អានតួអត្ថបទ
តួកគី-ក្រិក

តួកគីបញ្ជូននាវារុករកឧស្ម័នជាថ្មីទៅសមុទ្រមេឌីទែរ៉ាណេខាងកើតដែលកំពុងមានជម្លោះជាមួយក្រិក

 ប្រទេស​តួកគី​បាន​ប្រកាស​ពី​ការ​បញ្ជូន​នាវា​រុករក​ឧស្ម័ន​ឈ្មោះ « Oruc Reis » នៅ​ក្នុង​សមុទ្រមេឌីទែរ៉ាណេ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១២ តុលា​ដល់​ថ្ងទី២០ តុលា។
ប្រទេស​តួកគី​បាន​ប្រកាស​ពី​ការ​បញ្ជូន​នាវា​រុករក​ឧស្ម័ន​ឈ្មោះ « Oruc Reis » នៅ​ក្នុង​សមុទ្រមេឌីទែរ៉ាណេ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១២ តុលា​ដល់​ថ្ងទី២០ តុលា។ REUTERS/Yoruk Isik
១៦ នាទី

នៅ​ថ្ងៃ​អាទិត្យ ទី១២ តុលា ប្រទេស​តួកគី​បាន​ប្រកាស​ពី​ការ​បញ្ជូន​នាវា​រុករក​ឧស្ម័ន​ឈ្មោះ « Oruc Reis » នៅ​ក្នុង​សមុទ្រមេឌីទែរ៉ាណេ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១២ តុលា​ដល់​ថ្ងទី២០ តុលា។ ទង្វើ​របស់​តួកគី​នេះ​នឹង​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ជា​ថ្មី​ជាមួយ​ប្រទេស​ក្រិក។ គួរ​រម្លឹក​ថា គឺ​នៅ​ក្នុង​តំបន់​ដ៏​ចម្រូងចម្រាស​ដដែល​នេះ​ហើយ​ដែល​តួកគី​បាន​បញ្ជូន​នាវា « Oruc Reis » កាល​ពី​ខែ​សីហា និង​កញ្ញា​កន្លង​ទៅ។ ប្រតិកម្ម​ភ្លាមៗ​ក្នុង​ថ្ងៃ​ចន្ទ ទី១២ តុលា ក្រិក​បាន​ថ្កោលទោស​លើ​ទង្វើ​របស់​តួកគី​ដោយ​ចាត់​ទុក​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បេសកម្ម​ថ្មី​រុករក​ឧស្ម័ន​របស់​តួកគី​លើក​នេះ នាវា « Oruc Reis » ធ្វើ​ដំណើរ​ទៅ​កាន់​សមុទ្រមេឌីទែរ៉ាណេខាងកើត និង​ទៅ​កាន់​ប៉ែកខាងត្បូង​កោះ​ក្រិក​ឈ្មោះ Kastellorizo ដែល​មាន​ចម្ងាយ​តែ ២គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​តួកគី។ ក្រៅ​ពី​បញ្ជូន​នាវា « Oruc Reis » ដែល​មាន​តួនាទី​ជា​អ្នក​រុករក​ឧស្ម័ន​នៅ​បាត​សមុទ្រ តួកគី​ក៏​បញ្ជូន​នាវា​ចំនួន ២គ្រឿង​បន្ថែម​ទៀត​ដែល​នាវា​ទី១ ឈ្មោះ « Ataman » មាន​តួនាទី​ជា​អ្នក​ផ្គត់ផ្គង់​ភស្តុភារ និង​នាវា​ទី២ ឈ្មោះ « Cengiz » មាន​តួនាទី​ជា​អ្នក​ដឹកជញ្ជូន។ គួរ​រម្លឹក​ថា​ក្នុង​ខែ​សីហា និង​កញ្ញា​កន្លង​ទៅ វត្តមាន​នាវា « Oruc Reis » របស់​តួកគី​នៅ​ក្នុង​សមុទ្រមេទីទែរ៉ាណេ​បាន​បញ្ឆេះ​កំហឹង​របស់​ក្រិក ព្រោះ​វា​ជា​តំបន់​ដែល​ក្រិក​កំពុង​ទាមទារ​ជា​របស់​ខ្លួន។

ជា​ថ្មី​ម្តង​ទៀត ក្រិក​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមភ្លែត​ក្នុង​ថ្ងៃ​ចន្ទ ទី១២ តុលា​ដោយ​បាន​ចាត់​ទុក​ទង្វើ​តួកគី​ជា​ថ្មី​ពេល​នេះ​ថា​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់។ « តួកគី​គឺ​មិន​អាច​ទុកចិត្ត​បាន និង​មិន​ចង់​បាន​ការ​សន្ទនា​ដោយ​ស្មោះត្រង់​ទេ » នេះ​ជា​ការ​យល់​ឃើញ​របស់​ក្រសួង​ការបរទេស​ក្រិក។ តាម​ក្រសួង​ការបរទេស​ក្រិក​ដដែល តួកគី​ជា​តួអង្គ​បង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់​តាំង​ពី​ប្រទេស​លីប៊ី ស៊ីប ស៊ីរី អ៊ីរ៉ាក់ និង​ជម្លោះ​នៅ​ក្នុង​តំបន់​ការ៉ាបាក់​រវាង​ប្រទេស​អាស៊ែបៃហ្សង់ និង​អាមេនី​ពេល​នេះ។ ចំណែក​នាយករដ្ឋមន្រ្តី​ក្រិក​លោក​មីតសូតាគីស​បាន​ថ្លែង​នៅ​មុន​ការ​ប្រកាស​របស់​តួកគី​ពី​ការ​បញ្ជូន​នាវា « Oruc Reis » ជា​ថ្មី​ថា លោក​មិន​ស្វែង​រក​ការ​ប្រយុទ្ធ​ទេ ហើយ​ក៏​មិន​ត្រូវ​មាន​នរណា​ម្នាក់​ត្រូវ​ស្វែង​រក​ការ​ប្រយុទ្ធ​ដែរ។

គួរ​រម្លឹក​ថា​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ ពោល​ក្រោយ​ពី​តួកគី​បាន​យក​នាវា « Oruc Reis » ត្រឡប់​ចូល​កំពង់ផែ​វិញ គ្រប់​គ្នា​បាន​ចាត់​ទុក​ជា​សញ្ញា​នៃ​ការ​កាត់បន្ថយ​ភាព​តានតឹង។ ចំណែក​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ចាត់​ទុក​ការ​ត្រឡប់​ចូល​កំពង់ផែ​វិញ​របស់​នាវា « Oruc Reis » កាលណោះ​ថា ជា​ការ​ទុក​ឱកាស​ដល់​ដំណោះស្រាយ​ផ្លូវទូត។ ទីបំផុត តួកគី​បាន​សម្រេច​ជ្រើស​ផ្លូវ​ប្រឈម​មុខ​ទល់​នឹង​ក្រិក​ជា​ថ្មី។ គេ​នៅ​មិន​ទាន់​ដឹង​ថា​លើក​នេះ តើ​កម្តៅ​រវាង​តួកគី និង​ក្រិក​ឡើង​ដល់​កម្រិត​ណា​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ទង្វើ​របស់​តួកគី​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ