អានតួអត្ថបទ
បារាំង-បេឡារុស

ប្រមុខបក្សប្រឆាំងបេឡារុសលោកស្រីទីខាណូវស្កាយ៉ាអរគុណចំពោះការគាំទ្ររបស់ប្រមុខរដ្ឋបារាំងលោកម៉ាក្រុង

ប្រមុខបក្សប្រឆាំងបេឡារុសលោកស្រីទីខាណូវស្កាយ៉ាអរគុណចំពោះការគាំទ្ររបស់ប្រមុខរដ្ឋបារាំងលោកម៉ាក្រុង
ប្រមុខបក្សប្រឆាំងបេឡារុសលោកស្រីទីខាណូវស្កាយ៉ាអរគុណចំពោះការគាំទ្ររបស់ប្រមុខរដ្ឋបារាំងលោកម៉ាក្រុង via REUTERS - SVIATLANA TSIKHANOUSKAYA HEADQUA
១១ នាទី

នៅ​ថ្ងៃ​អង្គារ ទី២៩ កញ្ញា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​លីទុយអានី​បាន​ជួប​សន្ទនា​រយៈពេល​យូរ​ជាមួយ​ប្រមុខ​បក្សប្រឆាំង​បេឡារុស​លោកស្រី​ស្វេតឡាណា ទីខាណូវស្កាយ៉ា​ដែល​កំពុង​ភៀសខ្លួន​ជ្រកកោន​នៅ​លីទុយអានី។ លោក​ម៉ាក្រុង​បាន​ប្រាប់​លោកស្រី​ទីខាណូវស្កាយ៉ា​ថា បារាំង​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​រួមគ្នា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ជួយ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​បេឡារុស។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ថា លោក​អាច​ទៅ​អង្គការដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប​ឲ្យ​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​រឿង​នេះ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ផ្នែក​ភាសា​រុស្ស៊ី លោកស្រី​ស្វេតឡាណា ទីខាណូវស្កាយ៉ា​បាន​បញ្ជាក់​ពី​ការ​មាន​ជំនួប​ល្អ និង​រាក់ទាក់​ជាមួយ​លោក​ម៉ាក្រុង និង​ថា ប្រមុខរដ្ឋ​បារាំង​បាន​ស្គាល់ និង​ក្តាប់​ច្បាស់​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​បេឡារុស។

ផ្សាយពាណិជ្ជកម្ម

« យើង​ទើប​មាន​ជំនួប​មួយ​ដ៏​ល្អ និង​រាក់ទាក់។ ខ្ញុំ​បាន​ដឹង​ថា លោក​ម៉ាក្រុង​ទទួល​បាន​ព័ត៌មាន និង​មាន​ព័ត៌មាន​យ៉ាង​លំអិត​ស្តីពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​បេឡារុស។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​បារាំង។ បារាំង​បាន​គាំទ្រ​ឲ្យ​មាន​វិធានការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​អំពើហិង្សា​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​បេឡារុស។ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែល​យើង​កំពុង​ទាមទារ​ចង់​បាន​ត្រូវ​តែ​រៀបចំ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ព្រោះ​ថា​បើ​តាម​ការ​លើកឡើង​របស់​លោក​ម៉ាក្រុង មាន​មនុស្ស​ច្រើន​ណាស់​កំពុង​រងទុក្ខ ឈឺចាប់។ ខ្ញុំ​បាន​មើល​ឃើញ​ថា លោក​ម៉ាក្រុង​ពិត​ជា​មាន​ក្តីបារម្ភ​ខ្លាំង​ណាស់​ចំពោះ​ជោគវាសនា​របស់​អ្នកទោស​នយោបាយ​របស់​យើង និង​ជនរងគ្រោះ​ដោយ​ការ​ធ្វើ​ទារុណកម្ម។ អារម្មណ៍​ស្មោះត្រង់​របស់​លោក​ម៉ាក្រុង​ចំពោះ​ប្រទេស​បេឡារុស គឺ​ឃើញ​ច្បាស់ក្រឡែត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ