ជ័យលាភីណូបែលវេជ្ជសាស្ត្រ ២០២០ ជាអ្នករកឃើញវីរុសបង្កជំងឺរលាកថ្លើម ប្រភេទ c
នៅឆ្នាំ២០២០នេះ ដោយហេតុកូរ៉ូណាវីរុស រង្វាន់ណូបែលវេជ្ជសាស្ត្របានទទួលចំណាប់ជាពិសេស ព្រោះការរាតត្បាតរបស់កូវីដ១៩ បានបង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្ហាញថាវេជ្ជសាស្ត្រសំខាន់សម្រាប់មនុស្សជាតិខ្លាំងណាស់។ ដូចការគ្រោងទុក និងដូចជារៀងរាល់ឆ្នាំ ណូបែលវេជ្ជសាស្ត្រ ត្រូវមកបើកឆាកប្រកាសលទ្ធផលមុនគេ នៅថ្ងៃទី ៥ តុលានេះ។ ជ័យលាភីណូបែលវេជ្ជសាស្ត្រ ត្រូវបានប្រគល់ទៅឱ្យអ្នកស្រាវជ្រាវវេជ្ជសាស្ត្របី នាក់ គឺលោក Michael Houghton ជាជនជាតិអង់គ្លេស និង Harvey Alter ព្រមទាំងលោក Charles Rice ជាជនជាតិអាមេរិក ចំពោះស្នាដៃរកឃើញវីរុស បង្កជំងឺរលាកថ្លើមប្រភេទសេ C ។ នេះបើតាមការប្រកាសរបស់គណៈកម្មការណូបែល នៅវេលាម៉ោង៩កន្លះ ម៉ោងសកល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជ័យលាភី រង្វាន់ណូបែលវេជ្ជសាស្ត្រប្រចាំឆ្នាំ២០២០ ត្រូវប្រគល់ជូនអ្នកស្រាវជ្រាវវេជ្ជសាស្ត្របីរូប ដែលបានរកឃើញវីរុសបង្កជំងឺរលាកថ្លើមប្រភេទសេ តាំងពីឆ្នាំ១៩៧០មក។ អ្នកទាំងបីបានចូលរួមចំណែកប្រយុទ្ធប្រឆាំងយ៉ាងមុះមុតប្រឆាំងនឹងបញ្ហាសុខភាពដ៏ធំមួយនៅលើពិភពលោក ដែលនាំឱ្យមានជំងឺក្រិនថ្លើមនិងមហារីកថ្លើម។ នេះបើតាមការប្រកាសបញ្ជាក់របស់ប្រធានគណៈកម្មការមេប្រយោគណូបែល។
នៅចុងឆ្នាំ១៩៧០ លោក Harvey Alter ដែលបច្ចុប្បន្នមានអាយុ៨៥ឆ្នាំ បានរកឃើញថាការចម្លងវីរុសរោគរលាកថ្លើមដ៏ចម្លែកមួយ នៅពេលបញ្ចូលឈាម ខណៈដែលអ្នកជំងឺគ្មានជំងឺរលាកថ្លើមប្រភេទ អា និងប្រភេទ បេ សោះ។ ច្រើនឆ្នាំកន្លង ពោលគឺនៅឆ្នាំ១៩៨៩ លោក Michael Houghton និងក្រុមការងារលោក បានរកឃើញបន្ថែមទៀតថា អំពីអត្តសញ្ញាណហ្សេណេទិចរបស់វីរុសនោះ។ ហើយលោក Charles Rice (៦៨ឆ្នាំ) បានចំណាយពេលវេលាសិក្សាវិភាគរាប់សិបឆ្នាំ តាមដានអំពីរបៀបលូតលាស់របស់វីរុស រហូតសម្រេចលទ្ធផលដ៏អស្ចារ្យគឺមានថ្នាំប្រកបដោយប្រសិទ្ធភាពព្យាបាលជំងឺរលាកថ្លើមប្រភេទសេ នៅឆ្នាំ២០១០ ឈ្មោះថា sofosbuvir។ ការងារស្រាវជ្រាវរបស់អ្នកជំនាញផ្នែកវីរុសទាំងបី ជាសមិទ្ធជាប្រវត្តិសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងចម្លងរោគដោយវីរុស។ នេះបើតាមការលម្អិតបន្ថែមរបស់គណៈកម្មការណូបែល។
អង្គការសុខភាពពិភពលោក ប៉ាន់ស្មានថា ជំងឺរលាកថ្លើមប្រភេទសេ បានចម្លងលើមនុស្សនៅលើពិភពលោកបច្ចុប្បន្ន ប្រមាណជាង៧០លាននាក់ ហើយក្នុងនោះ៤សែននាក់បានស្លាប់ក្នុងមួយឆ្នាំៗ។
នេះជាលើកទីពីរ ក្នុងប្រវត្តិណូបែលវេជ្ជសាស្ត្រ ដែលជាជ័យលាភីណូបែលបានប្រគល់ជូនអ្នកស្រាវជ្រាវអំពីវីរុសដោយផ្ទាល់។ លើកទីមួយ គឺនៅឆ្នាំ២០០៨ ជូនចំពោះអ្នកស្រាវជ្រាវវេជ្ជសាស្ត្របារាំងដែលបានរកឃើញមេរោគស៊ីដា ឬអេដស៍។
នៅថ្ងៃស្អែក គណៈកម្មការណូបែលនឹងប្រកាសជ័យលាភីផ្នែករូបវិទ្យា គីមីនៅថ្ងៃពុធ ... កម្មវិធីប្រកាសជ័យលាភីនឹងប្រព្រឹត្តទៅបន្តបន្ទាប់ដូចរៀងឆ្នាំ ប៉ុន្តែដោយហេតុកូរ៉ូណាវីរុស ពុំមានទេកម្មវិធីប្រគល់ជ័យលាភីនៅថ្ងៃទី ១០ធ្នូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ