អានតួអត្ថបទ
អាស៊ែបៃហ្សង់-អាមេនី

អាស៊ែបៃហ្សង់ និង​អាមេនី​ កំពុង​ឈាន​ទៅ​ធ្វើ​សង្គ្រាមនឹង​គ្នាជា​​ថ្មី ?

ទាហាន​របស់​ក្រុមផ្តាច់​ទឹក​ដី​នៅ​តំបន់​ Haut-Karabakh
ទាហាន​របស់​ក្រុមផ្តាច់​ទឹក​ដី​នៅ​តំបន់​ Haut-Karabakh KAREN MINASYAN / AFP
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

តំបន់កូកាស​កំពុង​រងសម្ពាធ​ជា​ថ្មី ! មានការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ​ព្រឹក​នៅថ្ងៃអាទិត្យទី ២៧កញ្ញា រវាង​កងកម្លាំង​អាស៊ែបៃហ្សង់ និង​ក្រុម​ផ្តាច់​ទឹក​ដីនៅ​តំបន់ការ៉ាប៉ាក់ Haut-Karabakh។ រដ្ឋាភិបាល​អាស៊ែបៃហ្សង់​បាន​ប្រកាស​ថានេះ​​ជា​ប្រតិបត្តិ​​វាយបក​សងសឹកទៅ​​នឹង​សកម្មភាព​របស់​ក្រុមផ្តាច់​ទឹក​ដីដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេនី។ ប៉ុន្តែបើ​តាម​​នាយករដ្ឋមន្ត្រី​អាមេនី អាស៊ែបៃហ្សង់​កំពុង​​ប្រកាស​សង្គ្រាម​ប្រឆាំងនឹង​​​ប្រជាពលរដ្ឋ​អាមេនី។ ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​បង្ក​ឱ្យ​​មាន​ការ​​ បាត់​បង់​ជីវិត​ជនស៊ីវិលផង។

ផ្សាយពាណិជ្ជកម្ម

គូសត្រូវ​​​អាស៊ែបៃហ្សង់​និង​ក្រុម​ផ្តាច់​ទឹក​ដី បាន​ផ្ទុះ​អាវុធ​ដាក់​​គ្នា​ នៅ​លើ​ដែន​ដីការ៉ាប៉ាក់ (​Haut Karabakh) ជាប់​ជម្លោះ​​គ្នា​តាំង​ពី​៣០​ឆ្នាំ​មក។ ​ការ​ប្រយុទ្ធបាន​ចាប់​ផ្តើម​​តាំង​ពីម៉ោង​៧​ព្រឹក​ថ្ងៃ​អាទិត្យ​ ដោយភាគី​ម្ខាងៗ​​ប្រើ​សព្វាវុធ​ គ្រប់ធុន រថពាសដែក​ ដ្រូន និង​យន្តហោះ និងប្រមូលគ្រប់​​កម្លាំង ​ទ័ព​​​អាកាស​ផង ទ័ពជើងគោកផង​ ​ ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​សង្គ្រាម​  “បួនថ្ងៃ​” កាលពីខែមេសា​ឆ្នាំ​២០១៦​ទៅ​ទៀត។

សង្គ្រាម​បួន​ថ្ងៃ​កាលពី​ឆ្នាំ​២០១៦ ដែល​បាន​សម្លាប់​ជីវិត​ទាហាន​និង​ស៊ីវិល​អស់​ជាង​២៣០​នាក់ និង​ដែល​អាស៊ែបៃហ្សង់​​បាន​ចំណេញ​​ដី​រាប់រយ​ហិចតារ។ នៅ​ថ្ងៃអាទិត្យ​ទី ២៧​កញ្ញា​នេះ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាស៊ែបៃហ្សង់​បាន​ប្រកាស​ថា កងទ័ព​រដ្ឋាភិបាល​រំដោះ​​បាន៦​ភូមិ​ កម្ចាត់​បាន​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង និង​អាវុធ​ជា​ច្រើន​ផ្សេង​ទៀត។​

សម្រាប់​អាស៊ែបៃហ្សង់​ដែល​ប្រមូល​អស់​នូវ​ទ័ព​បំរុង​ តាំង​ពី​ប៉ុន្មាន​ថ្ងៃមក​ហើយ​ ឱ្យ​​ចូល​សមរភូមិ​ការ៉ាបាក់ នេះ​ជា​​ប្រតិបត្តិការ​វាយបកគ្រប់ច្រក ដើម្បី​បញ្ចប់​សកម្មភាព​​របស់​ពួក​ឧទ្ទាម​​ផ្តាច់​ទឹក​ដី​នៅ​តំបន់​ការ៉ាបាក់ ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់យោធា​​អាមេនីប៉ុណ្ណោះ។

ចំណែក​ខាងក្រុម​​ផ្តាច់​ទឹក​ដី​ការ៉ាបាក់ ដែល​ភាគ​ច្រើន​មានដើម​កំណើត​ជា​អាមេរនី និង​គាំទ្រ​ដោយ​អាមេនី​ ក៏​បាន​ប្រកាស​អំពី​ការ​បាត់​បង់​របស់​អាស៊ែបៃហ្សង់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ​ដែរនិង​បានបដិសេធ​ព័ត៌មានស្តីពីការ​បាត់​បង់​ភូមិ។ គ្រាន់​តែ​ផ្ទុះ​អាវុធ​​​​ភ្លាម ប្រមុខ​រដ្ឋាភិបាល​តំបន់​ការ៉ាបាក់​ និង​នាយក​រដ្ឋមន្ត្រី​អាមេនី បានចេ​ញក្រិត្យ​​ប្រមូលផ្តុំ​កម្លាំង​​និង​ប្រើ​ច្បាប់​អាជ្ញាសឹក​ភ្លាម ដោយ​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រៀម​លក្ខណៈ​ប្រយុទ្ធ។ តាម​កញ្ចក់​ទូរទស្សន៍ ប្រមុខ​រដ្ឋាភិបាល​អាមេនី​បានប្រកាស​ថា “របប​ផ្តាច់ការ​អាស៊ែបៃហ្សង់​ប្រកាស​សង្គ្រាម​ជាមួយ​ប្រជាពលរដ្ឋ​អាមេនី​។ ប្រទេស​ទាំងពីរ​អាច​នឹង​ផ្ទះ​សង្គ្រាម​នឹង​គ្នា ដែល​បង្ក​ផលវិបាក​មិន​អាច​ស្តារ​បាន​ ហើ​យរាលដាលធំហួស​តំបន់​កូកាស​ទៀត”។

សូម​បញ្ជាក់​ថា​ តំបន់​ការ៉ាបាក់ ដែល​បាន​ផ្តាច់​ខ្លួន​ពី​អាស៊ែបៃហ្សង់​ក្រោមការ​ឧបត្ថម្ភ​របស់អាមេនី​ ធ្លាប់​មានសង្គ្រាម​បង្ហូរ​ឈាមធ្ងន់ធ្ងរ​នៅ​ឆ្នាំ​១៩៩០​ ​ស្លាប់​អស់​ជាង​៣ម៉ឺន​នាក់ និង​ជា​ប្រភព​នៃ​ភាព​តឹង​តឹង​តំបន់រហូតមក។ ​ជម្លោះ​រវាង​អាស៊ែបៃហ្សង់​និង​អាមេនី អាច​នឹង​ជំរុញ​ឱ្យ​មាន​អន្តរាគមន៍​ពី​មហាអំណាច​​​ក្នុង​តំបន់​មាន​អាទិ៍​រុស្ស៊ី និង​តួកគី។ ម៉ូស្គូ​បាន​អំពាវនាវ​ភ្លាតាំង​ពី​ព្រឹក​ថ្ងៃអាទិត្យ​មក ឱ្យ​​ឈប់​បាញ់​ភ្លាម​ និងចូល​ចរចា តែ​​ភាគី​ទាំងពីរបដិសេធដោយ​​ទម្លាក់​ទំនួល​ខុស​ត្រូវ​ដាក់គ្នាទៅ​វិញ​ទៅ​មក។ បារាំងនិង​សហភាព​អឺរ៉ុបក៏​បានអំពាវនាវឱ្យ​​បញ្ឈប់​សកកម្មភាព​ហិង្សាដែរ​។ ចំណែក​តួកគី​បានប្រកាសគាំទ្រ​និង​ជួយ​សម្ព័ន្ធមិត្ត​អាស៊ែបៃហ្សង់​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ដែលមាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ