញនយោបាយថ្មីស្តីពីអន្តោប្រវេសន៍

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen)
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) AP/Olivier Hoslet/Pool
១៨ នាទី

នៅ​ថ្ងៃ​ពុធ ទី២៣ កញ្ញា សហភាពអឺរ៉ុប​បាន​បង្ហាញ​នយោបាយ​ថ្មី​ស្តីពី​អន្តោប្រវេសន៍​ដែល​នឹង​ចូល​ជំនួស​វិធាន​ឌុយប្លាំង​ដែល​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៣ និង​ដែល​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បាន​ចេញ​មុខ​ការពារ​នយោបាយ​ថ្មី​របស់​អឺរ៉ុប​ស្តីពី​អន្តោប្រវេសន៍​ដោយ​លោកស្រី​យល់​ថា មាន​យុត្តិធម៌ និង​សមហេតុផល​រវាង​ការ​ទទួល​ខុសត្រូវ និង​សាមគ្គីភាព។ តែ​នយោបាយ​អន្តោប្រវេសន៍​ថ្មី​មួយ​នេះ​ក៏​មាន​ការ​រិះគន់​ខ្លាំង​ដែរ ពិសេស​អង្គការ Oxfam បាន​ចោទ​គណៈកម្មការ​អឺរ៉ុប​ពី​បទ​ឱនលំទោន​នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ដែល​ប្រឆាំង​នឹង​អន្តោប្រវេសន៍។

ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចាំ ៥ឆ្នាំ​ក្រោយ​វិបត្តិ​អន្តោប្រវេសន៍​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៥ ទើប​អឺរ៉ុប​មាន​នយោបាយ​ថ្មី​ស្តីពី​អន្តោប្រវេសន៍​ដែល​មាន​ចំណងជើង​ថា « កតិកាសញ្ញា​អឺរ៉ុប​ស្តីពី​អន្តោប្រវេសន៍ និង​សិទ្ធិជ្រកកោន »។ នយោបាយ​ថ្មី​ស្តីពី​អន្តោប្រវេសន៍​នេះ​នឹង​ចូល​ជំនួស​វិធាន​ឌុយប្លាំង​ដែល​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៣ និង​ដែល​មាន​ភាព​ប្រទាញប្រទង់​គ្នា​ខ្លាំង​រវាង​សមាជិក​ទាំង ២៧ប្រទេស។ ជាមួយ​នឹង « កតិកាសញ្ញា​អឺរ៉ុប​ស្តីពី​អន្តោប្រវេសន៍ និង​សិទ្ធិជ្រកកោន » គោលការណ៍​នៃ​ការ​ចែកចាយ​ជនអន្តោប្រវេសន៍​ដោយ​បង្ខំ​រវាង​ប្រទេស​សមាជិក​ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ ២០១៥ នឹង​ត្រូវ​បោះបង់​ចោល។ « កតិកាសញ្ញា​អឺរ៉ុប​ស្តីពី​អន្តោប្រវេសន៍ និង​សិទ្ធិជ្រកកោន » តម្រូវ​ឲ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​នៅ​ព្រំដែនខាងក្រៅ រឹតបន្តឹង​ការ​បញ្ជូន​ជនអន្តោប្រវេសន៍​គ្មាន​ក្រដាសស្នាម​ស្នាក់នៅ​ទៅ​កាន់​ប្រទេស​កំណើត​វិញ និង​ពន្លឿន​នីតិវិធី​សុំសិទ្ធិជ្រកកោន​របស់​ជនអន្តោប្រវេសន៍។

« កតិកាសញ្ញា​អឺរ៉ុប​ស្តីពី​អន្តោប្រវេសន៍ និង​សិទ្ធិជ្រកកោន » ដដែល​នេះ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ប្រទេស​សមាជិក​ទាំង​អស់​ដោយ​ផ្អែក​តាម​ទម្ងន់​សេដ្ឋកិច្ច និង​ចំនួន​ពលរដ្ឋ​របស់​ប្រទេស​សមាជិក​នីមួយៗ នេះ​បើ​តាម​ការ​ពន្យល់​របស់​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃក្នុង​លោកស្រី Ylva Johanssonតែ​លោកស្រី Ylva Johansson បាន​បញ្ជាក់​បន្ថែម​ថា ប្រទេស​សមាជិក​នីមួយ​មាន​ជម្រើស​រវាង​ទទួល​អ្នក​សុំសិទ្ធិជ្រកកោន ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ជូន​ជនអន្តោប្រវេសន៍​ម្នាក់​ទៅ​កាន់​ប្រទេស​កំណើត​វិញ ឬ​មួយ​ក៏​ចូលរួម​ចំណែក​សាងសង់​មជ្ឈមណ្ឌល​ទទួល​ជនអន្តោប្រវេសន៍។ ក្នុង​ករណី​ណា​ដែល​អឺរ៉ុប​ជួប​វិបត្តិ​អន្តោប្រវេសន៍​ដូច​ឆ្នាំ ២០១៥ រដ្ឋ​សមាជិក​មួយ​ត្រូវ​ទទួល​បន្ទុក​ការ​ផ្លាស់ទីលំនៅ​របស់​ក្រុម​ជនភៀសខ្លួន ឬ​ក៏​បញ្ជូន​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

តែ​បើ​ការ​បញ្ជូន​នេះ​ជួប​បរាជ័យ​ក្នុង​រយៈពេល ៨ខែ រដ្ឋ​សមាជិក​នោះ​នឹង​ត្រូវ​ទទួល​ពួក​គេ​ឲ្យ​ស្នាក់នៅ។ តែ​មិន​ទាន់​អី​ផង នយោបាយ​អឺរ៉ុប​ថ្មី​ស្តីពី​អន្តោប្រវេសន៍​បាន​ទទួល​រង​ការ​រិះគន់​ស្រេច​ទៅ​ហើយ។ « គណៈកម្មការ​អឺរ៉ុប​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ទាំង​អស់​គ្នា​ដោយ​គ្មាន​មេកើយ គ្មាន​រចនាសម្ព័ន្ធ និង​គ្មាន​ក្របខ័ណ្ឌ »នេះ​ជា​ការ​បញ្ជាក់​របស់​លោក Yves Pascouau អ្នក​ជំនាញ​អន្តោប្រវេសន៍។ « គឺ​ជា​កុងសង់ស៊ុស​រវាង​ការ​ខ្វះ​សេចក្តីក្លាហាន និង​ការ​ស្អប់ជនបរទេស »នេះ​ជា​ការ​តិះដៀល​របស់​អ្នកស្រាវជ្រាវ​បែលហ្សិក​លោក François Gemenne។ ចំណែក​អង្គការ​ក្រៅ​រដ្ឋាភិបាល Oxfamបាន​ចោទ​គណៈកម្មការ​អឺរ៉ុប​ពី​បទ​ឱនលំទោន​នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ដែល​ប្រឆាំង​អន្តោប្រវេសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ