បារាំង និង​អាល្លឺម៉ង់​នឹង​ស្នើ​ឲ្យ​មានការដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ក្នុងរឿង​បំពុល​លោកណាវ៉ាល់នី

លោកអាឡិចសី ណាវ៉ាល់នី មេបក្សា​ប្រឆាំង​រុស្ស៊ី ដែល​ត្រូវ​ថ្នាំបំពុល​គីមី នៅតំបន់​ស៊ីបេរី បានចូល​ព្យាបាល​នៅមន្ទីរពេទ្យ​ក្នុង​ក្រុង​ប៊ែរឡាំង​ថ្ងៃទី ២០​សីហា។ លោក​បាន​ដឹងខ្លួន​រួចផុត​ពី​គ្រោះកំណាច និង​កំពុង​សម្រាក​នៅទីក្រុង​ប៊ែរឡាំង
លោកអាឡិចសី ណាវ៉ាល់នី មេបក្សា​ប្រឆាំង​រុស្ស៊ី ដែល​ត្រូវ​ថ្នាំបំពុល​គីមី នៅតំបន់​ស៊ីបេរី បានចូល​ព្យាបាល​នៅមន្ទីរពេទ្យ​ក្នុង​ក្រុង​ប៊ែរឡាំង​ថ្ងៃទី ២០​សីហា។ លោក​បាន​ដឹងខ្លួន​រួចផុត​ពី​គ្រោះកំណាច និង​កំពុង​សម្រាក​នៅទីក្រុង​ប៊ែរឡាំង © KEYSTONE

គ្មាន​ការពន្យល់​បកស្រាយ​គួរឲ្យ​ជឿជាក់​ពី​រុស្ស៊ី ក្នុង​រឿង​បំពុល​មេបក្ស​ប្រឆាំង ដោយប្រើ​សារធាតុ​គីមី ណូវីឆុក បារាំង និង​អាល្លឺម៉ង់ នឹង​ស្នើ​ឲ្យ​ប្រទេស​សមាជិក​ដទៃទៀត របស់​សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​លើ​រុស្ស៊ី។ នេះ​ជាប្រកាស​រួម​របស់​រដ្ឋមន្រ្តី​ការបរទេស​បារាំង និង​អាល្លឺម៉ង់ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ទី ៧ តុលា ២០២០។ ម៉ូស្គូវិញ បាន​ប្រតិកម្ម​រិះគន់ ចំណាត់ការ​របស់​ប៉ារីស និង​ប៊ែរឡាំង និង​បាន​ព្រមាន​ផ្អាក​ធ្វើ​ជំនួញ​ជាមួយ​បារាំង និង​អាល្លឺម៉ង់។

ផ្សាយពាណិជ្ជកម្ម

នៅក្រោយ អង្គការ​ហាមឃាត់​អាវុធ​គីមី​ចេញលិខិត​បញ្ជាក់ថា មេបក្ស​ប្រឆាំង រុស្ស៊ី លោក​អាឡិចសី ណាវ៉ាល់នី ពិតជា​រងថ្នាំបំពុលគីមី ណូវីឆុក បារាំង និង​អាល្លឺម៉ង់ បាន​ចេញមុខ​ដាក់​សម្ពាធ​លើ​រុស្ស៊ី។ រុស្ស៊ី ដែល​បារាំង និង​អាល្លឺម៉ង់ ចោទប្រកាន់​ថា មិនបាន​ផ្តល់​ចម្លើយ និង​ការពន្យល់​គួរ​ឲ្យ​ជឿជាក់ ក្នុង​រឿង បំពុល​មេបក្ស​ប្រឆាំង រុស្ស៊ី ដោយ​ប្រើ​សារធាតុ​គីមី ណូវីឆុក។

នៅក្នុង​សេចក្តីប្រកាស​រួម​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​បារាំង និង​អាល្លឺម៉ង់ បាន​ថ្កោលទោស ការចូលរួម​ពាក់ព័ន្ធ និង​ការទទួល​ខុសត្រូវ​របស់​រុស្ស៊ី នៅក្នុង​រឿងបំពុល​មេបក្ស​ប្រឆាំង​រុស្ស៊ី។ ប៉ុន្តែ ជាជាង ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​ក្រុងម៉ូស្គូ ប៉ារីស និង​ប៊ែរឡាំង​អះអាង​ថា នឹង​ស្នើ​គម្រោង​ទៅ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​ក្រុមហ៊ុន ដែល​មាន​ចំណែក​ទទួល​ខុសត្រូវ​ក្នុង​កម្មវិធី​ណូវីឆុក ហើយ​និង​ការបំពុល​មេបក្ស​ប្រឆាំង​រុស្ស៊ី លោក​អាឡិចសី ណាវ៉ាល់នី។

មេបក្ស​ប្រឆាំង​រុស្ស៊ី​ដែល​ទើប​រួចផុត​ពីគ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​ថ្នាំបំពុលគីមី ណូវីឆុក បាន​ចោទប្រកាន់​ចំៗ មេដឹកនាំ​រុស្ស៊ី លោក​វ្លាឌីមៀរ​ពូទីន​ថា ជាអ្នកនៅពីក្រោយ ការបំពុល​សម្លាប់​រូបលោក​លើកនេះ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់ ដ៏ល្បីឈ្មោះ Bild លោក​ណាវ៉ាល់នី បាន​ស្នើផងដែរ​ឲ្យ​សហភាពអឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ស្និទ្ធ​នឹង​លោកពូទីន ដែលលោកចោទប្រកាន់​ថា ជាក្រុមអ្នកមានអំណាច សម្លាប់​មនុស្ស ព្រោះតែ​ចង់នៅក្រាញអំណាច នៅ​រុស្ស៊ី។

នៅក្រោយ​ការប្រកាស​លើកសំណើ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ក្រសួងការបរទេស​រុស្ស៊ីវិញ បាន​ប្រតិកម្ម​តបវិញ​ថា ម៉ូស្គូ​មិនគិតថា ចំណង​ពាណិជ្ជកម្ម​ជាមួយ ប៉ារីស និង​អាល្លឺម៉ង់ នឹងអាច​កើត​មាន​ទៅរួច​ទៀត​នោះទេ។ សម្រាប់​ម៉ូស្គូ ជាជាង​សហការ​ជាមួយ​សហព័ន្ធ​រុស្ស៊ី ដើម្បី បំភ្លឺ ហេតុការណ៍​ដែល​កើតឡើង​ទៅលើ​អ្នកសរសេរ​ប្លុក រុស្ស៊ី គឺ​លោក​ណាវ៉ាល់នី រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់​បាន​ជ្រើសរើស​ផ្លូវដើរ តាមបែប គំរាម។

បច្ចុប្បន្ននេះ រុស្ស៊ី​កំពុង​នៅ​ជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប នៅក្រោយ រុស្ស៊ី​កាត់យកដីគ្រីមេ​របស់​អ៊ុយក្រែន កាលពី​ឆ្នាំ ២០១៤។ ទោះ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ចុះល្អក់កករ ដោយសារ សំណុំរឿង​ថ្នាំបំពុល​ណូវីឆុក លើ​មេបក្ស​ប្រឆាំង​រុស្ស៊ី ទីក្រុង​ប៊ែរឡាំង​មាន​ការប្រុងប្រយ័ត្ន​ខ្លាំង​មិន​ចង់​ឲ្យ​គម្រោង​ដាក់ទណ្ឌកម្ម​ថ្មី ប៉ះពាល់ សម្លាប់ ចំណង​ពាណិជ្ជកម្ម រុស្ស៊ី អាល្លឺម៉ង់ នោះទេ ជាពិសេស​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង Nord Steam2 ពី​រុស្ស៊ី​ទៅ​អាល្លឺម៉ង់​នោះទេ។ អាល្លឺម៉ង់ ខ្នះខ្នែង ​ហូឡង់ និង​អូទ្រីស ព្រមទាំង​ក្រុមហ៊ុន​អឺរ៉ុប ជាង ១០០ ដើម្បី សាងសង់​បំពង់ប្រេង ពី​ទឹកដី​រុស្ស៊ី ចូល​ទៅអាល្លឺម៉ង់។ ប៉ុន្តែ គម្រោង​នេះ​ត្រូវ​បាន​ផ្អាកព្យួរ នៅ​មួយរយៈចុងក្រោយនេះ ដោយសារ ការដាក់សម្ពាធ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ហើយ​និងការប្រឆាំង​តវ៉ា​របស់​ប៉ូឡូញ និង​ប្រទេស​នៅជាប់​សមុទ្រ​បាល់ទិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI