កូវីដ១៩-អង្គការ​សុខភាព​ពិភពលោក

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ថា​ត្រូវ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ឱ្យ​បាន​លឿន​បំផុត

កូរ៉ូណាវីរុស​គឺ​ជា​សញ្ញា​អាសន្ន​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ​ នេះ​ជា​បើ​តាមការ​អះអាង​របស់​លោក Tedros Adhanom Ghebreyesus អគ្គ​នាយក​​អង្គការ​សុខភាព​ពិភពលោក ដោយ​បាន​អំពាវនាវ​ឱ្យ​មាន​ស្ថាប័ន​ធ្វើ​កំណែទម្រង់​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ ធ្វើ​​កំណែទម្រង់​ដើម្បី​ឱ្យ​អង្គការ​អាច​បញ្ចេញ​សកម្មភាព​ប្រកប​ដោយប្រសិទ្ធភាពប្រឈមនឹង​ភាព​បន្ទាន់​សុខភាព​ផ្សេងៗ។

លោក​អគ្គនាយក​អង្គការ​សុខភាពពីភពលោក Tedros Adhanom Ghebreyesus
លោក​អគ្គនាយក​អង្គការ​សុខភាពពីភពលោក Tedros Adhanom Ghebreyesus REUTERS - POOL New
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ជំនួបវិសាមញ្ញ​​លើក​ទី​៥​គត់​ក្នុង​ប្រវត្តិ​របស់​អង្គការសុខភាព​ពិភពលោក។ ជាជំនួប​ក្រុមប្រឹក្សាប្រតិបត្តិ​​វិសាមញ្ញ ដែ​លមាន​​សមាជិក​៣៤​ប្រទេស​ ​ជ្រើសតាំង​​ឡើងជា​រៀង​រាល់បី​ឆ្នាំម្តង និង​ជា​ជំនួប​ប្រជុំ​ដែល​មាន​បន្ទុក​រៀប​ចំ​និងដាក់​ឱ្យ​ដំណើរការ​នូវ​រាល់​សេចក្តី​សម្រេច​របស់​សមាជិក​អង្គការ​។

​នៅ​ក្នុង​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​វិសាមញ្ញ ​ ស្តី​ពី​​វិបត្តិ​កូវីដ១៩ ដែល​ប្រព្រឹត្ត​​ទៅ​នៅថ្ងៃ​ចន្ទ​ទី ៥ តុលា ២០២០ នេះ លោកអគ្គ​​នាយក​អង្គការ​សុខភាព​​ពិភពលោក​​បាន​ការ​ពារ​លទ្ធផល​​ការងារ​​​របស់​​អង្គការ​យ៉ាង​ខ្លាំង ថា​ មិន​មែន​អសមត្ថភាព​ដឹកនាំ​ដូច​ពាក្យ​ចោទប្រកាន់​របស់​​លោក​ដូណាល់ ត្រាំទេ។ លោក តេដ្រូស បាន​អះអាង​ទៀត​ថា ស្ថាប័ន ​បាន​ធ្វើ​កំណែទម្រង់​ច្រើន​មក​ហើយ​ នារយៈ​ពេល​​បី​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា អង្គការ​ត្រូវ​បង្កើន​ល្បឿន​ធ្វើ​កំណែទម្រង់​ឱ្យ​បាន​កាន់​តែ​លឿន​និង​ច្រើន​បន្ថែម​ទៀត។

​អង្គការ​​សុខភាព​ពិភពលោក​បាន​ប្រកូក​រៀប​ចំ​​ជំនួប​ប្រជុំ​វិសាមញ្ញ​នៃក្រុមប្រឹក្សា​ប្រតិបត្តិនេះ​ឡើង​ ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​អនុម័ត​នូវ​សេចក្តី​សម្រេចចិត្ត​របស់​សមាជិក​អង្គការ​ទាំង​អស់ ​កាលពី​ខែ​ឧសភា​ ដែល​មាន​គម្រោង​ចង់​ធ្វើ​ការ​ វាយ​តម្លៃ​អំពី​ឯករាជភាពនៃ​ប្រតិកម្ម​របស់ស្ថាប័ន​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ផង និង​របស់​សហគមន៍អន្តរជាតិ​​ផង ជុំ​វិញ​ជំងឺ​រាតត្បាត​កូវីដ​១៩។

សម្រាប់​លោក​ តេដ្រូស ពិភពលោក​ត្រូវ​ការ​មានប្រព័ន្ធ​វាយតម្លៃ​​មួយ​ដ៏​រឹង​មាំ ដែល​ត្រូវ​ឱ្យ​សមាជិក​ទាំងអស់​សម្រេច​ជារៀង​រាល់​៤​ឬ​៥​ឆ្នាំម្តង។ ដូច្នេះ អង្គការ​ចាំ​បាច់​ត្រូវ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​អន្តរជាតិ​លើ​គ្រប់​ប្រទេស និង​សូម​ឱ្យ​គ្រប់​សមាជិក​ទទួល​យក​គំនិត​ថ្មីនេះ និង​ចាប់​ផ្តើម​ធ្វើការ​ប្តូរ​ផ្លាស់​ចាប់​ពី​ពេល​នេះ​តែ​ម្តង។ នេះ​ជា​ការបញ្ជាក់​បន្ថែម​របស់​ប្រមុខ​ដឹកនាំអង្គការ​សុខភាព​ពិភពលោក។

សូម​បញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក​រង​ការរិះគន់​ខ្លាំង​ណាស់ ជាពិសេស​ពី​សំណាក់​សហរដ្ឋ​អាមេរិកថា អង្គការ​ យឺតយ៉ាវ​រង់ចាំរហូត​ដល់​ថ្ងៃ​ទី ៣០​មករា​២០២០ ទើប​ចេញ​ក្រិត្យ​​ប្រាប់អំ​ពីភាព​​អាសន្ន​កូវីដ១៩ ឯ​ជំងឺ​រាតត្បាត​បាន​លេច​ឡើងនៅ​ប្រទេសចិន​តាំង​ពី​ចុង​ខែ​ធ្នូ២០១៩។ មិន​តែ​ប៉ុណ្ណោះ អង្គការ​​​បាន​ផ្តល់​អនុសាសន៍​យឺតយ៉ាវ ហើយ​​ចម្រូង​ចម្រាស​ខ្លាំង​ស្តី​ពីការ​ពាក់​ម៉ាស និង​ស្តីអំពី​ របៀប​ចម្លង​របស់​កូរ៉ូណាវីរុសថ្មី។ ខ្លះ​ទៀត​បានលើកឡើងអំពី​កង្វះ​ខាត​ផ្នែក​ហិរញ្ញវត្ថុ និង​ឯករាជភាព​របស់​​អង្គការ​សុខភាព​ពិភពលោក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI