អានតួអត្ថបទ
បារាំង-កូវីដ១៩

កូវីដ១៩៖រដ្ឋមន្រ្តីសុខាភិបាលបារាំងបញ្ជាក់ពីការមិនបិទខ្ទប់ប្រទេសទាំងស្រុងនៅមុនបុណ្យណូអែល

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកអូលីវីយេ វេរ៉ង់
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកអូលីវីយេ វេរ៉ង់ Bertrand Guay/Reuters
១៦ នាទី

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​អូលីវីយេ វេរ៉ង់​បាន​បញ្ជាក់​ពី​ការ​មិន​បិទ​ខ្ទប់​ប្រទេស​ទាំង​ស្រុង​នៅ​មុន​បុណ្យណូអែល និង​ថា វិធានការ​រឹតបន្តឹង​ជា​យថាហេតុ​លើ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ក្នុង​ពេល​វិស្សមកាល​ខាង​មុខ គឺ​អាស្រ័យ​លើ​អ្វី​ដែល​ពលរដ្ឋ​នឹង​ធ្វើ​នៅ​ថ្ងៃ និង​នៅ​សប្តាហ៍​ខាង​មុខ។ ការ​អះអាង​របស់​លោក​វេរ៉ង់​ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ និង​កាសែត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៧ កញ្ញា។ រដ្ឋមន្រ្តី​សុខាភិបាល​បារាំង​រូប​នេះ​ដដែល​បាន​បន្ថែម​ថា បើ​ចរាចរណ៍វីរុស​កើន​ឡើង និង​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ចាំ​បាច់​ដើម្បី​ទប់ស្កាត់​ទេ វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​សុខាភិបាល និង​ដល់​ពលរដ្ឋ​បារាំង។ លោក​វេរ៉ង់​បាន​រម្លឹក​ជា​ថ្មី​ថា រដ្ឋអំណាច​មិន​ចង់​បិទខ្ទប់​ជីវិត​សេដ្ឋកិច្ច សង្គម វប្បធម៌ កីឡា និង​ជីវិត​គ្រួសារ​របស់​ពលរដ្ឋ​ទាំង​ស្រុង​ទេ។ វិធានការ​របស់​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ការ​វិវឌ្ឍន៍​ជាក់ស្តែង​របស់​វីរុស​នៅ​តាម​តំបន់​នីមួយៗ នេះ​ជា​ការ​បន្ថែម​របស់​លោក​វេរ៉ង់។ បន្ទាប់​មក លោក​វេរ៉ង់​បាន​ការពារ​លើ​វិធានការ​បិទ​បានីយដ្ឋាន ឬ​កន្លែង​លក់​គ្រឿងផឹក និង​ភោជនីយដ្ឋាន​រយៈពេល ២សប្តាហ៍ដែល​​ចាប់​ផ្តើម​ក្នុង​សប្តាហ៍​នេះ​នៅ​ខេត្ត​ម៉ាកសី និង​ហ្គ័រដឺលូប​ដែល​ជា​ដែនដី​បារាំង​នៅឯ​នាយសមុទ្រ។

ផ្សាយពាណិជ្ជកម្ម

« ទាក់ទង​នឹង​ការ​បិទ​បានីយដ្ឋាន និង​ភោជនីយដ្ឋាន មិនមែន​ជា​ការ​រើសអើង​អ្វី​ទេ។ ដំបូង​ខ្ញុំ​យល់​ពី​កំហឹង​ដែល​បាន​សម្តែង​ចេញ​ដោយ​ម្ចាស់​បានីយដ្ឋាន និង​ម្ចាស់​ភោជនីយដ្ឋាន។ ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​ពួក​គេ​ថា រដ្ឋាភិបាល​មិន​បោះបង់​ពួក​គេ​ចោល​ឡើយ។ យើង​មិន​បិទ​ហាង​របស់​ពួក​គេ​រហូត​ដល់​រាប់សិប​ខែ​នោះ​ទេ។ យើង​បាន​បិទ​ត្រឹម​តែ ២សប្តាហ៍​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​សប្តាហ៍ទី១ យើង​ផ្តើម​ពិនិត្យមើល​ឡើង​វិញ​លើ​ស្ថានការណ៍ និង​ការ​វិវឌ្ឍន៍​ជាក់ស្តែង​របស់​កូវីដ១៩។ ចូរ​កុំ​ភ្លេច​ថា រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​បញ្ហា​នេះ។

យើង​បាន​ពិនិត្យឃើញ​ច្បាស់ណាស់​ពី​ភាព​ប្រយ័ត្នប្រយែង និង​ការ​គោរព​ត្រឹមត្រូវ​នូវ​វិធានការ​ការពារ​សុខភាព​របស់​ម្ចាស់​បានីយដ្ឋាន និង​ក៏​ដូច​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន​ធំ។ តែ​ទន្ទឹម​គ្នា​នេះ ខ្ញុំ​ក៏​បាន​ឃើញ ហើយ​អស់​លោក​ក៏​បាន​ឃើញ​នៅ​តាម​ក្រុង​ធំ​ជា​ច្រើន មាន​ក្រុម​យុវជន​ពី ២០០ ទៅ ៣០០នាក់​បាន​ឈរ​ផឹក​ជជែក​គ្នា​នៅ​ក្នុង​បានីយដ្ឋាន​មួយ​នា​វេលា​ម៉ោង ១១យប់​ដោយ​មិន​បាន​គោរព​គម្លាត​សុវត្ថិភាព និង​ដោយ​គ្មាន​ពាក់​ម៉ាស។ យើង​មាន​តួលេខ​ដែល​បញ្ជាក់​ពី​ហេតុការណ៍​នេះ​ដោយ​មាន​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ប្រចាំ​ថ្ងៃ​មួយ។

កាយវិការ​នេះ​បាន​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​វីរុស។ ដូច្នេះ​វា​មិន​គ្រប់​គ្រាន់​ទេ​ដែល​ត្រឹម​និយាយ​ថា ខ្ញុំ​មាន​បានីយដ្ឋាន ខ្ញុំ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​នោះ។ តាម​ពិត​ទៅ ទោះ​បី​អស់​លោក​មាន​ការ​ប្រយ័ត្នប្រយែង ឬ​គ្មាន​ការ​ប្រយ័ត្នប្រយែង​ក្តី អស់លោក​កំពុង​ស្ថិត​នៅ​ទីកន្លែង​មួយ​ដែល​បិទជិត គ្មាន​ពាក់​ម៉ាស និង​មាន​គ្នា​ច្រើន​ទៀត អស់លោក​ប្រឈម​នឹង​ហានិភ័យ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ