អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជម្លោះនៅតំបន់ការ៉ាបាក់៖ប្រទេសអាស៊ែបៃហ្សង់ និងប្រទេសអាមេនីព្រមព្រៀងលើបទឈប់បាញ់មួយ

សំឡេង ០៧:៣២
ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergueï Lavrov បាន​រៀបចំ​កិច្ចចរចា​រវាង​ប្រមុខ​ការទូត​អាស៊ែបៃហ្សង់ និង​ប្រមុខ​ការទូត​អាមេនី​ក្នុង​ទីក្រុង​មូស្គូ​ក្នុង​ថ្ងៃ​សុក្រ ទី៩ តុលា។
ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergueï Lavrov បាន​រៀបចំ​កិច្ចចរចា​រវាង​ប្រមុខ​ការទូត​អាស៊ែបៃហ្សង់ និង​ប្រមុខ​ការទូត​អាមេនី​ក្នុង​ទីក្រុង​មូស្គូ​ក្នុង​ថ្ងៃ​សុក្រ ទី៩ តុលា។ via REUTERS - RUSSIAN FOREIGN MINISTRY
៣៩ នាទី

នៅ​ថ្ងៃ​សៅរ៍ ទី១០ តុលា​នេះ បទឈប់បាញ់​មួយ​ដែល​ប្រទេស​អាស៊ែបៃហ្សង់ និង​ប្រទេស​អាមេនី​បាន​ព្រមព្រៀង​គ្នា​ទើប​ចូល​ជា​ធរមាន​នា​ម៉ោង ១២ថ្ងៃ​ត្រង់ ម៉ោង​ក្នុង​ស្រុក។ បទឈប់បាញ់​នេះ​ជា​លទ្ធផល​នៃ​ការ​ចរចា​យ៉ាង​តានតឹង​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​រៀបចំ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​នា​ថ្ងៃ​សុក្រ ទី៩ តុលា​ដោយ​មាន​ប្រមុខ​ការទូត​រុស្ស៊ី​ធ្វើ​ជា​អាជ្ញាកណ្តាល។ តែ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នឹង​បទឈប់បាញ់​ចូល​ជា​ធរមាន ការ​ប្រយុទ្ធ​គ្នា​បាន​កើន​មួយ​ប៉្រាវ​ធំ​រវាង​កងទ័ព​អាស៊ែបៃហ្សង់ និង​កងទ័ព​អាមេនី​ដោយ​មាន​ការ​ប្រើ​គ្រាប់មីស៊ីល​ទៅ​វិញ ទៅ​មក។ គួរ​រម្លឹក​ថា អស់​រយៈ​ពេល ២សប្តាហ៍ ពោល​តាំង​ពី​ថ្ងៃទី២៧ កញ្ញា​ដែល​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​រវាង​កម្លាំងទ័ព​អាស៊ែបៃហ្សង់ និង​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​តំបន់​ការ៉ាបាក់​ដែល​គាំទ្រ​ដោយ​កម្លាំងទ័ព​អាមេនី។

ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ការទូត​រុស្ស៊ី​លោកSergueï Lavrov បាន​រៀបចំ​កិច្ចចរចា​រវាង​ប្រមុខ​ការទូត​អាស៊ែបៃហ្សង់ និង​ប្រមុខ​ការទូត​អាមេនី​ក្នុង​ទីក្រុង​មូស្គូ​ក្នុង​ថ្ងៃ​សុក្រ ទី៩ តុលា។ ការ​ចរចា​បាន​ប្រើ​ពេល​ជាង ១០ម៉ោង ពោល​ចាប់​ពី​រសៀល​​ថ្ងៃ​សុក្រ ទី៩ តុលា​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍ ទី១០ តុលា​ទើប​ភាគី​ជម្លោះ​បាន​ព្រមព្រៀង​គ្នា​លើ​បទឈប់បាញ់​មួយ។ លោក Sergueï Lavrov មិន​បាន​លំអិត​អ្វី​ច្រើន​លើ​ខ្លឹមសារ​នៃ​បទ​ឈប់បាញ់​ទេ តែ​គ្រាន់​បញ្ជាក់​ថា បទឈប់បាញ់​មាន​គោលដៅ​មនុស្សធម៌។ តាម​លោក Lavrov បទឈប់បាញ់​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះដូរ​អ្នកទោស​សង្រ្គាម ការ​ដោះដូរ​មនុស្ស​ផ្សេង​ទៀត​ដែល​ភាគី​នីមួយៗ​បាន​ចាប់ និង​ការ​ប្រគល់​សពទាហាន ឬ​ជនស៊ីវិល​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។ តាម​លោក Lavrov ខ្លឹមសារ​លំអិត​នៃ​បទឈប់បាញ់​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​នឹង​ត្រូវ​លាតត្រដាង​នា​ពេល​ខាង​មុខ។

ក្រៅ​ពី​នេះ ប្រមុខ​ការទូត​រុស្ស៊ី​បាន​បន្ថែម​ថា ភាគី​ជម្លោះ​អាស៊ែបៃហ្សង់ និង​អាមេនី​ក៏​បាន​សន្យា​បើក​កិច្ចចរចា​នា​ពេល​ខាង​មុខ​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​បិទបញ្ចប់​ជម្លោះ​នៅ​តំបន់​ការ៉ាបាក់​ដោយ​សន្តិវិធី។ គួរ​រម្លឹក​ថា តាំង​ពី​មាន​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​ក្នុង​ថ្ងៃទី២៧ កញ្ញា​រវាង​កម្លាំងទ័ព​អាស៊ែបៃហ្សង់ និង​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​តំបន់​ការ៉ាបាក់​ដែល​គាំទ្រ​ដោយ​កម្លាំងទ័ព​អាមេនី​មក នេះ​ជា​លើកទី១ ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​បទឈប់បាញ់​មួយ​ដោយ​មាន​រុស្ស៊ី​ធ្វើ​ជា​អន្តរការី។

ផ្លូវ​ឆ្ពោះ​ទៅ​បិទបញ្ចប់​ជម្លោះ​ក្នុង​តំបន់​ការ៉ាបាក់​នៅ​វែងឆ្ងាយ និង​លំបាក

អ្វី​ដែល​គ្រប់​គ្នា​សង្ឃឹម​ចង់​បាន គឺ​ការ​ប្រែក្លាយ​បទឈប់បាញ់​ពេល​នេះ​ទៅ​ជា​ការ​ចរចា​មួយ​ដើម្បី​បិទបញ្ចប់​ជម្លោះ​នៅ​ការ៉ាបាក់​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​ដោយ​សន្តិវិធី។ តែ​គ្រប់​គ្នា​ក៏​ទទួល​ស្គាល់​ដែរ​ថា ផ្លូវ​ឈាន​ទៅ​បិទបញ្ចប់​ជម្លោះ​ជិត ៣០ឆ្នាំ​កន្លង​ទៅ​នៅ​វែង​ឆ្ងាយ និង​នៅ​លំបាក​ខ្លាំង។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ដែល​ភាគី​ជម្លោះ​បាន​ព្រមព្រៀង​លើ​បទ​ឈប់បាញ់​ពេល​នេះ​អាច​អនុញ្ញាត​ឲ្យ​ស្ថានការណ៍​ធូរស្រាល​បន្តិច ពិសេស​បញ្ជៀស​ការ​ស្លាប់​ជនស៊ីវិល។ ចូរ​កុំ​ភ្លេច​ថា ជម្លោះ​នៅ​តំបន់​ការ៉ាបាក់​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី និយាយ​ជា​រួម និង​រវាង​អាស៊ែបៃហ្សង់ និង​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​ការ៉ាបាក់ និយាយ​ដោយឡែក​បាន​កើត​មាន​តាំង​ពី​ទសវត្ស ៩០ ពោល​តាំង​ពី​ក្រោយ​សហភាពសូវៀត​បាន​ដួល​រលំ​ក្នុង​ឆ្នាំ ១៩៩១។ នៅ​ក្នុង​សម័យ​សហភាព​សូវៀត តំបន់​ការ៉ាបាក់​ជា​ទឹកដី​អាស៊ែបៃហ្សង់ តែ​ក្រោយ​សហភាពសូវៀត​ដួលរលំ ប្រជាជន​នៅ​ការ៉ាបាក់​បាន​ក្រោក​ឈរ​ទាមទារ​ឯករាជ្យ​ផ្តាច់ខ្លួន​ពី​អាស៊ែបៃហ្សង់។ តែ​អាស៊ែបៃហ្សង់​មិន​សុខចិត្ត និង​បន្ត​ទាមទារ​យក​តំបន់​ការ៉ាបាក់​ត្រឡប់​វិញ។

ក្នុង​ឆ្នាំ ១៩៩២ សង្រ្គាម​ធំ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​ពួក​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម​នៅ​តំបន់​ការ៉ាបាក់​ដែល​គាំទ្រ​ដោយ​អាមេនី និង​កម្លាំងទ័ព​អាស៊ែបៃហ្សង់​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ៣០ ០០០នាក់។ គេ​ត្រូវ​រង់ចាំ​អន្តរាគមន៍​របស់​ប្រទេស​រុស្ស៊ី​ទើប​មាន​ការ​ចុះ​ហត្ថលេខា​លើ​បទឈប់បាញ់​មួយ​ក្នុង​ឆ្នាំ ១៩៩៤។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១០ អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​បាន​បង្កើត​យន្តការណ៍​មួយ​ឈ្មោះ គ្រុបមីនស្តិ៍ដើម្បី​ជួយ​ដោះស្រាយ។ គ្រុបមីនស្តិ៍ នេះ​មាន ៣ភាគី​ចូលរួម គឺ​រុស្ស៊ី បារាំង និង​សហរដ្ឋអាមេរិក។ ប្រមុខ​ការទូត​រុស្ស៊ី​បាន​បញ្ជាក់​ក្នុង​ពេល​ប្រកាស​ពី​បទឈប់បាញ់​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី១០ តុលា​ថា អាស៊ែបៃហ្សង់ និង​អាមេនី​បាន​សន្យា​ចូល​តុ​ចរចា​ដោយ​បន្ត​យក​យន្តការណ៍ គ្រុបមីនស្តិ៍ ធ្វើ​ជា​អន្តរការី។

គេ​ត្រូវ​ស្វែង​រក​យន្តការណ៍​ថ្មី​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​ការ៉ាបាក់?

តាំង​ពី​ជម្លោះ​នៅ​តំបន់​ការ៉ាបាក់​បាន​ផ្ទុះ​ឡើង​ជិត ៣០ឆ្នាំ​មក គ្រុបមីនស្តិ៍ជា​យន្តការណ៍​អន្តរជាតិ​តែ​មួយ​គត់​ដែល​គេ​មាន​សម្រាប់​ជួយ​ដោះស្រាយ​ឲ្យ​ជម្លោះ​នៅ​តំបន់​ការ៉ាបាក់។ ដូច្នេះ​នៅ​ចំពោះ​មុខ ពិសេស​ក្នុង​ពេល​ដែល​សង្រ្គាម​បាន​ផ្ទុះ​ជា​ថ្មី​ពេល​នេះ គេ​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​ប្រើ​យន្តការណ៍ គ្រុបមីនស្តិ៍នេះ​ទេ។ ពិត​ណាស់ ស្ថានការណ៍​កាល​ពី​ជិត ៣០ឆ្នាំ​មុន និង​ស្ថានការណ៍​ឥឡូវ​មិន​ដូច​គ្នា​ទេ។ ជិត ៣០ឆ្នាំ​ក្រោយ​មក ជម្លោះ​នៅ​តំបន់​ការ៉ាបាក់​មាន​ការ​ចូលរួម​លូកដៃ​ពី​តួអង្គ​ផ្សេង​ដែល​បាន​ធ្វើ​ឲ្យ​ជម្លោះ​មួយ​នេះ​ហាក់​កាន់​តែ​រីករាលដាល​លើស​ពី​ព្រំដែន​រវាង​ភាគី​ជម្លោះ​អាស៊ៃបៃហ្សង់ និង​អាមេនី។ អ្វី​ដែល​គេ​បាន​ឃើញ​នា​រយៈពេល​ចុង​ក្រោយ គឺ​អន្តរាគមន៍​ជា​ចំហ​របស់​ប្រទេស​តួកគី​ដែល​គាំទ្រ​អាស៊ែបៃហ្សង់​លើ​គ្រប់​ផ្នែក​ទាំង​អស់ រួម​ទាំង​ផ្លូវ​យោធា។

ការ​លូកដៃ​កប់​របស់​តួកគី​បាន​ធ្វើ​ឲ្យ​អាស៊ែបៃហ្សង់​បាន​ចិត្ត និង​បង្កើន​ការ​វាយប្រហារ​កាន់​តែ​ខ្លាំង​ដោយ​មិន​ញញើត​អ្នក​ណា​ទាំង​អស់។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា រុស្ស៊ី​ដែល​ជា​អតីត​ចៅហ្វាយ​របស់​អាស៊ែបៃហ្សង់ និង​អាមេនី​ក៏​កំពុង​បន្ត​មាន​ទឹកមាត់ប្រៃ​ដើម្បី​ជួយ​រំងាប់​ភាព​តានតឹង​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ។ ជាក់ស្តែង គឺ​ការ​កោះ​ហៅ​ភាគី​ទាំង​ពីរ​ឲ្យ​ទៅ​និយាយ​គ្នា​ក្នុង​ទីក្រុង​មូស្គូ​រហូត​សម្រេច​បាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​នៅ​ពេល​នេះ។ គួរ​បញ្ជាក់​ថា រុស្ស៊ី​ក៏​ធ្លាប់​បាន​ចូល​ខ្លួន​អន្តរាគមន៍​បិទ​បញ្ចប់​សង្រ្គាម​ដែល​គេ​ហៅ « សង្រ្គាម ៤ថ្ងៃ » រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​កាល​ពី​ឆ្នាំ ២០១៦។ សំណួរ​ដែល​ចោទ​គឺ​ថា តើ​រុស្ស៊ី​អាច​ធ្វើ​អ្វី​ឲ្យ​លើស​ពី​នេះ​ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​ជម្លោះ​មួយ​នេះ​ជា​ស្ថាពរ។

ក្រុម​អ្នកវិភាគ​ហាក់​បាន​ឯកភាព​ថា ជម្លោះ​នៅ​តំបន់​ការ៉ាបាក់​បាន​ឈាន​មក​ដល់​ផ្លូវបំបែក​មួយ​ដែល​គេ​មិន​អាច​បន្ត​ប្រើ​យន្តការណ៍ គ្រុបមីនស្តិ៍ដែល​មាន​តែ ៣ភាគី​ទៀត​ឡើយ មាន​ន័យ​ថា គេ​ត្រូវ​ស្វែង​រក​យន្តការណ៍​ថ្មី​ដើម្បី​តម្រូវ​នឹង​ភូមិសាស្រ្តនយោបាយ​ថ្មី​នៅ​ពេល​នេះ។ ភាគី​ជម្លោះ​អាស៊ៃបៃហ្សង់ និង​អាមេនី​បាន​អះអាង​ដូច​គ្នា​ពី​ការ​ចង់​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ តែ​ប្រធានាធិបតី​អាស៊ៃបៃហ្សង់​លោក Ilham Aliev បាន​ព្រមាន​តាម​កញ្ចប់​ទូរទស្សន៍​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាស៊ែបៃហ្សង់​នឹង​ត្រូវ​យក​តំបន់​ការ៉ាបាក់​ត្រឡប់​វិញ​ឲ្យ​ខាន​តែ​បាន។ តាម​រយៈ​សម្តី​របស់​លោក Aliev នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា ជម្លោះ​មួយ​នេះ​ហាក់​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​បិទបញ្ចប់​ទេ នៅ​ជិត ៣០ឆ្នាំ​ក្រោយ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ