អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ារីស​ក្លាយជាតំបន់ប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយការឆ្លងរាលដាលកូវីដ១៩

សំឡេង ០៧:០៨
ហាងកាហ្វេ ​Cafe de Flore ដ៏ល្បីបំផុតនៅក្រុងប៉ារីស
ហាងកាហ្វេ ​Cafe de Flore ដ៏ល្បីបំផុតនៅក្រុងប៉ារីស REUTERS - GONZALO FUENTES
ដោយ៖ ម៉ម ពិសី
៣៣ នាទី

ស្ថានភាពនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ នៅប្រទេសបារាំង ស្ថិតនៅក្នុងការព្រួយបារម្ភ កាន់តែខ្លាំងឡើង។ កាលពីយប់ថ្ងៃអាទិត្យ​ទី​៤តុលា រដ្ឋាភិបាលបារាំង បានប្រកាស ដាក់ទីក្រុងប៉ារីស និងដេប៉ាតឺម៉ង់៣ទៀតនៅជុំវិញនោះ ឲ្យស្ថិតក្នុងតំបន់ប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយសារតែល្បឿននៃការឆ្លងរាលដាល កាន់តែលឿនរហ័ស។ ជាមួយនឹង​ ការប្រកាសអាសន្ននេះ មានន័យថា រដ្ឋាភិបាល​បារាំង នឹងចេញវិធានការរិតបន្តឹងបន្ថែមទៀត ទាក់ទិននឹងសកម្មភាពសេដ្ឋកិច្ច ដំណើរការរកស៊ីរបស់ហាងកាហ្វេ ភោជនីយដ្ឋាន និងហាងទំនិញនានា នៅក្នុងតំបន់នេះ។

ផ្សាយពាណិជ្ជកម្ម

ប្រកាសអាសន្ន​កម្រិតខ្ពស់បំផុត

ស្ថានការណ៍ឆ្លងរាលដាលជម្ងឺកូវីដ១៩ នៅទីក្រុងប៉ារីស និងនៅដេប៉ាតឺម៉ង់៣ ជាយទីក្រុងប៉ារីស (Les Hauts-de-Seine, La Seine Saint-Denis, le Val-de-Marne) ប្រមាណ​២សប្តាហ៍កន្លងមកនេះ គឺកាន់តែធ្ងន់ឡើងៗ។ វិមានរដ្ឋាភិបាលបារាំង បានចេញសេចក្តីប្រកាសកាលពីយប់ថ្ងៃអាទិត្យ ដោយបានចាត់បញ្ចូល ដេប៉ាតឺម៉ង់ទាំង៤នេះ ឲ្យ​ចូលទៅក្នុងតំបន់​ ប្រកាសអាសន្នកម្រិតខ្ពស់បំផុត។ តាមពិតទៅ តាំងតែពីថ្ងៃព្រហស្បតិ៍ម្លេះ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បាន​លើកឡើងថា បើពិនិត្យលើតួលេខ គឺគេបារម្ភខ្លាំងណាស់ ហើយ​ការប្រកាសអាសន្ន​កម្រិតខ្ពស់នៅប៉ារីស ប្រហែលជាមិន​អាច​គេចរួចឡើយ។

យោងតាមតួលេខរបស់ក្រសួងសុខាភិបាលបារាំង ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ នៅទីក្រុងប៉ារីស និង​​ដេប៉ាតឺម៉ង់​​ជាយទាំង​​​៣ គឺ ចំនួន​ករណីឆ្លងតៗគ្នា បានកើនឡើងខ្លាំង ដោយក្នុងចំណោម​ប្រជាជន​១សែននាក់ គឺមាន​ឆ្លងប្រមាណ​២៧០នាក់ ដែលនេះគឺវាលើសពីចំនួន​២៥០នាក់ ដែលជាកម្រិតអតិបរមា។ ហើយក្នុងចំណោមករណីឆ្លងនេះទៀតសោត គឺមនុស្សចាស់​ ដែលទន់ខ្សោយងាយប្រឈមគ្រោះថ្នាក់នោះ មានលើស១០០នាក់។

មួយវិញទៀត ចំនួន​គ្រែពេទ្យដែលបំពាក់ម៉ាស៊ីន​ពិសេស ជំនួយអ៊ុកស៊ីសែន បានពេញ​៣៥%ទៅហើយ ដោយអ្នកជម្ងឺកូវីដ១៩ នៅក្នុងតំបន់នេះ។ ដូច្នេះហើយ អាជ្ញាធរសុខាភិបាលមានការបារម្ភខ្លាំងណាស់ ព្រោះអ្នកឆ្លងថ្មីកាន់តែច្រើនឡើង ហើយភាគច្រើនជាមនុស្សចាស់ទៀត ម្លោះហើយបើចាល់ខ្លាំងគ្មានគ្រែពេទ្យពិសេសនេះ គឺមិនអាចជួយទាន់ទេ។ ដូច្នេះ រដ្ឋាភិបាល គ្មានជំរើសផ្សេងទេ ក្រៅតែ​ពី​ចាត់វិធានការរិតបន្តិងបន្ថែម ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់ការឆ្លងរាលដាល។

បិទបារ ហាងកាហ្វេ ២អាទិត្យ

ចាប់ពីថ្ងៃអង្គារទី៦តុលានេះទៅ រយៈពេល២សប្តាហ៍ បារ ហាងកាហ្វេទាំងអស់នៅទីក្រុងប៉ារីស និងក្នុងដេប៉ាតឺម៉ង់ទាំង៣នៅជុំវិញ គឺត្រូវបិទទ្វារ។ នេះបើផ្អែកតាម ការប្រកាស​របស់​លោក​Prefet de Police de Paris ដែលបានធ្វើសន្និសីទកាសែត ជាមួយ​លោកស្រី​ អភិបាលក្រុងប៉ារីស នៅព្រឹកថ្ងៃចន្ទទី​៥តុលា​។ អាងហែល​​ទឹក​សាធារណៈ ត្រូវ​បិទ​សម្រាប់មនុស្សធំ តែបន្តបើកសម្រាប់ក្មេង សិស្សសាលា​។​ កម្មវិធីពិពណ៌ទំនិញធំៗ ឬសន្និសីទធំ គឺត្រូវហាមឃាត់ទាំងអស់។ ផ្សារទំនើបធំៗ ត្រូវដាក់រនាំង ​ចែកផ្លូវដើរ ដើម្បីកុំឲ្យ​មនុស្ស​ដើរប៉ះគ្នា។

ការជួបជុំនៅតាមទីសាធារណៈ ចាប់ពី១០នាក់ទៅ ត្រូវហាមឃាត់ លើកលែងករណីពិសេសមួយចំនួន។ ក្លឹបហាត់ប្រាណលេងកីឡា ក៏ត្រូវបិទ។ ទីតាំងកីឡាដ្ឋានសាធារណៈ ដែលនៅហាលវាល អាចបើកបាន តែទទួលមនុស្សចូល បានត្រឹមតែ ៥០% ប៉ុណ្ណោះ។ នៅតាមសកលវិទ្យាល័យវិញ ម៉ោងរៀននៅក្នុងបន្ទប់អំភីតេអាត្រ មិនអាចទទួលសិស្ស​លើពី​៥០%ឡើយ។ កម្មវិធីបុណ្យ ជុំលៀងជួបជុំរបស់និស្សិត ក៏ត្រូវហាមដែរ។ ដោយឡែក នៅតាមមណ្ឌលចាស់ជរា ការទៅសួរសុខទុក្ខ អាចធ្វើបានត្រូវណាត់​ទុកមុន ហើយមិនឲ្យលើសពី២នាក់ទេ។

បទបញ្ជាសុខាភិបាល​ថ្មីតឹងតែង សម្រាប់ភោជនីយដ្ឋាន

ដោយឡែក ភោជនីយដ្ឋាន នៅអាចដំណើរការបាន ក៏ប៉ុន្តែត្រូវគោរពតាមបទបញ្ជាសុវត្ថិភាព​អនាម័យថ្មី ដែលមានលក្ខណៈតឹងរឹងជាងមុន។ បទបញ្ជាសុវត្ថិភាព​សុខាភិបាលថ្មី ដែលភោជនីយដ្ឋានត្រូវអនុវត្ត គឺដូចជា ការកត់ឈ្មោះ អ៊ីមែល ឬលេខទូរស័ព្ទ​ របស់ភ្ញៀវនីមួយៗ ដើម្បីទាក់ទងក្នុងករណី​មាន​ការឆ្លងរាលដាលក្នុងហាង តុត្រូវឃ្លាតពីគ្នា​ឲ្យ​បាន​១ម៉ែត្រកន្លះ ដោយមានទឹកអាល់កុលលាងដៃនៅលើតុនីមួយៗ ការបង់ប្រាក់គឺត្រូវ​ធ្វើនៅនឹងតុ ដើម្បីចៀសវាងកុំឲ្យ​ភ្ញៀវ ក្រោកដើរចុះឡើងក្នុងហាង ហើយហាងត្រូវតែបិទទ្វារនៅម៉ោង១០យប់។ ភ្ញៀវជាក្រុម មិនអាចឲ្យ​លើសពី​៦នាក់ទេ ដោយរាប់ទាំងកូនក្មេងផង។ ក្នុងករណីតុដែលមានភ្ញៀវច្រើន គឺកៅអីត្រូវតែឃ្លាត១ម៉ែត្រពីគ្នា។ ភ្ញៀវត្រូវពាក់ម៉ាសឲ្យ​បានជាប់ លើកលែងតែពេល​ហូបអាហារ។

អាជ្ញាធរ ក៏បានរៀបចំពន្លឿននីតិវិធី ក្នុងការបិទភោជនីយដ្ឋានណា ដែលមិនគោរពបទបញ្ជាទាំងនេះ។ ជាមួយនឹងវិធានការថ្មីនេះ ភោជនីយដ្ឋាន នៅតំបន់ Aix-Marseille ដែលត្រូវបានបិទ កាលពីសប្តាហ៍មុននោះ ក៏នឹងអាចបើកទ្វារលក់វិញបានដែរ។

វិធានការ​អយុត្តិធម៌ សម្រាប់អាជីវកម្មភេសជ្ជៈ?

ជាការពិតណាស់ ក្រុមម្ចាស់អាជីវកម្មហាងកាហ្វេ និង​បារលក់ភេសជ្ជៈ នៅទីក្រុងប៉ារីស បានសម្តែងការព្រួយបារម្ភ ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីលេចឮដំណឹងថា អាជីវកម្មខ្លួននឹងត្រូវហាមឃាត់។ ជាការព្រួយបារម្ភ លាយឡំនឹងកំហិងផង ព្រោះថាពេលនេះ គេបិទតែអាជីវកម្មពួកខ្លួន ឯភោជនីយដ្ឋាននៅតែបើកដដែល។ អ្នកខ្លះលើកឡើងថា វាជារឿងអយុត្តិធម៌ណាស់ ខណៈដែលម្ចាស់អាជីវកម្មទាំងនោះ បានព្យាយាម ធ្វើតាមគ្រប់គ្រប់យ៉ាង ដើម្បីការពារបង្ការការឆ្លងរាលដាលកូវីដ នៅក្នុងហាងរបស់ខ្លួន។ អ្នកខ្លះទៀត លើកឡើងថា ការពិត ការឆ្លងរាលដាលខ្លាំង នៅក្នុងពេលជិះមធ្យោបាយ​ដឹកជញ្ជូនសាធារណៈ ឡានក្រុង រថភ្លើង យន្តហោះឯណោះទេ ដែលមនុស្ស​បញ្ច្រៀតគ្នា។ តែផ្ទុយទៅវិញ រដ្ឋាភិបាល បែរជាមកដាក់ពិន័យអាជី​វកម្ម លក់ភេសជ្ជៈទៅវិញ។

តែយ៉ាងណាក៏ដោយ​ បញ្ហានេះ មិនមែន​រដ្ឋាភិបាលបារាំង សម្រេចដោយចិត្តឯងទេ។ ជាការសម្រេច ដោយផ្អែកលើ​អនុសាសន៍របស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសុខភាព​សាធារណៈ។ វាពិតជាមានហេតុផល ដែលត្រូវបិទបារ ហាងកាហ្វេ ជាបណ្តោះអាសន្នសិន។ តាមធម្មតា ដូចយើងដឹងស្រាប់​ ថាជនជាតិបារាំង ក៏ដូចជា​ជនជាតិអឺរ៉ុបជាទូទៅ ចូលចិត្តជុំគ្នានៅបារ ទទួលទានភេជ្ជៈ អាល់កុលគ្រប់មុខ និយាយគ្នារាប់ម៉ោងដល់យប់ជ្រៅក៏មាន។ ជាតិអាល់កុលចូលខ្លួន ដូច្នេះស្មារតីប្រុងប្រយ័ត្នខ្លាចឆ្លងកូវីដ ក៏វាបាត់បង់ទៅតាមនោះដែរ។

កាលពីល្ងាចថ្ងៃអាទិត្យ ទី​៤តុលា​ លោកស្រី Valerie Pécresse ប្រធានក្រុមប្រឹក្សាតំបន់ប៉ារីស Ile de France ទាំងមូល បានធានាថា តំបន់ និងសហការជាមួយរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុក ការខាតបង់របស់​អាជីវកម្មលក់ភេសជ្ជៈទាំងអស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ