អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើគេអាចបិទបញ្ចប់សង្រ្គាមរវាងប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ដោយរបៀបណា?

សំឡេង ០៨:២៥
តើគេអាចបិទបញ្ចប់សង្រ្គាមរវាងប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ដោយរបៀបណា?
តើគេអាចបិទបញ្ចប់សង្រ្គាមរវាងប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ដោយរបៀបណា? Handout / Armenian Defence Ministry / AFP
៤២ នាទី

នៅ​ក្នុង​តំបន់​កូកាស ការ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំងទ័ព​អាស៊ែបៃហ្សង់ និង​កម្លាំង​ក្រុមអ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​តំបន់​ការ៉ាបាក់​គាំទ្រ​ដោយ​កម្លាំងទ័ព​អាមេនី​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ក្តៅគគុក។ កម្មវត្ថុ​របស់​កម្លាំងទ័ព​អាស៊ៃបៃហ្សង់ គឺ​វាយដណ្តើម​យក​វិញ​នូវ​ទឹកដី​ជុំវិញ​តំបន់​ការ៉ាបាក់​ដែល​ខ្លួន​បាន​បាត់បង់​នៅ​ក្នុង​សម័យ​សង្រ្គាម​ផ្តាច់ទឹកដីនិយម​ចន្លោះ​ឆ្នាំ ១៩៨៨ និង ១៩៩៤។ ទន្ទឹម​នឹង​សង្រ្គាម​កំពុង​បន្ត ក្រុមប្រឹក្សាសន្តិសុខ រួម​ទាំង​ប្រទេស​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​បញ្ឈប់សង្រ្គាម និង​ចូល​តុចរចា។ រុស្ស៊ី និង​តួកគី​ដែល​ជា​អ្នក​គាំទ្រ​ភាគី​ម្ខាងៗ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ជម្លោះ​មួយ​នេះ។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​សម្លឹង​ឃើញ គឺ​មាន​តែ​រុស្ស៊ី​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​ប្រយុទ្ធ។ ចំណែក​តួកគី​បែរ​ជា​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​គាំទ្រ​ផ្លូវយោធា​ដល់​អាស៊ែបៃហ្សង់។

ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​ថ្មី​ចុង​ក្រោយ​នៅ​ក្នុង​ជម្លោះ​រវាង​អេមេនី និង​អាស៊ែបៃហ្សង់​កំពុង​ឡើង​តានតឹង​កាន់​តែ​ខ្លាំង។ ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អាស៊ែបៃហ្សង់ និង​កម្លាំង​ផ្តាច់ទឹកដីនិយម​នៅ​ក្នុង​តំបន់​ការ៉ាបាក់​កំពុង​ប្រែក្លាយ​បន្តិច​ម្តងៗ​ទៅ​ជា​សង្រ្គាម​យ៉ាង​ចំហ​រវាង​ប្រទេស​អាមេនី​ដែល​គាំទ្រ​ពួក​ផ្តាច់ទឹកដី​និយម​នៅ​តំបន់​ការ៉ាបាក់ និង​ប្រទេស​អាស៊ៃបៃហ្សង់​ដែល​គាំទ្រ​ដោយ​ប្រទេស​តួកគី។ តាំង​ពី​ថ្ងៃ​ផ្ទុះ​សង្រ្គាម​ក្នុង​ថ្ងៃ​អាទិត្យ ទី២៧ កញ្ញា​មក​ទល់​ពេល​នេះ គេ​មាន​ត្រឹម​តួលេខ​បណ្តោះអាសន្ន​ស្តីពី​ចំនួន​មនុស្ស​ស្លាប់​សរុប ១២៧នាក់ ក្នុង​នោះ អាមេនី​បញ្ជាក់​ពី​ការ​ស្លាប់​ទាហាន​របស់​ខ្លួន​ចំនួន ១០៤នាក់ និង​ជនស៊ីវិល​ចំនួន ៨នាក់។ ចំណែក​អាស៊ែបៃហ្សង់​បាន​ប្រាប់​អ្នក​ស្លាប់​ជា​ជនស៊ីវិល​ចំនួន ១៥នាក់ និង​បដិសេធ​មិន​ប្រាប់​ចំនួន​អ្នក​ស្លាប់​ជា​ទាហាន​ទេ។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ជម្លោះ​ដែល​បាន​អូសបន្លាយ​តាំង​ពី ៣០ឆ្នាំ​មួយ​នេះ អាមេនី និង​អាស៊ែបៃហ្សង់​ធ្លាប់​បាន​ផ្ទុះ​សង្រ្គាម​នឹង​គ្នា​ម្តង​ក្នុង​ឆ្នាំ ២០១៦ ដែល​មាន​រយៈពេល តែ ៤ថ្ងៃ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៣៥០នាក់​គិត​ទាំង​ស៊ីវិល និង​ទាហាន។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង គឺ​ខ្លាច​តែ​សង្រ្គាម​ពេល​នេះ​ត្រូវ​អូសបន្លាយ​វែង​ដែល​អាច​ឆ្លង​រាលដាល​ទៅ​ជា​សង្រ្គាម​នៅ​ក្នុង​តំបន់​ទាំង​មូល។

រហូត​មក​ដល់​ពេល​នេះ ការ​អំពាវនាវ​ឲ្យ​ឈប់​ប្រយុទ្ធ​គ្នា​មាន​ពី​គ្រប់​ទិសទី​ដោយ​ផ្តើម​ចេញ​ពី​ក្រុមប្រឹក្សាសន្តិសុខ រួម​ទាំង​ប្រទេស​ពាក់ព័ន្ធ​ជា​ច្រើន ពិសេស​រុស្ស៊ី និង​បារាំង។ ការ​អំពាវនាវ​របស់​រុស្ស៊ី និង​បារាំង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​តាម​វីដេអូ​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន និង​សមភាគី​បារាំង​លោក​ម៉ាក្រុង។ មួយ​វិញ​ទៀត ការ​អំពាវនាវ​របស់​លោក​ពូទីន និង​លោក​ម៉ាក្រុង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​នាម​ជា​ភាគី ២ ក្នុង​ចំណោម​ភាគី​ទាំង ៣ ជាមួយ​សហរដ្ឋអាមេរិក​ស្ថិត​ក្នុង« គ្រុបមីនស្កិ៍ » នៃ​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប។ « គ្រុបមីនស្កិ៍ » នេះ​បាន​ធ្វើ​ជា​អន្តរការី​ឲ្យ​ជម្លោះ​នៅ​តំបន់​ការ៉ាបាក់​តាំង​ពី​ឆ្នាំ ១៩៩២ ដោយ​សម្រេច​បាន​នូវ​បទឈប់​បាញ់​មួយ​ចុះ​ហត្ថលេខា​រវាង​អាស៊ៃបៃហ្សង់ និង​ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​នៅ​តំបន់​ការ៉ាបាក់​កាល​ពី​ឆ្នាំ ១៩៩៤។

តើ​គួរ​បន្ត​ប្រើ​យន្តការណ៍ « គ្រុបមីនស្កិ៍ »?

នៅ​ចំពោះ​មុខ គេ​គួរ​បន្ត​ប្រើ​យន្តការណ៍« គ្រុបមីនស្កិ៍ » ដែល​មាន​រុស្ស៊ី បារាំង និង​សហរដ្ឋអាមេរិក ព្រោះ​ចូរ​កុំ​ភ្លេច​ថា គេ​គ្មាន​យន្តការណ៍​អ្វី​ផ្សេង​ទេ​តាំង​ពី​ជម្លោះ​នៅ​ការ៉ាបាក់​បាន​អូសបន្លាយ​អស់ ៣០ឆ្នាំ​កន្លង​មក។ តែ​ទន្ទឹម​គ្នា​នេះ គេ​ក៏​ត្រូវ​គិតគូរ​រក​យន្តការណ៍​ផ្សេង​ដែរ ព្រោះ ៣០ឆ្នាំ​ក្រោយ​មក ស្ថានការណ៍​នៅ​ក្នុង​ជម្លោះ​ដដែល​មួយ​នេះ​មាន​ការ​ប្រែប្រួល​ដែល​គេ​ត្រូវ​បន្ថែម​តួអង្គ​ថ្មី។ តួអង្គ​ថ្មី​ដែល​គេ​ចង់​និយាយ គឺ​ប្រទេស​តួកគី​ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ត្រៀមខ្លួន​ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់​ប្រទេស​អាស៊ែបៃហ្សង់ បើ​មាន​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​អាស៊ែបៃហ្សង់។ ខុស​ពី​រុស្ស៊ី​ដែល​គាំទ្រ​ប្រទេស​អាមេនី និង​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទម្លាក់​អាវុធ​ចុះ ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បែរ​ជា​បាន​សុខ​ចិត្ត​ស្លាប់​រស់​ជាមួយ​អាស៊ែបៃហ្សង់។

លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ច្បាស់ៗ​ថា មាន​តែ​ការ​រំដោះ​ទឹកដី​កាន់កាប់​ដោយ​ពួក​អ្នកផ្តាច់ទឹកដីនិយម​នៅ​ការ៉ាបាក់​ទៅ​ឲ្យ​អាស៊ែបៃហ្សង់​វិញ​ទេ​ទើប​គេ​អាច​រក​ឃើញ​ឡើង​វិញ​នូវ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ឃើញ​ថា​ចង់ ឬ​មិន​ចង់ តួកគី​កំពុង​ក្លាយ​ជា​ឆ្អឹង​ទទឹង ក របស់​សហគមន៍​អន្តរជាតិ និយាយ​ជា​រួម និង​របស់​បស្ចិមលោក និយាយ​ដោយឡែក​នៅ​ក្នុង​សង្រ្គាម​រវាង​អាមេនី និង​អាស៊ែបៃហ្សង់​ពេល​នេះ។ ក្រៅ​ពី​ការ​ប្រើ​កម្លាំងទ័ព​ខ្លួន​ឯង តួកគី​ក៏​បាន​បញ្ជូន​ទ័ពស៊ីឈ្នួល​ជា​ជនជាតិ​ស៊ីរី​ទៅ​ជួយ​ប្រយុទ្ធ​ជាមួយ​ទ័ពអាស៊ែបៃហ្សង់ នេះ​បើ​តាម​ព័ត៌មាន​ផ្តល់​ដោយ​សកម្មជនប្រឆាំង​ស៊ីរី​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ។

តាម​សកម្មជនប្រឆាំង​ស៊ីរី​រូប​នេះ​ដដែល មាន​ទ័ពស៊ីឈ្នួល​ស៊ីរី​ពី ៣០០នាក់ ទៅ ៤០០នាក់​ត្រូវ​បាន​តួកគី​បញ្ជូន​ទី​អាស៊ែបៃហ្សង់ និង​ថា ការ​ដែល​ក្រុម​យុវជនស៊ីរី​បាន​យល់ព្រម​ធ្វើ​ជា​ទ័ពស៊ីឈ្នួល​ឲ្យ​តួកគី​ក៏​ដើម្បី​លុយ ព្រោះ​តួកគី​ឲ្យ​ប្រាក់ខែ ១ ៨០០ដុល្លារ​ក្នុង​ម្នាក់ៗ​ក្នុង​មួយ​ខែ។ ឃើញ​ថា តួកគី​ជា​តួអង្គសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​សង្រ្គាម​រវាង​អាមេនី និង​អាស៊ែបៃហ្សង់​ពេល​នេះ តែ​សួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ទាញ​តួកគី​ឲ្យ​ចូលរួម​ជួយ​ដោះស្រាយ ព្រោះ​ថា​ពេល​នេះ តួកគី​ហាក់​កំពុង​សម្លឹង​ឃើញ​សមរភូមិ​ប្រយុទ្ធ​ជាង​តុចរចា។

រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​នៅ​ចំពោះ​មុខ​ជំហរ​តួកគី

បច្ចុប្បន្ន​នេះ ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី និង​តួកគី​ត្រូវ​បាន​គេ​ស្គាល់​ជា​ទំនាក់ទំនង​សុំាំញាំ។ រុស្ស៊ី និង​តួកគី​មាន​ជំហរ​ផ្ទុយ​គ្នា​ទាក់ទង​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​លីប៊ី​ដែល​ម្នាក់ៗ​បាន​គាំទ្រ​ភាគី​ម្ខាងៗ។ នៅ​ស៊ីរី តួកគី​គាំទ្រ​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី ហើយ​រុស្ស៊ី​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី។ ចំណែក​នៅ​លីប៊ី រុស្ស៊ី​គាំទ្រ​ក្រុមប្រឆាំង ហើយ​តួកគី​គាំទ្រ​រដ្ឋាភិបាល។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ជម្លោះ​នៅ​ស៊ីរី និង​នៅ​លីប៊ី​ជា​ជម្លោះ​ផ្ទៃក្នុង ពោល​ខុស​ពី​ជម្លោះ​រវាង​ប្រទេស និង​ប្រទេស​ដែល​អាមេនី និង​អាស៊ែបៃហ្សង់​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ពេល​នេះ។ ដូច្នេះ ជំហរ​របស់​រុស្ស៊ី​ទាក់ទង​នឹង​ជម្លោះ​នៅ​ក្នុង​តំបន់​ការ៉ាបាក់​មិន​ដូច​គ្នា​នឹង​ជំហរ​នៅ​ក្នុង​ជម្លោះ​នៅ​ស៊ីរី ឬ​នៅ​លីប៊ី​ទេ។ គ្រោះថ្នាក់​សម្រាប់​រុស្ស៊ី គឺ​នៅ​ពេល​ណា​ដែល​សង្រ្គាម​បាន​ផ្ទុះ​ជា​ចំហ​ក្រោម​ទ្រង់ទ្រាយ​ធំ​ឆ្លង​ចូល​ក្នុង​ទឹកដី​អាមេនី និង​អាស៊ែបៃហ្សង់។

ចូរ​កុំ​ភ្លេច​ថា រុស្ស៊ី និង​អាមេនី​ជា​សមាជិក​របស់​អង្គការ​នៃ​សន្ធិសញ្ញា​សន្តិសុខរួម​ដែល​ចែង​ថា ប្រទេស​សមាជិក​ត្រូវ​ចូល​ជួយ​ប្រទេស​សមាជិក​ផ្សេង​នៅ​ក្នុង​ករណី​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ក្រៅ។ តែ​សួរ​ថា បើ​អាមេនី​ត្រូវ​បាន​ទ័ព​អាស៊ៃបៃហ្សង់​វាយ​ប្រហារ​ដល់​ទីក្រុង តើ​រុស្ស៊ី​អាច​ប្រើ​ទ័ព​ជួយ​អាមេនី​ដែរ ឬ​ទេ ហើយ​ថា តើ​តួកគី​ដែល​គាំទ្រ​អាស៊ែបៃហ្សង់​គិត​យ៉ាង​ម៉េច​ដែរ។ គួរ​បញ្ជាក់​ថា​ពេល​នេះ ជម្លោះ​ហាក់​ទើប​កំណត់​រវាង​ទ័ព​អាសែបៃហ្សង់ និង​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​តំបន់​ការ៉ាបាក់​ដែល​មិនមែន​ជា​អធិបតេយ្យ​របស់​អាមេនី នោះ​បើ​គេ​ដឹង​ថា អាមេនី​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក៏​ដោយ។ ដូច្នេះ​នៅ​ចំពោះ​មុខ រុស្ស៊ី​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ចេញ​មុខ​ការពារ​អាមេនី​តាម​ផ្លូវយោធា​ទេ។ អ្វី​ដែល​រុស្ស៊ី​ត្រូវ​បន្ត​ព្យាយាម​ពេល​នេះ គឺ​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ជាមួយ​បារាំង និង​សហរដ្ឋអាមេរិក​ដូច​ដែល​រុស្ស៊ី​បាន​ធ្វើ​កន្លង​មក ពិសេស​ក្នុង​ឆ្នាំ ២០១៦ ដែល​អាមេនី និង​អាស៊ៃបៃហ្សង់​បាន​ផ្ទុះសង្រ្គាម​នឹង​គ្នា​មួយ​ប្រ៉ាវ​រយៈពេល ៤ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ