អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការទម្លាក់អត្រាការប្រាក់អាចជួយសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩?

សំឡេង ០៤:៣៤
REUTERS/Dado Ruvic/Illustration
ដោយ៖ ឆន ឌីណា
២៧ នាទី

ប្រឈមទល់នឹងវិបត្តិជំងឺកូវីដ១៩ ការបញ្ចុះអត្រាការប្រាក់ ជាយុទ្ធសាស្រ្ដនយោបាយមួយក្នុងចំណោមវិធានការផ្សេងៗដែលត្រូវដាក់ចេញឱ្យ​អនុវត្ត ដោយធនាគារកណ្ដាលនៃ​រដ្ឋាភិបាលនីមួយៗ នៅពាសពេញពិភពលោក។ ក្នុងទ្រឹស្ដី ការប្រើប្រាស់នយោបាយនេះគឺដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឬក៏ដើម្បី​ដោះស្រាយបញ្ហាសេដ្ឋកិច្ច នៅពេល​ប្រទេសប្រឈម​វិបត្តិ ដូចជា ការគ្រប់គ្រងអត្រាអ្នកអត់ការងារធ្វើទាប ការគ្រប់គ្រងឱ្យ​តម្លៃទំនិញមិនឡើងថ្លៃខ្លាំង ​ការ​រក្សាកំណើនសេដ្ឋកិច្ចឱ្យ​មានស្ថិរភាព និងការជួយគាំពារអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម។ ជាលទ្ធផល នយោបាយនេះ​ជានឹងក្លាយជាគន្លឹះនៃការរក្សា និងបង្កើតការងារឱ្យ​មនុស្សរាប់លាននាក់។ ក៏ប៉ុន្តែ អំឡុងវិបត្តិជំងឺកូវីដ១៩ តើការបញ្ចុះអត្រាការប្រាក់អាចជួយសេដ្ឋកិច្ចឲ្យងើបចេញពីវិបត្តិដែរឬទេ?​

ផ្សាយពាណិជ្ជកម្ម

ប្រឈមទល់នឹងផលប៉ះពាល់នៃ​វិបត្តិជំងឺកូវីដ១៩ វិធានការផ្សេងៗត្រូវដាក់ចេញឱ្យ​អនុវត្ត ដោយធនាគារកណ្ដាលនៃរដ្ឋាភិបាលនីមួយៗ នៅពាសពេញពិភពលោក។ ក្នុងចំណោមវិធានការទាំងនោះ យុទ្ធសាស្រ្ដនយោបាយ “ទម្លាក់អត្រាការប្រាក់” ត្រូវគេអនុវត្តយ៉ាងទូលំទូលាយ តួយ៉ាង ធនាគារកណ្ដាលអាមេរិក ធនាគារកណ្ដាលនៃចក្រភពអង់គ្លេស ធនាគារកណ្តាលកាណាដា ធនាគារកណ្ដាលនូវែលសេឡង់ និងសូម្បីនៅអាស៊ី ជាឧទាហរណ៍ ធនាគារកណ្តាលកូរ៉េខាងត្បូង និងធនាគារកណ្ដាលថៃ។ ជាក់ស្ដែង ម្ដងជាពីរដង ធនាគារកណ្ដាលនៃចក្រភពអង់គ្លេស បាន​បញ្ចុះអត្រាការប្រាក់ពី ០,៧៥ភាគរយ មកត្រឹម០,២៥ភាគរយ តាំងពីដើមខែមីនា ហើយបានបន្តបញ្ចុះមកត្រឹម ០,១ភាគរយ ក្នុងពេលបន្ទាប់។ ធនាគារកណ្ដាលថៃ ឯណោះវិញ បាន​បញ្ចុះអត្រាការប្រាក់មកត្រឹម ០,៥ភាគរយក្នុងពេលថ្មីៗនេះ ដែល​វាជាអត្រាទាបបំផុតមិនធ្លាប់មាន។

តើ​យុទ្ធសាស្រ្ដនយោបាយ “ទម្លាក់អត្រាការប្រាក់” ជាអ្វី? តើវិធានការនេះពិតជាអាចជួយស្រោចស្រង់សេដ្ឋកិច្ចឲ្យងើបចេញពីវិបត្តិមែនឬយ៉ាងណា?

ការដំឡើង ឬបញ្ចុះអត្រាការប្រាក់ គឺជាយុទ្ធសាស្ត្រនយោបាយមួយដែល​ធនាគារកណ្តាលនៃប្រទេសនីមួយៗ ប្រើប្រាស់​ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឬក៏ដើម្បី​ដោះស្រាយបញ្ហាសេដ្ឋកិច្ច នៅពេល​ប្រទេសប្រឈម​វិបត្តិ ដូចជា ការគ្រប់គ្រងអត្រាអ្នកអត់ការងារធ្វើទាប ការគ្រប់គ្រងឱ្យ​តម្លៃទំនិញមិនឡើងថ្លៃខ្លាំង និង​ការ​រក្សាកំណើនសេដ្ឋកិច្ចឱ្យ​មានស្ថិរភាព។ នយោបាយនេះក៏មានគោលបំណងជួយការពារអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម។ ជាលទ្ធផល នយោបាយនេះ​នឹងក្លាយជាគន្លឹះនៃការរក្សា និងការបង្កើតការងារឱ្យ​មនុស្សរាប់លាននាក់។

ក្នុងទ្រឹស្ដីសេដ្ឋកិច្ច ការប្រែប្រួលអត្រាការប្រាក់ អាចមានឥទ្ធិពលផ្ទាល់ទៅលើឥរិយាបទរបស់ប្រជាជន ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ នៅពេលណាសេដ្ឋកិច្ចមានកំណើនខ្លាំង ការដំឡើងអត្រាការប្រាក់អាចរុញច្រានឲ្យកម្ចីឡើងថ្លៃជាងមុន និងវាជួយបន្ថយល្បឿននៃកំណើនសេដ្ឋកិច្ច។ អ្នកខ្ចីលុយត្រូវចំណាយលើអត្រាការប្រាក់ច្រើនជាងមុន ខណៈអ្នកមានលុយសន្សំនឹងទទួលបានការប្រាក់កាន់តែច្រើន។ ផ្ទុយទៅវិញ នៅពេលណាសេដ្ឋកិច្ចមានវិបត្តិ ការបញ្ចុះអត្រាការប្រាក់ធ្វើឲ្យកម្ចី និងការវិនិយោគមានតម្លៃថោកជាងមុន។ ដូច្នេះ វា​អាចរុញច្រានឱ្យ​​សេដ្ឋកិច្ចងើបឡើងវិញ។ ការបញ្ចុះអត្រាការប្រាក់នឹងធ្វើឱ្យតម្លៃទំនិញធំៗមានតម្លៃសមរម្យ ឬទាបជាងមុន ដូចជា ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីទិញរថយន្ត និងចំណាយផ្សេងៗ។

ក្នុងការអនុវត្តជាក់ស្ដែង ជាពិសេស អំឡុងប្រឈមទល់នឹងវិបត្តិជំងឺកូវីដ១៩ ប្រសិទ្ធិភាពនៃការអនុវត្តនយោបាយនេះស្ថិតក្នុងការពិភាក្សា។ វិធានការនេះ ត្រូវអ្នក​ជំនាញយ៉ាងច្រើន បង្ហាញថា អាចដោះស្រាយបញ្ហាបានតែមួយគ្រាក្នុងរយៈពេលខ្លី ហើយសម្រាប់ពេលបច្ចុប្បន្ន វាមិន​បាន​ជួយជំរុញកំណើនសេដ្ឋកិច្ចអ្វីជាដុំកំភួនទេ ព្រោះប្រជាជនភាគច្រើនបាន​បន្តស្នាក់នៅក្នុងផ្ទះ ដើម្បីការពារខ្លួនពីការឆ្លងជំងឺ។ តួលេខជាក់ស្ដែង បង្ហាញថា ប្រហែលមួយភាគបីនៃប្រជាជនលើពិភពលោកបានបន្ដស្នាក់នៅក្នុងផ្ទះ ឬក៏បន្ថយសកម្មភាពដើរហើររបស់ខ្លួន។ ភោជនីយដ្ឋាន រោងកុន រង្គសាល និងហាងលក់ទំនិញត្រូវបិទទ្វា។ នេះវាមានន័យថា ពួកគេមានមធ្យោបាយតិចជាងមុនក្នុងការចំណាយ។

ការបញ្ចុះអត្រាការប្រាក់អាចឈានដល់​ ការអនុវត្តអត្រាការប្រាក់អវិជ្ជមាន។ អត្រាការប្រាក់អវិជ្ជមាន មានន័យថា ស្ថាប័នហិរញ្ញវត្ថុនឹងទទួលបានប្រាក់ នៅពេលដែលពួកគេខ្ចីប្រាក់ពីធនាគារកណ្ដាល ប៉ុន្តែពួកគេត្រូវពិន័យ សម្រាប់ការរក្សាទុកប្រាក់បម្រុងលើស។ ទោះជាយ៉ាងណា ប្រសិទ្ធិភាពនៃនយោបាយនេះ ក៏មិនទាន់មានការសន្និដ្ឋាននៅឡើយ។ ធនាគារកណ្ដាលអឺរ៉ុបជឿជាក់ថា ការអនុវត្តនយោបាយអត្រាការប្រាក់អវិជ្ជមាន បានរួមចំណែករក្សាកំណើនសេដ្ឋកិច្ច រហូតដល់ទៅ ០,៥ភាគរយ ក្នុងបណ្ដាប្រទេសនៃតំបន់ចាយប្រាក់អឺរ៉ូ ចាប់តាំងពីឆ្នាំ២០១៤។ ផ្ទុយទៅវិញ មតិមួយចំនួនលើកឡើងថា អត្រាការប្រាក់អវិជ្ជមានពុំមានប្រសិទ្ធិភាព តួយ៉ាង ប្រទេសជប៉ុនដែលបានអនុវត្តនយោបាយនេះ ចាប់តាំងពីឆ្នាំ២០១៦ កំពុងបន្ដប្រឈមបញ្ហាសេដ្ឋកិច្ចគាំងនឹងថ្កល់ និងកម្រិតអតិផរណាទាបជ្រុល។ លើសពីនេះ ការសិក្សាមួយចំនួនបានរកឃើញថា នយោបាយនេះមិនត្រឹមតែមិនដំណើរការនៅអឺរ៉ុប និងជប៉ុននោះទេ ប៉ុន្តែវាថែមទាំងបានកាត់បន្ថយប្រាក់ចំណេញពីធនាគារទៀតផង។

សរុបជារួម ប្រសិទ្ធិភាពនៃការអនុវត្តនយោបាយ “ការបញ្ចុះអត្រាការប្រាក់” ដោយធនាគារកណ្ដាល ហាក់មិនបានជួយជំរុញកំណើនសេដ្ឋកិច្ចអ្វីជាដុំកំភួនទេ ព្រោះប្រជាជនភាគច្រើនបានបន្តស្នាក់នៅក្នុងផ្ទះ ដើម្បីការពារខ្លួនពីការឆ្លងជំងឺ ហើយសកម្មភាពសេដ្ឋកិច្ចយ៉ាងច្រើនត្រូវបានបង្អាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ