អានតួអត្ថបទ
ចិន-អុយហ្គួ

សមាជិកសភា​អឺរ៉ុប​បើក​វេទិកា​សម្តែង​សាមគ្គីភាព​ជួយ​ជនជាតិភាគតិច​អ៊ុយហ្គួរ​នៅ​ស៊ីនជាំង

ស្ត្រី​ពាក់ម៉ាស​សរសេរ​ថា ដោះលែង​អ៊ុយហ្គួរ
ស្ត្រី​ពាក់ម៉ាស​សរសេរ​ថា ដោះលែង​អ៊ុយហ្គួរ Michele Tantussi/Reuters
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

ក្រោមគំនិត​ផ្តួចផ្តើម​របស់​សមាជិកសភា​អឺរ៉ុប បញ្ញាជន សិល្បករ អ្នកនយោបាយ ជាច្រើនរូប បានចេញសេចក្តីអំពាវនាវមួយ​ នៅ​ថ្ងៃពុធ​ទី ៣០​កញ្ញា ២០២០ ដាស់សហគមន៍អន្តរជាតិ ឱ្យបញ្ចេញសកម្មភាពជួយជនជាតិភាគតិចអ៊ុយហ្គួនៅស៊ីងជាំង។ ជាសកម្មភាពដ៏​ឆាប់រហ័ស និង​ដែលមានអំណាច ដើម្បីបិទបញ្ចប់​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹងមនុស្សជាតិនៅប្រទេសចិន។ ចំណែក​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​វិញ ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​និង​​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ប៉េកាំងចំពោះ​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​​នៅ​ស៊ីនជាំង ថា​ឃោរឃៅ។

ផ្សាយពាណិជ្ជកម្ម

តាំងពីជាច្រើនឆ្នាំមក របបកុម្មុយនិសចិនបាន​ឃុំឃាំងមនុស្សរាប់​លាននាក់ក្នុងជំរំលត់ដំ ព្រោះតែជនទាំងនោះកើតមកជាជនជាតិអ៊ុយហ្គួ។ ពួកគេត្រូវបានអាជ្ញាធរបង្ខំឱ្យរម្លូតកូន បញ្ចប់​សមត្ថភាពបន្តពូជ ជម្លៀសកូនឱ្យនៅឯកាឆ្ងាយពីឪពុកម្តាយ រួមដំណេកជាមួយសមាជិកបក្សកុម្មុយនិសចិនបើជាស្រី ចាប់រំលោភទាំងហ្វូងៗ... ពោល​គឺ​តាំងពីឆ្នាំ២០១៦មក តំបន់ស្វយ័តស៊ីងជាំង បានក្លាយ​ជា​កន្លែង​ដែល​គ្មាន​​​មនុស្សធម៌​សម្រាប់មនុស្ស​។ នេះ​បើ​តាម​សំណេរ​នៅ​ក្នុងសេចក្តី​អំពាវនាវ​ ដែល​ផ្តួចផ្តើម​​ឡើង​ដោយ​សមាជិក​សភា​អឺរ៉ុបលោក Raphaël Glucksmann និងដែល​ចុះ​ហត្ថលេខា​ដោយ​​របស់​ក្រុម​បញ្ញាជន​ជាង​៥០​នាក់ មានជា​អាទិ៍ អ្នក​និពន្ធ​អង់គ្លេសកាត់​ឥណ្ឌា Salman Rushdie អ្នកនិពន្ធ​អ៊ីតាលី Roberto Saviano អ្នកកាសែត​បារាំងដើមកំណើត​ម៉ារុក​Leïla Slimani ​ សមិទ្ធិករ Jacques Audiard តារាភាពយន្ត Omar Sy បារាំង ប្រធាន​គណបក្ស​សង្គម​និយម​ប៊ែលហ្សិក Paul Magnette សេដ្ឋវិទូ​បារាំង Thomas Piketty ប្រវត្តិវិទូ​បារាង Patrick Weil ឬ​ប្រធាន​វិទ្យាស្ថាន​អ៊ុយហ្គួ​អឺរ៉ុប លោក Dilnur Reyhan ជា​ដើម។

វេទិកា​អំពាវនាវ​​បាន​ស្នើ​សុំ​ជា​ពិសេស​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​របស់​ខ្លួន ចាត់​វិធានការ​ ឱ្យ​បាន​ឆាប់​ៗ ​ដាក់​ទណ្ឌកម្ម​ឱ្យ​ចំ​​លើ​បុគ្គល​អ្នក​ទទួលខុស​ត្រូវ​ចិន​នៅ​ស៊ីនជាំង និង​រៀប​ចំ​ផែនការ​នយោបាយ ជួយ-ទទួល​ជនជាតិ​អ៊ុយហ្គូរដែល​រត់​គេច​រួច។ ម្ចាស់​ហត្ថលេខី​ទាំង​អស់​ចង់​ឱ្យ​​អង្គការ​សហប្រជាជាតិ​ថា​ត្រូវ​តែ​បើក​អង្កេត​និង​រក​វិធីយ៉ាងណាចូល​ឱ្យ​ដល់​ជំរំ​លត់​ដំ បើ​​ទោះ​ត្រូវប្រើ​វិធី​គំរាមដាក់​ទណ្ឌកម្ម​ក៏ដោយ និងបាន​ជំរុញ​ឱ្យ​​ក្រុមហ៊ុនពហុជាតិ​ចំនួន​ ​៨៣ ត្រូវ​តែ​បញ្ឈប់ភ្លាម​រាល់​គ្រប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ដែល​ប្រើ​កម្មករ​អ៊ុយហ្គួ។

ក្រៅ​អំពី​​វេទិកាអំពាវនាវ​ នៅ​ពុធ​ទី ៣០​កញ្ញានេះ សភា​អឺរ៉ុប​ក៏​បាន​បើក​​យុទ្ធនាការ​​សម្តែង​សាមគ្គីភាព​ជាមួយ​ជនជាតិ​អ៊ុយហ្គួ។ ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​​​សភា​អឺរ៉ុប​ នៅ​ថ្ងៃពុធ​ទី ៣០​កញ្ញា​ ត្រូវ​ជា​​មួយ​​ថ្ងៃមុន​បើ​ក​ជំនួប​កំពូល​សហភាពអឺរ៉ុប​-ចិន លោកស្រី មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​​ ​បាន​បរិហារទង្វើ​របស់​​ចិនចំពោះ​​ជនជាតិ​ភាគតិច​អ៊ុយហ្គួ។ លោកស្រី​បាន​អះអាង​​ថា ​​សិទ្ធិ​មនុស្ស​ជា​បញ្ហា​សំខាន់​ដែលអឺរ៉ុប​​ត្រូវ​លើ​មក​និយា​យនូវរាល់​គ្រប់​ជំនួប​មួយ​ចិន។ ​អឺរ៉ុប​ត្រូវ​តែ​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់​​​អំពី​ជំហរ​ខុស​គ្នារវាង​អឺរ៉ុប​និង​ចិន។ ​អឺរ៉ុប​ត្រូវ​តែសម្តែងការ​ព្រួយ​បារម្ភ​ និងលើក​ទៅ​ជជែកជាមួយ​ចិន​អំពី​​​ស្ថានភាពរំលោភ​​​សិទ្ធិមនុស្ស​ដ៏​ឃោរឃៅ​លើ​ជនជាតិ​ភាគ​តិច និង​ស្ថានភាព​នយោបាយ​នៅ​ហុងកុង។ នេះ​បើ​តាមប្រសាសន៍​របស់​លោកស្រីប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែលកំពុង​ធ្វើ​​ជា​ប្រធាន​ផ្លាស់​វេន​អឺរ៉ុប តែលោកស្រី​មិន​ហៅ​ឱ្យ​ចំ​ជនជាតិ​ភាគតិច​ “អ៊ុយហ្គួ”​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ