អានតួអត្ថបទ
បារាំង លីទុយអានី បេឡារុស

លោកម៉ាក្រុង ទីបំពេញ​ទស្សនកិច្ច​​លើកទី​១ នៅ​ប្រទេស​លីទុយអានី និង​​ឡេតូនី

លោកម៉ាក្រុង និងលោកប្រធានាធិបតី​លីទុយអានី ជីតាណាស ណោសេដា នៅទីក្រុង វីលញូស ថ្ងៃទី ២៨ កញ្ញា ២០២០២
លោកម៉ាក្រុង និងលោកប្រធានាធិបតី​លីទុយអានី ជីតាណាស ណោសេដា នៅទីក្រុង វីលញូស ថ្ងៃទី ២៨ កញ្ញា ២០២០២ REUTERS - INTS KALNINS
ដោយ៖ ម៉ម ពិសី
១៤ នាទី

លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅថ្ងៃទី​២៨កញ្ញា ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទីមួយនៅ​ប្រទេសលីទុយទានី និង ឡេតូនី។ ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង នៅ​ក្នុងប្រទេសតំបន់បាល់ទិក​ទាំង២នេះ គឺវាស្ថិតនៅក្នុងបរិបទ ស្តីពីវិបត្តិនៅប្រទេសបេឡារុស។ ប្រទេសតំបន់បាល់ទិក មាន​បំណង​ចង់ឲ្យលោក​ប្រធានាធិបតី​​បារាំង ប្រកាសជំហរជាក់ច្បាស់ ក្នុងការ​គាំទ្រ ការទាមទារលទ្ធិប្រជាធិបតេយ្យនៅ​បេឡារុស និងជាពិសេសនោះ គឺត្រូវ​និយាយជាមួយលោកពូទីន ប្រធានាធិបតី​រុស្ស៊ី ឲ្យ​យល់ព្រមបើកផ្លូវ ឲ្យ​មាន​ការ​ផ្លាស់ប្តូរអំណាច​ដោយសន្តិវិធី ទៅតាមឆន្ទៈរបស់ប្រជាជន​បេឡារុស។

ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​១៩ឆ្នាំហើយ ដែលមិនមានប្រធានាធិបតីបារាំងរូបណា ទៅធ្វើទស្សនកិច្ច នៅប្រទេសតំបន់បាល់ទិក។ ដូចដែលបានសន្យា នៅថ្ងៃចន្ទទី២៨កញ្ញា ២០២០ លោកអេម៉ានុយ អែល ម៉ាក្រុង បានទៅដល់ទីក្រុងវីលញូស (Vilnius) រដ្ឋធានីប្រទេសលីទុយអានី ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។ នៅថ្ងៃពុធ លោកម៉ាក្រុង នឹងបន្តដំណើរទៅ​ ប្រទេសឡេតូនី។

ដំណើរទស្សនកិច្ចនេះ ស្ថិតក្នុងបរិបទស្ថានភាពភូមិសាស្ត្រនយោបាយ ដ៏សំខាន់ ខណៈដែល​ប្រទេសតំបន់បាល់ទិកទាំង២នេះ គឺជា​សមាជិកនៃសហភាពអឺរ៉ុបផង និងជាសមាជិកនៃអង្គការសម្ពន័្ធមិត្តអូតង់ផងដែរ។ ប្រទេសទាំងនេះ គឺជាអ្នកស្ថិតនៅជួរមុខគេ ប្រឈមជាមួយ​នឹងរុស្ស៊ី។ យ៉ាងណាមិញ លោកម៉ាក្រុង ក៏នឹងឆ្លៀត ទៅ​សួរសុខទុក្ខ​ ទាហានបារាំង ទាំង​៣០០នាក់ ដែលកំពុងឈរជើង នៅ​មូលដ្ឋាន Rukla ប្រទេសលីទុយអានី ក្នុងក្រមខណ្ឌអូតង់។

វាក៏ជាបរិបទមួយ​ដ៏តានតឹងផងដែរ នៅក្នុងតំបន់នេះ បន្ទាប់ពី​ប្រជាជនបេឡារុស បាន​ធ្វើបាតុកម្ម​ប្រមាណ​ជិត​២ខែមកនេះ ដើម្បីទាមទារ ឲ្យ​មេដឹកនាំផ្តាច់ការ​ លូកាឆិនកូ​ ចុះចេញពីតំណែង។ ដំណើរវិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យ នៅបេឡេរុស កំពុងតែត្រូវបានប្រទេសតំបន់បាល់ទិកផ្សេងទៀត តាមដានយ៉ាងយកចិត្តទុកដាក់។ យ៉ាងណា លោកស្រី ស្វេតឡាណា ទីខាងណូវស្កាយ៉ា ដែលជាមេបក្សប្រឆាំងបេឡារុស បានភៀសខ្លួនទៅ​ស្នាក់នៅប្រទេសលីទុយអានី។

ក្នុងឱកាសទៅដល់របស់​លោក​ម៉ាក្រុង ក្រុមអ្នកវិទ្យាសាស្ត្រ អ្នកនយោបាយ និងសិល្បៈករផង បានរួមគ្នាសរសេរញត្តិមួយ ជូនលោកម៉ាក្រុង ដោយបានសំណូមពរ ឲ្យ​បារាំង ត្រូវប្រកាសជំហរ ឲ្យបានជាក់ច្បាស់ និងម៉ឺងម៉ាត់ ក្នុងការគាំទ្រ ចលនាបាតុកម្ម របស់ប្រជាជនបេឡារុស។ ញត្តិបានសរសេរថា៖ « ក្នុងសតវត្សទី​២១ទៅហើយ តែនៅទ្វីបអឺរ៉ុប ប្រជាជនបេឡេរុស កំពុងតែទទួលរងនូវការជិះជាន់ ការចាប់បង្ឃាំង ការធ្វើទារុណកម្ម យ៉ាងអយុត្តិធម៌​ជាទីបំផុត »។ បញ្ញវន្តលីទុយអានី ក៏ចឹងឃើញ ផងដែរថា លោកម៉ាក្រុង ត្រូវបានហ៊ានចេញមុខ ប្រឈមជាមួយ​លោកពូទីន ដើម្បីឲ្យ​រុស្ស៊ី​ឈប់គាំទ្រមេដឹកនាំផ្តាច់ការ​បេឡារុស លូកាឆិនកូ។

កាលពីថ្ងៃអាទិត្យ ទី២៧កញ្ញា លោកម៉ាក្រុង​បានលើកឡើងថា៖ « អ្វីដែលបេឡារុស កំពុងឆ្លងកាត់ គឺជា​វិបត្តិ​នៃ​ការក្រាញអំណាច។ វាជាអំណាចបែបផ្តាច់ការមួយ ដែល​មិនយល់ មិនផ្តល់តម្លៃដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយគិតប្រឹងក្រាញននាល ដោយប្រើកម្លាំងបង្រ្កាប »។ លោក​ម៉ាក្រុងបន្ថែមថា៖ « វាច្បាស់ណាស់ ដែលលោកលូកាឆិនកូ ត្រូវតែចាកចេញពីអំណាចនេះ »។

យោងតាមប្រភពស្និទ្ធនឹងវិមានប្រធានាធិបតីបារាំង លោកម៉ាក្រុង អាចប្រហែលជានឹងជួប លោក​ស្រី ​ទីខាណូវស្កាយ៉ា នៅទីក្រុងវីលញូស ក្នុងពេលទស្សនកិច្ចនៅលីទុយអានី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ