បារាំង-តួកគី

បារាំង-តួកគី៖លោកម៉ាក្រុងស្នើឲ្យលោកអ៊ែរដូហ្កានបំភ្លឺជុំវិញវត្តមានពួកជីហាតនៅក្នុងជម្លោះនៅការ៉ាបាក់

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​តួកគី​លោកអ៊ែរដូហ្កាន​
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​តួកគី​លោកអ៊ែរដូហ្កាន​ AFP - ADEM ALTAN,LUDOVIC MARIN

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ តុលា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បរិហារ​ពី​វត្តមាន​ពួក​ជីហាត​នៅ​ក្នុង​ជម្លោះ​នៅ​ការ៉ាបាក់។ លោក​ម៉ាក្រុង​បាន​ស្នើ​ឲ្យ​លោក​អ៊ែរដូហ្កាន​ពន្យល់​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ។ បន្ទាប់​មក លោក​ម៉ាក្រុង​ក៏​បាន​អំពាវនាវ​ឲ្យ​អង្គការ​អូតង់​ពិនិត្យមើល​លើ​សកម្មភាព​របស់​តួកគី​ដែល​ជា​សមាជិក​ម្នាក់​របស់​អូតង់។ ការ​ថ្លែង​របស់​ប្រធានាធិបតី​បារាំង​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកកាសែត​នា​ឱកាស​ជំនួបកំពូល​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ គួរ​រម្លឹក​ថា សង្រ្គាមកំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក​រវាង​កងទ័ព​នៃ​ប្រទេស​អាស៊ែបៃហ្សង់​ដែល​គាំទ្រ​ដោយ​តួកគី និង​ពួក​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​តំបន់​ការ៉ាបាក់​ដែល​គាំទ្រ​ដោយ​ប្រទេស​អាមេនី។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​មិន​បាន​ចង្អុល​ចំ​មុខ​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន ហើយ​ក៏​មិន​បាន​និយាយ​ពង្វៀង​ទៅ​ណា​ឆ្ងាយ​ដែរ។ « យោង​តាម​ព័ត៌មាន​របស់​យើង មាន​យុទ្ធជន​ចំនួន ៣០០នាក់​បាន​ចាកចេញ​ពី​ទឹកដី​ស៊ីរី​ទៅ​កាន់​ទឹកដី​អាស៊ែបៃហ្សង់​ដោយ​ឆ្លង​កាត់​ស្រុក Gaziantep របស់​តួកគី » នេះ​ជា​ការ​ថ្លែង​របស់​លោក​ម៉ាក្រុង។ តាម​លោក​ម៉ាក្រុង គេ​បាន​ស្គាល់​អត្តសញ្ញាណ​យុទ្ធជន​ទាំង​នោះ​ដែល​ចេញ​មក​ពី​ក្រុម​ជីហាត​ស្ថិត​ក្នុង​តំបន់​អាឡិប​ប្រទេស​ស៊ីរី ហើយ​មាន​ក្រុម​ផ្សេង​ទៀត​ដែល​មាន​ចំនួន​ដូច​គ្នា​កំពុង​រៀបចំ​ខ្លួន​ចេញ​ពី​ទីនោះ។ « ខ្សែបន្ទាត់ក្រហម​ត្រូវ​បាន​រំលោភ ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ » នេះ​ជា​ការ​បន្ថែម​របស់​លោក​ម៉ាក្រុង។

ជុំវិញ​វត្តមាន​ពួកជីហាត​ពី​ស៊ីរី​ទៅ​អាស៊ៃបៃហ្សង់​នេះ​ត្រូវ​បាន​លោក​ម៉ាក្រុង​បញ្ជាក់​ថា លោក​នឹង​សុំ​ការ​ពន្យល់​បំភ្លឺ​ពី​លោក​អ៊ែរដូហ្កាន​នៅ​ថ្ងៃ​ខាង​មុខ។ លោក​ម៉ាក្រុង​បាន​បន្ថែម​ថា សំណើ​របស់​លោក​មិនមែន​ធ្វើ​ឡើង​ក្នុង​នាម​ប្រទេស​បារាំង​តែ​ម្នាក់​ឯង​ទេ តែ​ក្នុង​នាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម ៣ប្រទេស​ជាមួយ​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ដែល​ស្ថិត​ក្នុង​គ្រុបមីនស្កិ៍​នៃ​អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប។ គ្រុបមីនស្កិ៍​នេះ​មាន​តួនាទី​ជា​អ្នក​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​ការ៉ាបាក់​រវាង​ប្រទេស​អាស៊ែបៃហ្សង់​ដែល​គាំទ្រ​ដោយ​ប្រទេស​តួកគី និង​ពួក​ឧទ្ទាមផ្តាច់ទឹកដីនិយម​ការ៉ាបាក់​ដែល​គាំទ្រ​ដោយ​ប្រទេស​អាមេនី។

ក្រៅ​ពី​សុំ​ការ​បំភ្លឺ​ពី​លោក​អ៊ែរដូហ្កាន​ជុំវិញ​វត្តមាន​ពួក​ជីហាត​នៅ​ក្នុង​ជម្លោះ​នៅ​ការ៉ាបាក់ លោក​ម៉ាក្រុង​ក៏​បាន​ស្នើ​អង្គការ​អូតង់​ឲ្យ​ពិនិត្យ​លើ​អកប្បកិរិយា​របស់​ប្រទេស​សមាជិក​ម្នាក់​ដែល​លោក​ម៉ាក្រុង​ចង់​សំដៅ​លើ​តួកគី។ ដោយឡែក សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​បាន​យល់​ឃើញ​ក្នុង​ថ្ងៃ​សុក្រ ទី២ តុលា​ថា ជម្លោះ​នៅ​ការ៉ាបាក់​មិន​អាច​ដោះស្រាយ​តាម​ផ្លូវយោធា ឬ​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​ពី​ប្រទេស​ណា​មួយ​ទេ។ ចំណែក​ប្រទេស​រុស្ស៊ី​ដែល​ជា​មហាអំណាច​ក្នុង​តំបន់ ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេនី និង​អាស៊ែបៃហ្សង់​ក៏​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​តួនាទី​របស់​តួកគី​នៅ​ក្នុង​ជម្លោះ​នៅ​ការ៉ាបាក់​ដែរ។ តែ​រុស្ស៊ី រួម​ទាំង​ក្រុម​ប្រទេស​បស្ចិមលោក និង​ក្រុម​ប្រឹក្សាសន្តិសុខ​បាន​ទាមទារ​ឲ្យ​ភាគី​ជម្លោះ​បិទបញ្ចប់​ការ​ប្រយុទ្ធ​គ្នា និង​ចូល​តុចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI