អានតួអត្ថបទ
ក្រិក-សហរដ្ឋអាមេរិក

ប្រមុខការទូតអាមេរិក អំពា​វនាវឲ្យ​ក្រិក និង​តួកគី ចរចា​បញ្ចប់​ជម្លោះ​ឲ្យ​បាន​សម្រេច

លោក Mike Pompeo និងលោករដ្ឋមន្ត្រីការបរទេសក្រិក Nikos Dendias ​ពេលជួបគ្នា​នៅក្រុងថេសាឡូនីក ភាគខាងជើង​ប្រទេសក្រិក ថ្ងៃទី​២៨ កញ្ញា ២០២០
លោក Mike Pompeo និងលោករដ្ឋមន្ត្រីការបរទេសក្រិក Nikos Dendias ​ពេលជួបគ្នា​នៅក្រុងថេសាឡូនីក ភាគខាងជើង​ប្រទេសក្រិក ថ្ងៃទី​២៨ កញ្ញា ២០២០ REUTERS - POOL
ដោយ៖ ម៉ម ពិសី
១៤ នាទី

លោក ម៉ៃ ប៉ុមប៉េអូ ប្រមុខការទូតអាមេរិក បានទៅដល់ប្រទេសក្រិក កាលពីថ្ងៃចន្ទ ទី២៨កញ្ញា ដើម្បីធ្វើទស្សនកិច្ច ជួបជាមួយមេដឹកនាំក្រិក និយាយអំពីចំណងសហប្រតិបត្តិការ​ការទូត និង​យោធា នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ លោក​ម៉ៃ ប៉ុមប៉េអូ ក៏បានឆ្លៀតអំពាវនាវ ឲ្យក្រិក និងតួកគី ត្រូវតែចរចាគ្នា បញ្ចប់វិវាទដែនទឹក ឲ្យ​បានសម្រេច ក្នុងនាមប្រទេសទាំង២ សុទ្ធតែជាសមាជិកនៃអង្គការអូតង់ដូចគ្នា។

ផ្សាយពាណិជ្ជកម្ម

លោក ម៉ៃ ប៉ុមប៉េអូ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល​២ថ្ងៃ នៅប្រទេសក្រិក នៅ​ថ្ងៃចន្ទ ទី​២៨កញ្ញា ជាទីដែល​លោក​បាន​ជួបពិភាក្សាការងារ ជាមួយលោករដ្ឋមន្ត្រីការបរទេសក្រិក Nikos Dendias នៅឯទីក្រុង​Thessalonique ភាគខាងជើងក្រិក។ ក៏ប៉ុន្តែ មិនមាន​សន្និសីទកាសែត ណាមួយ ត្រូវបានធ្វើឡើងនៅក្រោយជំនួបនេះទេ។ លោកប្រមុខការទូតអាមេរិក ត្រូវបានលោក​នាយករដ្ឋមន្ត្រីក្រិក Mitsotakis ទទួលឲ្យស្នាក់នៅ នៅគេហដ្ឋានផ្ទាល់ខ្លួនលោក នៅលើកោះ ក្រិត (Crète) ថែមទៀតផង។

កម្មវត្ថុនៃទស្សនកិច្ចរបស់​លោកម៉ៃ ប៉ុមប៉េអូ នៅក្រិកនាពេលនេះ ត្រូវបានគេដឹងថា គឺផ្តោតលើសំណុំរឿង២ធំៗ។ ទីមួយ​គឺ ការបញ្ចុះបញ្ចូល​ក្រិក កុំឲ្យ​បើកផ្លូវ​ ឲ្យ​ក្រុមហ៊ុនចិន Huawei ជ្រៀតចូលក្នុងទីផ្សារ​បច្ចេកវិទ្យា 5G។ ទី២នោះ គឺទាក់ទិននឹងការពង្រឹង​វត្តមាន​របស់កងទ័ពអាមេរិក នៅក្នុងតំបន់សមុទ្រ​ម៉េឌីទែរ៉ាណេ។ នៅថ្ងៃអង្គារ លោកម៉ៃ ប៉ុមប៉េអូ​ រួមដំណើរដោយ​លោកនាយករដ្ឋមន្ត្រីក្រិក នឹងធ្វើដំណើរទៅមូលដ្ឋានកងទ័ពជើងទឹករបស់អូតង់ នៅឆកសមុទ្រ Souda។

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៩ សហរដ្ឋអាមេរិក និងក្រិក បានចុះកិច្ចព្រមព្រៀងយោធាជាមួយគ្នា ដោយក្រិកបានបើកផ្លូវឲ្យ​កងទ័ពអាមេរិក អាចប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធយោធាក្រិក ជាក់ស្តែង ការប្រើកំពង់ផែ Alexandroupolis ស្ថិតនៅភាគខាងជើង។ កំពង់ផែនេះ មានតួនាទីយុទ្ធសាស្ត្រសំខាន់ណាស់ ក្នុងសមុទ្រម៉េឌីទែរ៉ាណា ដោយវាស្ថិតនៅក្បែរតំបន់បាល់កង់ និងនៅមាត់ច្រក​សមុទ្រខ្មៅ។ ជាថ្នូរវិញ សហរដ្ឋអាមេរិក បានចំណាយប្រាក់ប្រមាណ​២លាន៣សែន ដើម្បី​ជួសជុលកំពង់ផែនេះ នឹងបាន​សន្យា​ចំណាយប្រាក់​ ១៤លានដុល្លារ ទៅលើ​មូលដ្ឋានទ័ពអាកាសក្រិក។

ក្រៅពីនេះ លោកប្រមុខការទូតអាមេរិក នឹងត្រូវចុះហត្ថលេខាជាមួយភាគីក្រិក​ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងថាមពលផងដែរ។

ដោយឡែក ទាក់ទិននឹងបញ្ហាវិវាទដែនទឹក រវាងតួកគី និងក្រិក លោកប្រមុខការទូតអាមេរិក បានថ្លែង អំពាវនាវ​ ឲ្យ​ប្រទេសទាំង២នេះ ត្រូវតែ​ស្វែងរកការចរចាគ្នា​ ឲ្យ​បានសម្រេ​ច ក្នុងនាមជាសមាជិក​ របស់អង្គការសម្ព័ន្ធមិត្តអូតង់ដូចគ្នា។ កាលពីសប្តាហ៍កន្លងទៅ ក្រិក និងតួកគី បានប្រកាសអំពីឆន្ទៈរួមគ្នា ដើម្បីអង្គុយនិយាយគ្នា ស្វែងរកដំណោះស្រាយ​ ក្នុង​វិវាទដែនទឹកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ