អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​វាយប្រហារ​ដោយ​កាំបិតនៅ​ប៉ារីស ៖ ជនដៃដល់​ថា​ខឹង​កាសែត​គូរ​រូប​ថ្លុកព្រះមហាមេដ

សំឡេង ០៧:២៤
ក្រុមជំនាញ​កំពុង​ចាប់​វិភាគ​កន្លែង​រង​ការ​វាយប្រហារ ដោយ​កាំបិត ថ្ងៃទី ២៥​កញ្ញា ២០២០
ក្រុមជំនាញ​កំពុង​ចាប់​វិភាគ​កន្លែង​រង​ការ​វាយប្រហារ ដោយ​កាំបិត ថ្ងៃទី ២៥​កញ្ញា ២០២០ REUTERS/Gonzalo Fuentes
ដោយ៖ អៀង សុខម៉ិញ
៣៤ នាទី

​នៅ​ថ្ងៃ​សុក្រ​ទី ២៥​កញ្ញា​ម្សិលមិញ មាន​កា​រវាយប្រហារ​ដោយ​ប្រើ​កាំបិតតាំង​តោ​កាប់​មនុស្ស​ នៅ​កណ្តាល​ទីក្រុង​ប៉ារីស ដែល​បង្ក​ឱ្យ​មនុស្ស​ពីរ​នាក់ ជា​អ្នក​កាសែត​ រង​របួស។ ជនដៃដល់​ជាប់​សង្ស័យ​ចំបង​គេ មាន​អាយុ​ទើប​តែ​១៨​ឆ្នាំ កើត​នៅ​ប៉ាគីស្ថាន។ ជន​ជាប់​សង្ស័យ​៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ។ ២៤ម៉ោង​ក្រោយហេតុការណ៍​ តើ​​ការ​អង្កេត​បានជឿន​លឿន​ទៅ មុខ​យ៉ាងណា ?

ផ្សាយពាណិជ្ជកម្ម

ជន​ដៃដល់​ជាប់​សង្ស័យដ៏​​ចំបង​បំផុត ត្រូវ​ចាប់​ខ្លួន​បាន​ភ្លាមដោយ​សម្រួល​ ​តែ​ប៉ុន្មាន​នាទី​ក្រោយ​ហេតុការណ៍ ​ និង​នៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។

កើត​នៅ​​ក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន ​ ​​ថ្ងៃ​ទី ១០​សីហា ២០០២  (បើ​តាមសំបុត្រកំណើត) អាលី ​បាន​មក​ដល់​ប្រទេស​បារាំង កាលពី​ខែ​សីហា ២០១៨ ក្នុង​នាម​ជា​ក្មេង​អន្តោប្រវេសន៍​ គ្មាន​ម៉ែឪ ដែល​អាជ្ញាធរ​បារាំង​បាន​ជួយ​សង្គ្រោះ និង​ដាក់​ឱ្យ​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​ភ្នាក់ងារ​សង្គ្រោះ​កុមារ នៅ​តំបន់​ជាយ​ក្រុង​ប៉ារីស។ តែ​ដំណើរ​ដើម​ទង​នៃ​ការ​រត់​ចេញ​ពី​ប៉ាគីស្ថាន​មក​ មិនទាន់​ត្រូវ​បាន​វិភាគ​លម្អិត​ទេ និង​គ្មានការ​វិភាគ​ផ្ទៀង​ផ្ទាត់​អាយុ​ទេ​ (​​មុខ​ចាស់​ជាង​អាយុ)។ បន្ទាប់​ពី​បាន​​ចេញ​ពី​មណ្ឌល​គ្រប់គ្រង​កុមារ​ជា​ផ្លូវ​ការ​នៅ​ពេល​ក្លាយ​ជាមនុស្ស​ពេញវ័យ​ (១៨ឆ្នាំ) គេ​បាន​បញ្ជូន​អាលី​ឱ្យ​នៅ​ផ្ទះ​សំណាក់​សង្គម​ នៅGergy ​ជាយទីក្រុង​ប៉ារីស​ តែ​អាលី​បានក្លាយ​ជា​ជន​ត្រាច់​ចរ ​ ទៅ​រស់​នៅមួយកន្លែង​ទៀត​ក្នុង​ផ្ទះ​តូច​ ​ចែក​គ្រែ​ជាមួយ​ពលរដ្ឋ​ប៉ាគីស្ថាន​ជាង​១០នាក់ផ្សេង​ទៀត។

គ្មាន​និន្នាការ​ជា​ជន​ផ្តាច់​ខ្លួន​និយម

ក្នុង​ពេល​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​សង្គម គេ​ពុំ​សង្កេត​ឃើញ​សញ្ញា​ឬនិន្នាការ​ផ្តាច់​ខ្លួនបែប​ជ្រុល​និយម​អ៊ីស្លាម​ទេ។ ឈ្មោះ​ជនដៃដល់​នេះ ក៏​ពុំ​មាន​ក្នុង​បញ្ជី​ភ្នាក់ងារ​សន្តិសុខ​ជាតិប្រយុទ្ធ​ប្រឆាំង​នឹង​ភេវកម្មទេ។ ភ្នាក់ងារ​ចារកិច្ច​ក៏​ពុំ​ដែល​ធ្លាប់​ឮ​និយាយ​អំពី​ជនជាប់​សង្ស័យរូប​នេះ​ដែរ​ពី​មុនមកដែរ។ ​ប៉ុន្តែ​កាលពី​ខែ​មិថុនា​២០២០​កន្លង​ទៅ​ថ្មី​ៗ​នេះ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ភ្នាក់ងារ​ប៉ូលិស ធ្លាប់​​បាន​ចាប់​អាលី​ ពី​បទ​មាន​កាន់​អាវុធ​ដែល​អាច​បង្ក​​គ្រោះថ្នាក់​ (តួនឺវីស) តែ​ព្រលែង​ទៅ​វិញ​ដោយ​មិន​ទាន់​គ្រប់អាយុ។

ខឹង ​Charlie Hebdo

ការ​ឆែក​ឆេរ​នៅ​ទីស្នាក់​ទាំង​ពីរ​កន្លែង​របស់​អាលី មិន​ទាន់អាច​​អនុញ្ញាត​ឱ្យ​គេ​កំណត់​បាន​នៅ​ឡើយ​ទេ​សម្រាប់​ពេល​នេះ ថា​អាលី​មាន​ចំណង​ជាមួយក្រុម​ជីហាត​ ឬ ជំនឿ​សាសនា មនោគមវិជ្ជា​ណា​មួយ​ជាពិសេស​ទេ។​ ក្រុម​អង្កេត​បាន​រឹប​អូស​ទូរស័ព្ទ​ដៃ​យក​ទៅ វិភាគ។ អ្នកអង្កេត​កំពុង​ផ្ចង់​ទិស​តាមដាន​លើ​លក្ខណៈ​បុគ្គល​ លង់​តាម​បរិបទ​នយោបាយ​និង​ព័ត៌មានច្រើន​ជាង​ មាន​ជាអាទិ៍​ទំនោរ​លង់​ទៅ​តាម​ការ​អូសទាញ​របស់​អាល់កៃដានៅ​ឧបទ្វីប​អារ៉ាប​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ១១​កញ្ញា និង​ចរន្ត​បាតុកម្ម​នៅ ប៉ាគីស្ថាន​ ​ បន្ទាប់​ពី​កាសែត​ឆាលីអេបដូ បាន​គូស​រូប​ថ្លុក​ព្រះ​អាឡា​នៅ​ទំព័រ​មុខ​ជា​ថ្មី​កាលពី​ដើម​ខែ។

បើ​តាម​ប្រភព​អង្កេត​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ អាលី​បានទទួល​ស្គាល់​ថា​​ទង្វើ​​វាយប្រហារ​របស់​ខ្លួន ជា​ប្រតិកម្ម​តប​ទៅ​នឹង​រូប​ថ្លុក ព្រះអាឡា ​របស់​កាសែត​ឆាលី​អេបដូ​ កាលពី​ថ្ងៃទី ២ កញ្ញា។ ជា​ទង្វើ​ដោយ​ចេតនា​ គិត​ប៉ង​ទុក​ បង្កប់អត្ថន័យ​នយោបាយ តែ​រឿង​បុព្វហេតុ​សាសនា​ គេ​ត្រូវ​ការ​​អង្កេត​ស៊ីជម្រៅ​បន្ថែម​ទៀត។

ចាប់ខ្លួនជនជាប់​សង្ស័យ​​​​៧​នាក់

រហូត​មក​ទល់​នឹង​ពេល​នេះ អាលី​បាន​អះអាង​ថា​​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​ទេ។ ម្សិលមិញ ក្រោយហេតុការណ៍​​ភ្លាម នគរបាល​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត អាយុ​៣៣​ឆ្នាំ កើត​នៅ​​អាល់ហ្សេរី នៅ​កៀកកន្លែង​កើត​ហេតុ​តែ​ម្តង។ ជន​នេះ​​បាន​ជួប​និយាយ​ជាមួយ​ជនសង្ស័យ​ប៉ាគីស្ថាន​​នៅ​ក្នុង​យាន​ជំនិះ​សាធារណៈ។ តែ​​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ទៅ​វិញ​ ដោយ​ក្រោយ​ការ​សាកសួរ​​ដឹហថា​គាត់​ជា​សាក្សី​ ដេញ​តាម​ជនដៃដល់ និ​ង​បាន​សាកល្បង​ចាប់​ជនដៃដល់​ទេ។ នេះ​បើតាម​មេធាវី​របស់​គាត់។

ក្រៅ​ពី​នេះ​ នៅ​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​៦​នាក់​ផ្សេង​ទៀត។ ៥​នាក់ (កើត​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៨៣-១៩៩៦)​ ជា​ជន​ដែល​រស់​នៅក្នុង​ផ្ទះ​ជាមួយ​អាលី និង​ម្នាក់​ទៀត​ជាអតីត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​បន្ទាប់​ជាមួយ​ក្នុង​ផ្ទះសំណាក់សង្គម។

បរិបទភេរវកម្ម

​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ភេរវកម្ម​បារាំង បាន​ក្តាប់​សំណុំ​រឿង​និង​ប្រកាស​បើក​អង្កេត​ ពី​បទ​ភេរវកម្ម​ភ្លាម ព្រោះ​មាន​ហេតុ​ផល​បី​យ៉ាង ៖

ទីមួយ ទីកន្លែង​នៃ​ការ​វាយប្រហារ​ ស្ថិត​នៅចំពី​មុខ​ទីស្នាក់ការ​កាសែត​ឆាលីអេបដូ ដែល​រង​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ឆ្នាំ​២០១៥។ ចំណែក​ជន​រងគ្រោះ​ទាំង​ពីរ​ ជា​អ្នកកាសែត​ដែល​ជា​បុគ្គលិក​របស់​ភ្នាក់ងារ​ព័ត៌មានទូរទស្សន៍​ Premiere lignes។ បុគ្គលិក​បំរើ​ការ​ក្នុង​ក្រុមហ៊ុន​នេះ​ធ្លាប់​ជា​សាក្សី​ និង​ចូល​សង្គ្រោះ​មិត្ត​រួម​អាជីព​ឆាលីអេបដូ​ មុន​គេ​ ពេល​រង​ការ​បាញ់​ប្រហារ​ភេរវកម្ម​ឆ្នាំ​២០១៥។

ទីពីរ គឺ​ ពេលវេលា នៃ​ការ​វាយប្រហារ។ ហេតុការ​ណ៍​បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​សវនការ​កាត់​ទោស​ជនជាប់​ចោទ​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ឆ្នាំ​២០១៥ និង​ក្នុង​ខណៈ​ដែល​កាសែត​ឆាលីអេបដូ​ទើប​រង​ការ​គំរាមកំហែង​ជា​ថ្មី​បន្ទាប់​ពី​បាន​បោះផ្សាយ​រូបថ្លុក​ព្រះអាឡា​លើ​ទំព័រ​មុខ​កាលពី​ថ្ងៃទី ២​កញ្ញា។

ទីបី គឺ​ប្រភេទ​អាវុធ។ ​របៀប​វាយប្រហារ​​បាន​បង្ហាញ​ថា​​​ជនដៃដល់​មាន​ចេតនា​ប៉ុនប៉ង​ធ្វើ​សកម្ម​ណាមួយ​ដែល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស។

ការ​វាយប្រហារ​បែប​នេះ ​ជា​ទម្រង់​មួយ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ម្សិលមិញ ដោយ​​បាន​សម្តែង​ការ​សោកស្តាយចំពោះទង្វើ​​វាយប្រហារ​បង្ហូរ​ឈាម​ថ្មី​​​ប្រឆាំង​​នឹងបារាំង។ តែ​លោក​រដ្ឋមន្ត្រី​ ក៏​បាន​ទទួល​ស្គាល់​ថា​បារាំង​មើល​ស្រាល​ការ​គំរាមកំហែង​ភេរវកម្ម​ទើប​ហេតុការណ៍​ម្សិលមិញ​អាច​កើត​ឡើង​បាន។ ក្រោយ​ភេរវកម្ម​ឆ្នាំ​២០១៥ កាសែត​ឆាលី​អេបដូ បាន​រើ​ទៅ​កាន់​ទីតាំង​ថ្មី​ ដែល​លាក់​ជា​សម្ងាត់​ដើម្បីសុវត្ថិភាព។ ឯ​ទីតាំងចាស់​ ត្រូវ​បាន​រដ្ឋាភិបាល​គិត​ថា​​លែង​ជា​កន្លែង​រង​ការ​គំរាមកំហែង​ទៀត​ហើយ និងក៏​​គ្មាន​ការ​ការ​ពារ​អ្វី​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ