ហេតុអ្វីអឺរ៉ុបបន្ដគ្មាននយោបាយការបរទេសរួម?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៦
អឺរ៉ុបនៅបន្ដគ្មាននយោបាយការបរទេសរួម ទោះត្រូវប្រឈមចំពោះមុខ ទាំងបញ្ហានយោបាយ និងវិបត្តិហិរញ្ញវត្ថុ។ ហេតុផលចម្បងបី រួមមាន ជំហរនយោបាយផ្ទុយគ្នារវាងប្រទេសក្បាលម៉ាស៊ីនអាល្លឺម៉ង់និងបារាំង វិបត្តិប្រាក់អឺរ៉ូ និងការតម្រូវឱ្យមានការសម្រេចចិត្តជាឯកច្ឆន្ទរវាងបណ្ដាប្រទេសសមាជិក បានបន្តបង្កភាពរាំងស្ទះដល់អឺរ៉ុប ក្នុងការសម្រេចនយោបាយការបរទេសរួម។
ក្រោយពីអឺរ៉ុបបានងើបផុតពីមហន្តរាយនៃសង្គ្រាមលោកទាំងពីរ គំនិតនៃការួបរួមគ្នារបស់អឺរ៉ុប ហាក់ក្លាយជារឿងមួយដែលត្រូវធ្វើបំផុត។ អឺរ៉ុបជាទ្វីបនៃបណ្ដាប្រទេសដែលមានចំណុចរួមច្រើន។ ពួកគេបានឆ្លងកាត់សករាជ Renaissance និងសករាជពន្លឺ (Siècle des Lumières) រួមគ្នា ហើយបានចាក់ឫសយ៉ាងជ្រៅដោយវប្បធម៌អឺរ៉ុបតែមួយ។ វាជារបៀបដូចគ្នានៃការគិតអំពីខ្លួនផ្ទាល់ និងពិភពលោកទាំងមូល។ សាសនាគ្រិស្ត ជាសាសនាធំបំផុតនៅអឺរ៉ុប។ ត្រលប់ទៅមើលប្រវត្តិសាស្ត្រឆ្ងាយជាងនេះបន្តិច បណ្ដាប្រទេសអឺរ៉ុបទទួលបានកេរមរតករួម ពីភាពរុងរឿងនៃចក្រភពរ៉ូម៉ាំងដែលបានបន្សល់ឱ្យពួកគេនូវ លក្ខណៈរួមយ៉ាងច្រើន ក្នុងរបៀបដែលពួកគេរៀបចំសង្គម។ អឺរ៉ុបក៏ប្រឈមនឹងបញ្ហាភូមិសាស្រ្ដនយោបាយរួមផងដែរ។
នយោបាយការបរទេសរួមក្នុងសហភាពអឺរ៉ុប
ដើម្បីស្វែងយល់អំពីនយោបាយការបរទេស ឬបញ្ហាកិច្ចការទូត ក្នុងសហភាពអឺរ៉ុប គេចាំបាច់ត្រូវផ្អែកលើផែនទីភូមិសាស្រ្ដនៃតំបន់អឺរ៉ុបទាំងមូល។ នៅព្រំដែនម្ខាងគឺ រុស្សី ដែលនៅតែអាចបង្កជាការគំរាមគំហែងដល់ សមាជិកអឺរ៉ុបខាងកើត។ នៅប៉ែកខាងត្បូងឈៀងខាងកើត តំបន់Balkansនៅបន្ដមានសភាពច្របូកច្របល់។ តួកគីបានចាកចេញពីសម្ព័នមិត្ត ហើយបានបង្កការគំរាមគំហែងដល់ប្រទេសជិតខាង។ នៅអ៊ុយក្រែន សង្គ្រាមនៅបន្ដមានវត្តមាននៅឡើយ ខណៈ ក្តីបារម្ភ ក៏បន្ដកើតមានផងដែរ សម្រាប់ប្រទេសបេឡារុស ដែលមានទំនោរទៅរករបបផ្តាច់ការ។ នៅជុំវិញសមុទ្រមេឌីទែរ៉ាណេ គេអាចអង្កេតឃើញពីវិបត្តិនយោបាយ និងអស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា ទៅដល់បណ្ដាប្រទេសអាហ្វិកខាងជើង។ប្រឈមទល់នឹងស្ថានភាពទាំងនេះ សហភាពអឺរ៉ុប គួរតែមាននយោបាយការបរទេសរួម ក៏ប៉ុន្តែ ផ្ទុយទៅវិញ អឺរ៉ុបបែរជាបន្តគ្មាននយោបាយការបរទេសរួមទៅវិញ។
អាល្លឺម៉ង់ និងបារាំង៖ ប្រទេសក្បាលម៉ាស៊ីនអឺរ៉ុបមាននយោបាយការបរទេសខុសគ្នា
ក្នុងចំណោមហេតុផលដ៏ចម្បងដែលអឺរ៉ុបគ្មាននយោបាយការបរទេសរួម គឺថា ប្រទេសអាល្លឺម៉ង់ និងបារាំង ដែលជាប្រទេសក្បាលម៉ាស៊ីនអឺរ៉ុប មាននយោបាយការបរទេសខុសគ្នា។ ជាឧទាហរណ៍ រុស្សីត្រូវប្រទេសអឺរ៉ុបភាគច្រើន រួមទាំងអាល្លឺម៉ង់ ចាត់ទុកជាការគំរាមកហែង ដល់បណ្ដាប្រទេសអឺរ៉ុប ក៏ប៉ុន្តែ រុស្សីក៏ត្រូវគេចាត់ទុកថាជាសម្ព័ន្ធមិត្តរបស់បារាំងទៅវិញ។
បារាំងជាតួអង្គដ៏សំខាន់សម្រាប់អឺរ៉ុប ក្នុងតួនាទីជាមហាអំណាចសកលមួយ។ ក្រោយពីការដើរចេញពីសហភាពអឺរ៉ុប របស់ចក្រភពអង់គ្លេស បារាំងជាមហាអំណាចនុយក្លេអ៊ែរ និងជាសមាជិកអចិន្ត្រៃយ៍តែមួយគត់ តំណាងឱ្យសហភាពអឺរ៉ុប នៅក្នុងអង្គការសហប្រជាជាតិ។ ជារឿយៗ បារាំងត្រូវគេមើលឃើញ ជាអ្នកតស៊ូមតិដ៏ខ្លាំងខ្លាមួយ ក្នុងការទាមទារឱ្យអឺរុបធ្វើសកម្មភាពរួមគ្នា ដើម្បីប្រឈមបញ្ហារួម ជាឧទាហរណ៍ ការគំរាមកំហែងរបស់ចិន និងអាមេរិក។ ក៏ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង បារាំងក៏តែងតែជាប្រទេសដំបូងដែលធ្វើឱ្យរាំងស្ទះ ដល់ការអនុវត្តនយោបាយអឺរ៉ុបរួមផងដែរ។ ជាឧទាហរណ៍ ក្នុងករណីបញ្ហាប្រទេសលីប៊ី បារាំងជាអ្នកជួយឧបត្ថម្ភដ៏សំខាន់ ចំពោះលោក Khalifa Haftar ដែលជាឧត្តមសេនីយ៍ បានវាយប្រហារលើរដ្ឋាភិបាលមួយស្របច្បាប់ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
អ្នកជំនាញខ្លះបានលើកឡើងថា អឺរ៉ុបជាជនរងគ្រោះនៃទីតាំងភូមិសាស្រ្ដរបស់ខ្លួន នៅពេលដែលគេគិតដល់បញ្ហានយោបាយការបរទេស។ ក៏ប៉ុន្តែ វាក៏ដោយសារហេតុផលនៃបរាជ័យនយោបាយរបស់អឺរ៉ុបផ្ទាល់តែម្ដង ដែលមិនអាចជំនះឧបសគ្គទាំងនេះបាន។
វិបត្តិគម្រោងប្រាក់អឺរ៉ូ
គម្រោងប្រាក់អឺរ៉ូ ក៏បានបង្កជាបញ្ហាផងដែរ សម្រាប់សហភាពអឺរ៉ុបទាំងមូល ហើយជារឿយៗ ការដាក់ចេញនយោបាយដើម្បីដោះស្រាយវិបត្តិពាក់ព័ន្ធទៅនឹងគម្រោងប្រាក់អឺរ៉ូ ត្រូវរាំងស្ទះដោយប្រទេសអាល្លឺម៉ង់។ ជាឧទាហរណ៍ ការសម្រេចបានកិច្ចព្រមព្រៀង ក្នុងគម្រោងថវិកាបំណុលរួម ដើម្បីសង្គ្រោះសេដ្ឋកិច្ច នៃបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប ប្រឈមនឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បង្ហាញជាភ័ស្តុតាងថា អាល្លឺម៉ង់ មានអំណាចធំធេងគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរ ឬដឹកនាំអឺរ៉ុបទាំងមូល។ បើគ្មានការយល់ព្រម និងការដឹកនាំដោយអាល្លឺម៉ង់ទេ កិច្ចព្រមព្រៀងនេះមិនអាចសម្រេចបានទេ។ នៅខែមេសា លោកស្រី Angela Merkel ដែលជាអធិការបតីអាល្លឺម៉ង់ មានជំហរប្រឆាំងនឹងគម្រោងបំណុលរួមនេះ ក៏ប៉ុន្តែ ក្រោយមក លោកស្រីបានសម្រេចចិត្តចូលរួមជាមួយ លោក Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងការគាំទ្រគម្រោងនេះ។
ក្នុងវិបត្តិប្រាក់អឺរ៉ូ ដោយសារប្រទេសសមាជិកយ៉ាងច្រើន ត្រូវរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ប្រទេសទាំងនោះត្រូវការកញ្ចប់ថវិកាបន្ថែម ក៏ប៉ុន្តែ ប្រទេសទាំងនោះមិនអាចប្រើប្រាស់នយោបាយហិរញ្ញវត្ថុរបស់ខ្លួនបាន ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ព្រោះថាយន្តការប្រាក់អឺរ៉ូ និងការអនុវត្តនយោបាយរឹតត្បិត ត្រូវដឹកនាំដោយអាល្លឺម៉ង់។
នយោបាយឯកច្ឆន្ទនៃការសម្រេចចិត្ត
បញ្ហាចម្បងមួយផ្សេងទៀត ដែលបង្កការរាំងស្ទះដល់ការសម្រេចនយោបាយការបរទេសរួមផងដែរ សម្រាប់សហភាពអឺរ៉ុប គឺ ការទាមទារឱ្យមានការសម្រេចចិត្តជាឯកច្ឆន្ទ រវាងបណ្ដាប្រទេសសមាជិក។ ដើម្បីសម្រេចបាននយោបាយការបរទេសរួមណាមួយ គេត្រូវការការយល់ស្របពីគ្រប់បណ្ដាប្រទេសសមាជិកទាំងអស់។ ឯកសារស្រាវជ្រាវខ្លះ បានគូសបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ី ការបង្ខំរបស់ចិន និងទង្វើរបស់សម្ព័ន្ធមិត្តអាត្លង់ទិក បាននិងកំពុងបង្កការគំរាមកំហែងដល់ផលប្រយោជន៍របស់សហភាពអឺរ៉ុបនៅលើពិភពលោក។ មូលហេតុនេះហើយ ដែលមតិសាធារណៈនៅទូទាំងទ្វីបអឺរ៉ុប បានបង្ហាញជំហរគាំទ្រគោលនយោបាយការបរទេសរួម កាន់តែមានទំនោរខ្លាំងខ្លា។ សំនួរមួយត្រូវចោទសួរឡើង ក្នុងពេលនេះ ថាតើសហភាពអ៊ឺរ៉ុបនឹងត្រូវផ្លាស់ប្ដូរពីការសម្រេចចិត្តរួមដោយឯកច្ឆន្ទ មកជាការសម្រេចចិត្តរួមដោយមតិភាគច្រើនឬក៏យ៉ាងណា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ