អានតួអត្ថបទ
បារាំង-ភេរវកម្ម

អំពើវាយប្រហារដោយកាំបិត កណ្តាល​​​ក្រុង​​បារីស​​ក្បែរ​អតីត​ស្នាក់ការ​កាសែត​​ឆាលី​​ របួស​​​ធ្ងន់​​៤នាក់

សមត្ថកិច្ចនគរបាលបារាំង កំពុងឡោមព័ទ្ធ អមជាមួយនឹងក្រុមសង្រ្គោះ នៅកន្លែង​កើតហេតុ វាយប្រហារដោយកាំបិត ក្នុងសង្កាត់ទី​១១ ក្រុងប៉ារីស ថ្ងៃទី​២៥កញ្ញា ២០២០។
សមត្ថកិច្ចនគរបាលបារាំង កំពុងឡោមព័ទ្ធ អមជាមួយនឹងក្រុមសង្រ្គោះ នៅកន្លែង​កើតហេតុ វាយប្រហារដោយកាំបិត ក្នុងសង្កាត់ទី​១១ ក្រុងប៉ារីស ថ្ងៃទី​២៥កញ្ញា ២០២០។ AFP - ALAIN JOCARD
ដោយ៖ ម៉ម ពិសី
១៧ នាទី

ហេតុការណ៍វាយប្រហារ ដោយយកកាំបិតចាក់ បាន​កើតឡើងនៅកណ្តាលទីក្រុងបារីស នៅ​វេលាថ្ងៃត្រង់ ថ្ងៃសុក្រ​ទី​២៥កញ្ញា ដោយបានបង្កឲ្យ​មនុស្សរបួសធ្ងន់៤នាក់។ ជនសង្ស័យ​២នាក់ ត្រូវបានសមត្ថកិច្ចបារាំង ចាប់ខ្លួនបាន។ ទីតាំងកន្លែងកើតហេតុ គឺ​ស្ថិតនៅ​ក្បែរអតីតទីស្នាក់ការកាសែត​ឆាលីអេបដូ ដែលធ្លាប់រងអំពើភេរវកម្ម​បាញ់រះ កាលពី៥ឆ្នាំមុន។​ សមត្ថកិច្ច​បារាំង បានដាក់ការសង្ស័យខ្ពស់ ថា​អំពើវាយប្រហារដោយកំាំបិតលើកនេះ គឺអាចជាអំពើែភេរវកម្ម របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយមណាមួយ។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍វាយប្រហារចាក់ដោយកាំបិត បានកើតឡើង នៅក្នុងសង្កាត់ទី​១១ កណ្តាលក្រុងប៉ារីស នៅមិនឆ្ងាយប៉ុន្មានពីអតីតទីស្នាក់ការកាសែត ឆាលីអេបដូ (Charlie Hebdo)។ ថ្ងៃទី​២៥កញ្ញា វេលាម៉ោង១១ និង៤៥នាទី ជនដៃដល់​ម្នាក់ បានមកដល់កន្លែងកើតហេតុ ហើយ​បានដកកាំបិត ចាក់មនុស្ស​២នាក់ ដែលកំពុងតែឈរជក់បារី នៅ​លើចិញ្ចើមថ្នល់ មុននឹង​បន្ត រត់ដេញ​ចាក់មនុស្ស​ថែម​២នាក់​ទៀត។

ក្នុងចំណោម​ជនរងគ្រោះទាំង៤នាក់ មាន​២នាក់ គឺជាអ្នកកាសែត ​បុគ្គលិកនៃក្រុមហ៊ុនផលិត​ភាពយន្តឯកសារ Première Linges TV Films។ ជនរងគ្រោះទាំង២នាក់នេះ ក៏ធ្លាប់ជាអ្នកដែលបាន​ចូលទៅដល់កន្លែងកើតហេតុភេរវកម្មបាញ់រះ នៅទីស្នាក់ការកាសែតឆាលីអេបដូមុនគេ កាលពី៥ឆ្នាំមុន ដោយ​សារតែទីតាំងកន្លែងធ្វើការ ស្ថិតនៅក្បែរគ្នា។ យោងតាម​ព័ត៌មានចុងក្រោយ នៅល្ងាចថ្ងៃសុក្រ គឺជនរងគ្រោះទាំងអស់ ត្រូវបានសង្រ្គោះ រួច​ផុតពីគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត។

ប៉ុន្មានម៉ោង ក្រោយហេតុការណ៍នេះ អយ្យការ​​ជាតិទទួលបន្ទុកអំពើភេរវកម្ម បាន​រៀបចំសំណុំ​រឿង ដើម្បីបើកការស៊ើបអង្កេត។ ជនសង្ស័យ​២នាក់ ត្រូវបាន​គេចាប់ខ្លួន​ នៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ ម្នាក់អាយុ១៨ឆ្នាំ មានដើមកំណើតប៉ាគីស្ថាន និងម្នាក់ទៀតអាយុ៣៣ឆ្នាំ។ សមត្ថកិច្ចបាន​ចាត់ទុក​ ជនសង្ស័យម្នាក់ ថាជាជនដៃដល់សំខាន់ ព្រោះជននោះមានឈាមប្រឡាក់ជាប់ខ្លួន និងបាន​សារភាព​ភ្លាមៗផងដែរ នៅពេល​នគរបាល​ឃាត់ខ្លួន។

គួរកត់សំគាល់ថា ហេតុការណ៍នេះ បានកើតឡើងក្នុង​អំឡុងពេលដែរតុលាការក្រុងបារីស កំពុងបើកសវនាការ កាត់ទោសជនជាប់ចោទ ដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម កាលពីខែមករាឆ្នាំ២០១៥​។ នៅថ្ងៃបើកចាប់ផ្តើមសវនការនេះ កាសែតឆាលីអេបដូ បាន​បោះផ្សាយ​រូបត្លុកព្រះអាឡា ដើម្បីបង្ហាញថា សិទ្ធិសេរីភាព​សារព័ត៌មាន មិនចុះញ៉មនឹងការគំរាម របស់​ក្រុមភេរវកម្មជ្រុលនិយមឡើយ។ ប៉ុន្មានថ្ងៃក្រោយមក លោកស្រី Marika Bret នាយកផ្នែក​ធនធានមនុស្សនៃកាសែតឆាលីអេបដូ ត្រូវបាន​គេជន្លៀសចេញពីផ្ទះ បន្ទាប់ពីមានដំណឹង​ ថាអាចរងនូវការវាយប្រហារណាមួយ ពីក្រុមភេរវកម្ម។

សូម​បញ្ជាក់ដែរ​ថា ហេតុការណ៍វាយប្រហារ នៅក្បែរអតីតស្នាក់ការកាសែតឆាលីអេបដូ នៅកណ្តាលក្រុងប៉ារីស នា​ពេលនេះ គឺធ្វើឲ្យ​គេនឹងឃើញទៅដល់ ករណីភេរវកម្មផ្ទួនៗ ដែលបារាំងបានរងគ្រោះ ក្នុងឆ្នាំ​២០១៥ ហើយ​ដែលបានបណ្តាលឲ្យស្លាប់​មនុស្សចំនួន ២៥៨នាក់។ លោក នាយករដ្ឋមន្ត្រីបារាំង  Jean Castex ដែលបានទៅដល់កន្លែងកើតហេតុ នៅថ្ងៃសុក្រទី​២៥កញ្ញា បានថ្លែងថា លោក​សន្យាធានា ប្រើគ្រប់មធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅលើទឹកដីបារាំង ព្រមទាំងការពារសិទ្ធិសេរីភាពបញ្ចេញមតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ