អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ ស្ថានភាព​ឆ្លងកូវីដ​១៩ បង្ក​ការព្រួយ​បារម្ភ​ខ្លាំង រដ្ឋាភិបាល​​សម្រេច​​បិទ​​សកម្មភាព​​ខ្លះ ដោយ​តំបន់

សំឡេង ០៨:៥៧
មនុស្សពាក់ម៉ាស ដើរនៅទីលាន ត្រូកាដេរ៉ូ ក្បែរតួអេហ្វែល ទីក្រុងប៉ារីស ថ្ងៃទី​២៣ កញ្ញា ២០២០​
មនុស្សពាក់ម៉ាស ដើរនៅទីលាន ត្រូកាដេរ៉ូ ក្បែរតួអេហ្វែល ទីក្រុងប៉ារីស ថ្ងៃទី​២៣ កញ្ញា ២០២០​ REUTERS - CHARLES PLATIAU
ដោយ៖ ម៉ម ពិសី
៤២ នាទី

នៅបារាំង ស្ថានភាពឆ្លងរាលដាលនូវជំងឺ​កូវីដ១៩ បាន​កើនសន្ទុះយ៉ាងខ្លាំង ដែលធ្វើឲ្យ​អាជ្ញាធរសុខាភិបាល​ប្រទេសនេះ មាន​ការព្រួយបារម្ភ។ កាលពីយប់ថ្ងៃពុធទី ២៣កញ្ញា​ លោកអូលីវីយេ វ៉េរ៉ង់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​​​បារាំង បាន​ធ្វើសន្និសីទកាសែត ដើម្បីប្រកាស​ ពីវិធានការរិតបន្តឹង ថ្មីបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ១៩​។ ទីក្រុង និងតំបន់មួយចំនួន របស់បារាំង ត្រូវបាន​ចាត់ទុកជាតំបន់​ប្រកាសអាសន្នខ្ពស់បំផុត ហើយដែលរដ្ឋាភិបាល​បារាំង បានសម្រេច​បិទទាំងស្រុង នូវសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដូចជាភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងទទួលអតិថិជនច្រើននាក់។

ផ្សាយពាណិជ្ជកម្ម

យោងតាមប្រសាសន៍ លោកអូលីវីយ៉េ វ៉េរ៉ង់ រដ្ឋមន្ត្រីសុខាភិបាលបារាំង កាលពីយប់ថ្ងៃទី​២៣កញ្ញា​ គឺ​ស្ថានការណ៍ឆ្លងរាល​ដាលកូវីដ១៩ បានខិតកៀកនឹងចំណុចគ្រោះថា្នក់​ កាន់តែខ្លាំងឡើងៗ។ មានកត្តាចំនួន​៣ធំៗ ដែលអាជ្ញាធរ​សុខាភិបាលបារាំង យកមកពិចារណា វិភាគអំពីស្ថានការណ៍នេះ។ ទីមួយ គឺកម្រិតនៃការឆ្លងរាលដាល ពោលគឺចំនួនអ្នកឆ្លងថ្មីដែលចេះតែកើនឡើងខ្លាំង ទី២គឺចំនួនមនុស្សចាស់វ័យចាប់ពី​៦៥ឆ្នាំឡើងទៅ ដែលឆ្លងមេរោគនេះបន្ថែមទៀត ព្រោះពួកគាត់សុទ្ធតែជាអ្នកប្រឈមខ្លាំង នឹងគ្រោះថ្នាក់ស្លាប់បាត់បងជីវិត ហើយកត្តាទី៣ គឺចំនួន​នៃអ្នកជំងឺកូវីដ១៩ ដែលកំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់ ត្រូវការម៉ាស៊ីនជំនួយការ​ដក​ដង្ហើម។ កត្តាចុងក្រោយនេះ គឺវាអាស្រ័យទៅលើលទ្ធភាព​របស់ប្រព័ន្ធមន្ទីរពេទ្យបារាំង​ ទូទាំងប្រទេស ថាអាចរ៉ាប់ទទួលអ្នកជំងឺសង្រ្គោះបន្ទាន់ធ្ងន់បែបនេះ បានប៉ុន្មាននាក់ទៀត។ ក្នុងករណីដែលចាល់ខ្លាំង ជួយមិនទាន់ មានន័យថាវាគឺជាគ្រោះថ្នាក់ធំណាស់។

ឆ្លងថ្មីបន្ថែម ១៣០៧២នាក់ ក្នុង២៤ម៉ោងចុងក្រោយ

បើនិយាយពីកម្រិតនៃការឆ្លងរាលដាល លោករដ្ឋមន្ត្រីសុខាភិបាលបារាំង បានលើកឡើងថា វាមានកម្រិតនៅតែខ្ពស់ ប្រមាណ​ ១.០៥ ដែលមានន័យថា មនុស្សមានកូវីដ១៩ចំនួន​១០០នាក់ អាចចម្លងទៅ​អ្នកផ្សេង បានប្រហែល​ខ្ទង់ ១០៥នាក់ជាមធ្យម។ ប្រមាណ​មួយសប្តាហ៍មកហើយ ដែលចំនួនអ្នកឆ្លងថ្មីទូទាំងប្រទេសបារាំង មានលើស១ម៉ឺននាក់ ជារៀងរាល់ថ្ងៃ។ ២៤ម៉ោងចុងក្រោយ គិតត្រឹមម៉ោង២រសៀល ថ្ងៃទី​២៣កញ្ញា​ គឺមានអ្នកឆ្លង​ថ្មី ចំនួន​១៣០៧២នាក់។

កម្រិតនៃលទ្ធផលធ្វើតេស្ត ដែល​ឃើញថាវិជ្ជមាន មានកូវីដ១៩ គឺបានកើនឡើង ៦% ក្នុងរវាងមួយសប្តាហ៍ចុងក្រោយ។ ហើយចំនួន​អ្នកជំងឺកូវីដ១៩ ដែលត្រូវទទួលការសង្រ្គោះបន្ទាន់ ដាក់ម៉ាស៊ីនជួយដកដង្ហើមនោះ គឺបាន​កើនឡើង១៩% ជាមធ្យម នៅទូទាំងប្រទេស​។ ជាក់ស្តែង នៅទីក្រុងប៉ារីសផ្ទាល់តែម្តង ចំនួន​អ្នកជំងឺកូវីដ១៩​ដែល​ត្រូវស្ថិតក្នុងការសង្រ្គោះបន្ទាន់ បានកើនឡើងមួយគុណជា២ ពោលគឺ ពី៤៦០នាក់ មកប្រមាណ​១០០០នាក់ ក្នុងពេលតែមួយអាទិត្យ។ ដូច្នេះបើកើនឡើងលឿនយ៉ាងដូច្នេះ អ្នកជំនាញប៉ាន់ស្មានថា នៅរវាងថ្ងៃទី១១ វិច្ឆិកា​ សមត្ថភាព​ទទួលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យទាំងអស់នៅប៉ារីស និងឡើងចាល់ដល់ ៨៥%។

គឺកត្តាគួបផ្សំទាំងអស់នេះហើយ ដែលធ្វើឲ្យ​រដ្ឋាភិបាលបារាំង ចាត់វិធានការរិតបន្តឹងបន្ថែម។ លោកអូលីវីយេ វ៉េរ៉ង់ បាននិយាយអំពាវនាវ យ៉ាងម៉ឺងម៉ាត់បំផុត សុំឲ្យ​ប្រជាជនបារាំងទាំងអស់ ត្រូវ​តែកាត់បន្ថយការជួបជុំគ្នា មិនថាក្នុងចំណោមមិត្តភ័ក្ត ឬក្រុមគ្រួសារទេ ដើម្បីកាត់ផ្តាច់បណ្តាញនៃការចម្លងរាលដាល។

ដេប៉ាតឺម៉ង់ចំនួន​៦៩ ស្ថិតក្នុងការប្រកាសអាសន្ន

ក្នុងចំណោមតំបន់ ឬស្រុកទាំងអស់១០១ ដែលភាសារដ្ឋបាលបារាំង គេហៅថា Département នោះ គឺមាន ៦៩ដេប៉ាតឺម៉ង់ ដែលអាជ្ញាធរសុខាភិបាលបារាំង បានចាត់ទុកថាស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន។ ក្នុងចំណោមដេប៉ាតឺម៉ង់ ដែល​មានស្ថានភាព​អាសន្ននេះ គេបានបែងចែក ជា៣ក្រុមទៀត ដោយផ្អែកលើកកម្រិតធ្ងន់ធ្ងរ។​ ទីមួយតំបន់អាសន្នដែលត្រូវតាមដាន ទី២តំបន់អាសន្នដែលត្រូវប្រុងប្រយ័ត្នខ្ពស់ និងទី៣គឺតំបន់អាសន្ន​ខ្ពស់បំផុត។

ដេប៉ាតឺម៉ង់ ដែលជាតំបន់​ប្រកាសអាសន្នខ្ពស់បំផុត មាន២ គឺតំបន់ Aix-Marseille និងតំបន់Guadeloupe ដែលជាដែនដីបារាំងឯនាយសមុទ្រ។ តំបន់ទាំង២នេះ​ ល្បឿននៃការឆ្លងរាលដាល បានឡើងខ្លាំងណាស់ ហើយចំនួន​អ្នកជម្ងឺកូវីដ១៩ ដែលធ្ងន់ធ្ងរខ្លាំងក៏បានកើនឡើង ធ្វើឲ្យលទ្ធភាពទទួលអ្នកអ្នកជម្ងឺ នៅតាមមន្ទីរពេទ្យ កាន់តែរួញខើចខ្លាំងឡើងៗ។

វិធានាការថ្មីរបស់រដ្ឋាភិបា​ល​ នៅតំបន់ប្រកាសអាសន្នខ្ពស់បំផុត ទាំង២នេះ គឺ បិទទាំងស្រុងតែម្តង នូវទីតាំងមួយចំនួន ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន ជាដើម ចាប់ពីថ្ងៃសៅរ៍ទី២៦កញ្ញាទៅ។ ទីតាំងដែលបើកទ្វារទទួលមនុស្សចូលច្រើន ក៏ត្រូវតែបិទ លើក​លែងតែ​មាន​ វិធានការសុខាភិបាល​តឹងរឹងបំផុត។ ទីតាំងសិល្បៈវប្បធម៌ ដូចជារោងល្ខោន រោងភាពយន្ត សារៈមន្ទីរជាដើម អាចបន្តដំណើរការបាន តែត្រូវតែមាន​វិធានការអនាម័យ តឹងតែងបំផុត។

ទីក្រុងលីយ៉ុង ទីក្រុងប៉ារីស ទីក្រុងបរដូ ទីក្រុងទូលូស ទីក្រុងនីស ជាដើម ទាំងអស់នេះគឺសុទ្ធតែស្ថិតក្នុង​តំបន់​ប្រកាសអាសន្ន​កម្រិតទី២ ដែលត្រូវប្រុងប្រយ័ត្នបំផុត។ នៅតាមតំបន់ទាំងនេះ ចាប់ពីថ្ងៃសៅរ៍ទី​២៦កញ្ញាទៅ​ គឺ៖

- ភោជនីយដ្ឋាន បារ ហាងកាហ្វេ នឹងត្រូវបិទទ្វារនៅម៉ោង១០យប់

- កម្មវិធីធំៗ ដែលមានមនុស្សចូលរួមលើសពី១០០០នាក់ទៅ ត្រូវហាមឃាត់

- ហាមឃាត់រាល់កម្មវិធីជួបជុំទាំងអស់​ ដូចជាពិធីបុណ្យ តាមភូមិ តាមស្រុក ឬកម្មវិធីជប់លៀងរបស់ក្រុមនិស្សិតជាដើម

- នៅទីតាំងសាធារណៈ ដូចជាសួនឧទ្យាន ឬឆ្នេរខ្សាច់មាត់សមុទ្រ គឺហាម​មិនឲ្យជួបជុំគ្នា លើសពី​១០នាក់

- ទីតាំងក្លឹបហាត់ប្រាណ ក្លឹបលេងកីឡា និងទីតាំង​ជួបជុំមនុស្ស​ ក្នុងនាមសកម្មភាពរបស់សមាគមជាដើម គឺត្រូវហាមឃាត់ទាំងស្រុង

ទាក់ទិននឹង​កម្មវិធីជួបជុំសំខាន់ៗមួយចំនួនដែលមិនអាចខានបាន ដូចជាពិធីមង្គលការ បុណ្យសព ឬបុណ្យ​សាសនា គឺអាចធ្វើបានតែមិនត្រូវឲ្យ​ មានមនុស្សចូលរួម​ លើសពី៣០នាក់ទេ នៅទូទាំង​ដេប៉ាតឺម៉ង់ ទាំង៦៩ ដែលស្ថិតក្នុងការប្រកាសអាសន្ន។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានសង្កត់ធ្ងន់ថា ប្រជាជនគ្រប់រូប ត្រូវតែមានការទទួលខុសត្រូវរៀងៗខ្លួន ចូលរួម ធ្វើយ៉ាងណា អនុវត្ត​វិធានការបង្ការទាំងអស់ មិនថាការរក្សាចំងាយពីគ្នា ការពាក់ម៉ាស ការលាងសំអាតដៃឲ្យញឹកញាប់ និងជាពិសេសនោះ ត្រូវតែកាត់បន្ថយការជួបជុំគ្នាជាក្រុមៗ។

វិធានការ​ធ្វើបាបម្ចាស់អាជីកម្ម ដែលត្រូវតែបង្ខំចិត្ត​ធ្វើ​

វិធានការរិតបន្តឹងបន្ថែម​ ប្រៀបដូចជាការ​​វាយបំបែកឆ្នាំងបាយ របស់អាជីវករ ម្ចាស់ទីតាំងមួយចំនួនដូច្នោះឯង។ នៅក្រុងម៉ាកសី ដែលរងនូវការបិទទាំងស្រុងនេះ គឺមានការតវ៉ាខ្លាំងណាស់។ អាជ្ញាធរមូលដ្ឋាន សាលាក្រុងម៉ាកសី ផ្ទាល់តែម្តង បានរិះគន់​រដ្ឋាភិបាល​បារាំង ថាចេញវិធានការធ្វើបាបសេដ្ឋកិច្ចទីក្រុងនេះ ខណៈដែលតួលេខ​ជាក់ស្តែង នៃការឆ្លងរាលដាល បាន​ប្រសើរបន្តិចឡើងវិញទៅហើយ ប៉ុន្មានថ្ងៃចុងក្រោយនេះ។ សាលាក្រុងម៉ាកសី ក៏បានរិះគន់​រដ្ឋាភិបាលដែរ ថាចេញវិធានការដោយអត្តនោម័ត មិនពិគ្រោះយោបល់ មិនឲ្យដំណឹងមុន​ទាល់តែសោះ។

ចំណែកនៅទីក្រុងធំៗផ្សេងទៀត ភោជនីយដ្ឋាន បារ ហាងកាហ្វេ បានរអ៊ូថា ឲ្យគ្នាបិទនៅម៉ោង១០យប់ គឺវានឹង​​ធ្វើឲ្យ​គ្នាខាតបង់ច្រើន ពោលគឺប្រមាណ​ជា​១ភាគ៣ នៃប្រាក់ចំណូល។ អ្នកខ្លះលើកឡើងថា ភ្ញៀវក្មេងៗ ដែលមកផឹកស៊ី ពេលចេញពីបារទៅ​នៅម៉ោង១០យប់ ប្រាកដជាបន្តទៅជួបជុំគ្នានៅតាមផ្ទះ ឬតាមទីតាំងសាធារណៈផ្សេងៗ ដែលវារិតតែបង្កើនលទ្ធភាពឆ្លងរាលដាលដដែល ជាដដែល។ ចំពោះក្លឹបកីឡា ក្លឹបហាត់ប្រាណវិញ វិធាន​ការថ្មីហាមឃាត់ ពួកគេមិនឲ្យដំណើរការទាំងស្រុងនេះ គឺវាដូចជាការដាក់ទោសខ្លាំង មកលើពួកគេ ខណៈដែលពួកគេអះអះអាងថា កន្លងមកគេ​ព្យាយាមអនុវត្តខ្ជាប់ខ្ជួនណាស់ នូវវិធានការអនាម័យ។ ដំណើរការសេដ្ឋកិច្ចទើបតែងើបឡើងវិញបានបន្តិច ឥឡូវត្រូវបិទទៅវិញ។ មានទីតាំងជាច្រើន ដែលប្រឈមនឹងការបិទទ្វារ បញ្ឈប់​បុគ្គលិកចោល​។

តែយ៉ាងណាក៏ដោយ យើងត្រូវតែទទួលស្គាល់ដែរថា រដ្ឋាភិបាលបារាំងធ្វើនេះ គឺដើម្បី​ការពារ​ កុំឲ្យ​វាដល់ថ្នាក់ទប់លែងឈ្នះ ឈានទៅបិទប្រទេសទាំងស្រុងតែម្តង ដូចកាលពី​ខែ​មីនា ខែមេសា។ ដូច្នេះ វាជារឿងដែលគួរអធ្យាស្រ័យដែរ ដែល​ត្រូវមានវិស័យខ្លះ មុខរបរខ្លះ នៅ​តំបន់ខ្លះ ត្រូវតែធ្វើពលីកម្ម ខាតបង់ ដើម្បីការពារ​ប្រយោជន៍រួមទាំងមូល និងការពារអាយុជីវិតប្រជាជនជាទូទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ