ណូបែល​សន្តិភាព

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ជា​ជ័យលាភី​ណូបែល​សន្តិភាពឆ្នាំ​២០២០​

ជ័យលាភី​រង្វាន់​ណូបែល​​សន្តិភាព​ដែល​ពិភពលោករង់ចាំ​តាមដាន​ខ្លាំង​ជាង​គេ មិនមែន​ជា​បុគ្គល​ទេ។ គណៈកម្មការ​ណូបែល បានប្រកាស​លទ្ធផល​ នៅ​ថ្ងៃ​សុក្រ​ទី ៩ តុលា ២០២០ ប្រគល់​​ជ័យលាភី​ណូបែល​សន្តិភាព​ប្រចាំ​ឆ្នាំ​២០២០ ដល់ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក។ នេះ​ជា​ជ័យលាភីណូបែល​សន្តិភាព​ទី ១២​ហើយ ដែល​​​​គណៈកម្មការ​​ណូបែល​ប្រគល់​មក​ឱ្យ​អង្គការ​ឬ​ឥស្សរជន​របស់​អង្គការ​សហប្រជាជាតិ។

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០២០
កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០២០ © Premio Nobel de la Paz
ផ្សាយពាណិជ្ជកម្ម

“កម្មវិធី​ស្បៀង​អាហារ​ពិភពលោក” បាន​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់​ឃ្លាន និងបាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​លក្ខខណ្ឌ​សន្តិភាព​ក្នុង​តំបន់​មាន​ជម្លោះ​ប្រដាប់​អាវុធ​បាន​ប្រសើរ​ឡើង​ ព្រមទាំង​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​ ​ភាព​អត់​ឃ្លានក្លាយ​ជា​​អាវុធសម្រាប់​ធ្វើ​សង្គ្រាម”។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ប្រធាន​គណៈកម្មការ​ណូបែល​ លោក Berit Reiss-Amdersen។

បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦១​ និង​មាន​ទីស្នាក់​ការ​កណ្តាល​នៅទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី កម្មវិធី​ស្បៀង​អាហារ​ពិភពលោកអាច​ដំណើរការ​បាន​ដោយ​​រំពឹង​ទាំង​ស្រុង​​លើប្រាក់​​វិភាគទាន​​ដោយ​ស្ម័គ្រ​ចិត្ត​។ នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​ ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ បាន​ចែក​ចាយ​ស្បៀង​អាហារ​​ចំនួន​១៥​ពាន់​លាន​​ ដល់​ប្រជាជន​ជាង​៩៧​លាន​នាក់ រស់​នៅក្នុង​ប្រទេស​ចំនួន​៨៨។​ ជា​តួលេខ​ដ៏​ច្រើន ប៉ុន្តែ​ជំនួយ​ដ៏​តិច​តួច​បំផុត​បើ​ប្រៀប​​នឹង​សេចក្តី​ត្រូវ​ការទាំង​មូល​របស់​ពិភពលោក។

​ធ្វើ​ប្រតិបត្តិការ​ដោយ​ប្រើគ្រប់​មធ្យោបាយ តាំង​ពី​​ឧទ្ធម្ភាគចក្រ ដល់​ខ្នង​ដំរី ខ្នង​អូដ្ឋ​ កម្មវិធី​ស្បៀងអាហារ​ពិភពលោក ជា​អង្គការ​មនុស្សធម៌​ដ៏​ធំ​ជាង​គេ​​បំផុត និង​ជា​អង្គការ​មិន​អាច​ខ្វះ​បាន ព្រោះ​បើ​តា​មការ​ប៉ាន់​ស្មាន នៅ​ឆ្នាំ​២០១៩ មាន​ពលរដ្ឋ​នៅ​លើ​ភពផែនដី ប្រមាណ ៦៩០​លាន​នាក់ ពោល​គឺ​ម្នាក់​ក្នុង​ចំណោម​១១​នាក់ កំពុង​រស់​ក្នុង​គ្រោះ​ទុរ្ភិក្ស រ៉ាំរ៉ៃ។ ហើយ​ដោយ​ហេតុ​ជំងឺ​រាតត្បាត​កូវីដ​១៩ ចំនួន​ជន​រងគ្រោះ​នឹង​ត្រូវ​កើន​ឡើង​ថែម២៧០​លាន​នាក់​ទៀត​​នៅ​ឆ្នាំ​២០២០នេះ។  ​

អ្នក​នាំពាក្យ​​អង្គការ​ស្បៀង​អាហារ​ពិភពលោក​បាន​សម្តែង​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ជ័យ​លាភីនេះ ដោយ​បាន​អះអាងថា​ ជ័យលាភី​នេះ​ជា​ការ​ដាស់​ប្រាប់​ពិភពលោក​ថា សន្តិភាព​និង​ការ​លុបបំបាត់​ភាព​អត់​ឃ្លាន​មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន​ឡើយ និង​ជា​ការ​អញ្ជើញ​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​អង្គការ។ អង្គការ​ដែល​កម្មវត្ថុ​លុប​បំបាត់​ភាព​អត់ឃ្លាន​ឱ្យ​អស់​នៅ​ឆ្នាំ​២០៣០ ដូច​អ្វី​ដែល​សហគមន៍អន្តរជាតិ​បាន​កំណត់។ នេះ​បើ​តាម​​អ្នកនាំពាក្យ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ដដែល។

នៅ​ឆ្នាំនេះ​ មាន​បេក្ខជន​ចំនួន​៣១៨​បាន​មក​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់​ ក្នុង​នោះ​២១១​នាក់​ជា​បុគ្គល​និង​១០៧​ ជា​អង្គការ។ ការ​ប្រគល់​​ជ័យ​លាភី​និង​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន​១០លាន​គួរោន​ (ស្មើប្រមាណ​​១​លាន​ដុល្លារ​អាមេរិក) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១០​ធ្នូ នៅ​អូស្លូ ដោយ​ផ្ទាល់​ប្រសិន​បើ​លក្ខខណ្ឌ​សុខាភិបាល​អនុគ្រោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI