អានតួអត្ថបទ
ក្រិក-តួកគី

ប្រទេសក្រិកអំពាវនាវឲ្យប្រទេសតួកគីផ្តល់ឱកាសការទូតសម្រាប់ជម្លោះនៅសមុទ្រមេឌីទែរ៉ាណេខាងកើត

នាយករដ្ឋមន្រ្តីនៃប្រទេសក្រិកលោកគីរីយ៉ាកូស មីតសូតាគីសថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ថ្ងៃទី២៥ កញ្ញា ២០២០
នាយករដ្ឋមន្រ្តីនៃប្រទេសក្រិកលោកគីរីយ៉ាកូស មីតសូតាគីសថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ថ្ងៃទី២៥ កញ្ញា ២០២០ Rick Bajornas/UN Photo via AP
១៤ នាទី

នៅ​ថ្ងៃ​សុក្រ ទី២៥ កញ្ញា នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ក្រិក​លោក​គីរីយ៉ាកូស មីតសូតាគីស​បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ត្រឡប់​ចូល​តុចរចា​ដើម្បី​ជជែក​ពី​ជម្លោះ​នៅ​សមុទ្រមេឌីទែរ៉ាណេខាងកើត។ ការ​អំពាវនាវ​របស់​ប្រមុខរដ្ឋាភិបាល​ក្រិក​បាន​ធ្វើ​ឡើង​តាម​រយៈ​សុន្ទករថា​របស់​លោក​ចាក់​ផ្សាយ​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៧៥។ នៅ​ក្នុង​សុន្ទរកថា លោក​គីរីយ៉ាកូស មីតសូតាគីស​បាន​អំពាវនាវ​ឲ្យ​លោក​អ៊ែរដូហ្កាន​ផ្តល់​ឱកាស​ការទូត​ដោយ​លោក​មីតសូតាគីស​យល់​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ភាព​តានតឹង​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ក្រិក និង​តួកគី​មិន​អាច​អូសបន្លាយ​បាន​ទៀត​ឡើយ។ ការ​អំពាវនាវ​របស់​លោក​គីរីយ៉ាកូស មីតសូតាគីស​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ក្រិក និង​តួកគី​ហាក់​បាន​ជ្រើស​យក​ផ្លូវ​សម្របសម្រួល​ដោយ​បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី២២ កញ្ញា​ពី​គម្រោង​ជួប​ចរចា​ទ្វេភាគី​នា​ពេល​ខាង​មុខ។ គួរ​រម្លឹក​ថា តួកគី និង​ក្រិក​កំពុង​ឈ្លោះ​ដំណ្តើម​គ្នា​នៅ​តំបន់​ដែល​អាច​មាន​ឧស្ម័នធម្មជាតិ​ក្នុង​សមុទ្រមេឌីទែរ៉ាណេខាងកើត។

ផ្សាយពាណិជ្ជកម្ម

« គួរ​ឲ្យ​ស្តាយ ក្នុង​ពេល​ដែល​ប្រទេស​ក្រិក​បាន​ដាក់​ការ​ជឿទុកចិត្ត កិច្ចសន្ទនា និង​ការ​យោគយល់​នៅ​ក្នុង​បេះដូង​នៃ​នយោបាយការបរទេស​របស់​ខ្លួន ប្រទេស​តួកគី​បែរ​ជា​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ការ​ដំឡើង​សាច់ដុំ ការ​បង្ក​រឿង ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ឈ្លានពាន​ទៅ​វិញ។ ខណៈ​ដែល​ប្រទេស​ក្រិក​បាន​ជ្រើស​យក​ផ្លូវ​សម្របសម្រួល និង​កិច្ចសន្ទនា​ដោយ​ស្មោះត្រង់ ប្រទេស​តួកគី​បែរ​ជា​បាន​ជ្រើស​យក​ផ្លូវ​មិន​អត់ឱន និង​ដាច់​អហង្ការ។ វា​គ្មាន​អ្វី​គួរ​ឲ្យ​មន្ទិលសង្ស័យ​ដែល​ថា សកម្មភាព​របស់​ប្រទេស​តួកគី​ជា​ការ​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ និង​ជា​ការ​គំរាម​ដល់​សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ និង​នៅ​ក្នុង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។

យ៉ាង​ណា​ក៏​ដោយ និង​ទោះ​បី​ជា​មាន​ការ​ឡើង​នូវ​ព្រឹត្តិការណ៍​ថ្មីៗ​នេះ​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋនិយម។ ទាំង​អស់​គ្នា​យល់​ច្បាស់​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ភាព​តានតឹង​ឥត​ឈប់ឈរ​មិន​អាច​អូសបន្លាយ​ទៅ​មុខ​បាន​ទៀត​ឡើយ។ ខ្ញុំ​ពិត​ជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ភាព​ជា​ដៃគូ​រវាង​អ្នករស់នៅ​ជិតខាង​ក្បែរ​គ្នា​ពិត​ជា​អាច​ធ្វើ​បាន និង​អាច​ទៅ​រួច។ ចូរ​អស់​លោក​ក្រឡេក​មើល​ថ្មីៗ​នេះ មាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ ដូច្នេះ យើង​ជួប​គ្នា និយាយ​គ្នា ស្វែង​រក​ដំណោះស្រាយ​រួម​ដែល​ទទួល​យក​បាន​ទាំង​អស់។ យើង​ផ្តល់​ឱកាស​ឲ្យ​ការទូត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ