អានតួអត្ថបទ
WHO-កូវីដ១៩

WHO៖កូវីដ១៩ អាចសម្លាប់មនុស្សដល់ទៅ ២លាននាក់ បើគេមិនបានធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រឆាំងវាទេ

លោក Michael Ryan (រូបឆ្វេង) នាយកទទួលបន្ទុកស្ថានការណ៍អាសន្ននៃអង្គការសុខភាពពិភពលោក និង​លោកលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។
លោក Michael Ryan (រូបឆ្វេង) នាយកទទួលបន្ទុកស្ថានការណ៍អាសន្ននៃអង្គការសុខភាពពិភពលោក និង​លោកលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ AFP
១៧ នាទី

លោក Michael Ryan អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​អង្គការ​សុខភាពពិភពលោក​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​សុក្រ ទី២៥ កញ្ញា​ថា ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ នឹង​អាច​មាន​ដល់​ទៅ ២លាននាក់ ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ទប់ស្កាត់​ទេ។ ចំណែក​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom បាន​អំពាវនាវ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​ដែល​មាន​ស្រាប់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជាជាង​ការ​បន្ត​រង់ចាំ និង​ការ​រំពឹង​ខ្លាំង​លើ​​វ៉ាក់សាំង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ។ គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី២៥ កញ្ញា កូវីដ១៩ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៩៨៤ ០៦៨នាក់ និង​មាន​ឆ្លង​ជាង ៣២ ២៩៨ ៤១០ករណី។

ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សន្និសីទកាសែត​មួយ​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដែល​លោក Michael Ryan បាន​ព្រមាន​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ ដែល​អាច​ឡើង​ដល់ ២លាននាក់ ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​អ្វី​បន្ថែម​ឲ្យ​លើស​ពី​អ្វី​ដែល​គេ​កំពុង​ធ្វើ​ពេល​នេះ​ទេ។ នៅ​ក្នុង​ន័យ​នេះ លោក Michael Ryan បាន​អំពាវនាវ​ឲ្យ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការសកល។ តាម​លោក Michael Ryan គេ​ត្រូវ​អនុវត្ត​ព្រម​គ្នា​នូវ​ការ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ ការ​តាមដាន​អ្នក​ផ្ទុក​កូវីដ១៩ ការ​ព្យាបាល ការ​អនុវត្តន៍​នូវ​គម្លាត​សុវត្ថិភាព និង​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង។ « អ្នក​ស្លាប់​ចំនួន ១លាននាក់​ពិត​ជា​ចំនួន​មួយ​គួរ​ឲ្យ​ភ័យ​ខ្លាច តែ​បើ​យើង​មិន​បាន​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ទេ ចំនួន​អ្នក​ស្លាប់​អាច​នឹង​ឡើង​ទ្វេ​ដង » នេះ​ជា​ការ​ព្រមាន​របស់​លោក Michael Ryan ដែល​ជា​នាយក​ទទួល​បន្ទុក​ស្ថានការណ៍អាសន្ន​នៃ​អង្គការ​សុខភាពពិភពលោក។

តាម​តួលេខ​ចុង​ក្រោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី២៥ កញ្ញា ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ មាន​ជិត ១លាននាក់ និង​អ្នក​ឆ្លង​ជិត ៣៣លាននាក់​នៅ​ទូទាំង​ពិភពលោក។ ស្ថានការណ៍​កូវីដ១៩ នៅ​អឺរ៉ុប​កំពុង​ក្លាយ​ជា​ក្តីបារម្ភ​ខ្លាំង​របស់​អង្គការ​សុខភាពពិភពលោក។ អ្វី​ដែល​អង្គការសុខាភាព​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​ជាង​គេ គឺ​កំណើន​អ្នក​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​កំណើន​នៅ​ក្នុង​សេវាសង្រ្គោះបន្ទាន់ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី Van Kerkhove អ្នក​ទទួលខុសត្រូវ​ផ្នែក​គ្រប់គ្រង​កូវីដ១៩ របស់​អង្គការ​សុខភាពពិភពលោក។ « តើ​យើង​ទាំង​អស់​គ្នា​ពិត​ជា​បាន​ប្តេជ្ញាចិត្ត​រួម​សហការ​គ្នា​ជា​លក្ខណៈ​ពហុភាគី និង​ជា​លក្ខណៈ​សកល​ដើម្បី​គ្រប់គ្រង​កូវីដ១៩ ឬ​មួយ​ក៏​ទុក​ឲ្យ​កូវីដ១៩ គ្រប់គ្រង​លើ​ជីវិត​របស់​យើង » នេះ​ជា​ការ​ចោទ​សួរ​របស់​លោក Michael Ryan។

ចំណែក​អគ្គនាយក​អង្គការ​សុខភាពពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​ព្រមាន​អ្នក​ដែល​រំពឹង​តែ​លើ​វ៉ាក់សាំង។ លោក Tedros បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​កំពុង​បន្ត​មាន​យ៉ាង​សកម្ម គេ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ដែល​មាន​ស្រាប់​នៅ​ចំពោះ​មុខ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូវីដ១៩។ « បើ​គេ​បន្ត​អនុវត្ត​វិធានការ​ដែល​មាន​ស្រាប់​សព្វថ្ងៃ គេ​អាច​ជួយ​ជីវិត​មនុស្ស​បាន​ភ្លាមៗ។ គេ​មិន​អាច​ជួយ​ជីវិត​មនុស្ស​បាន​ភ្លាមៗ​ដោយ​គ្រាន់​តែ​អង្គុយ​រង់ចាំ​វ៉ាក់សាំង ឬ​មួយ​ក៏​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ដែល​នឹង​មាន​នៅ​ពេល​ក្រោយ​នោះ​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក Tedros

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ