អានតួអត្ថបទ
ស្ហ៊ីប-សហភាពអឺរ៉ុប

ប្រទេសស្ហ៊ីប​លុបចោល​​នយោបាយ​ ផ្តល់លិខិត​ឆ្លងដែន​ដោយការ​ប្រើប្រាក់​វិនិយោគ

ផ្លាកផ្សាយពាណិជ្ជកម្ម នៅក្បែរក្រុង​ Paphos ប្រទេសស្ហ៊ីប Cyprus ដែលអំពាវនាវឲ្យ​ជនបរទេស វិនិយោគទិញអចលនៈទ្រព្យ នៅលើកោះនេះ។
ផ្លាកផ្សាយពាណិជ្ជកម្ម នៅក្បែរក្រុង​ Paphos ប្រទេសស្ហ៊ីប Cyprus ដែលអំពាវនាវឲ្យ​ជនបរទេស វិនិយោគទិញអចលនៈទ្រព្យ នៅលើកោះនេះ។ © REUTERS/Stringer
ដោយ៖ ម៉ម ពិសី
១៦ នាទី

ប្រទេសស្ហ៊ីប ដែលជាកោះស្ថិតក្នុងសមុទ្រម៉េឌីទែរ៉ាណេ និងជាប្រទេសសមាជិកសហភាពអឺរ៉ុប ត្រូវបានគេស្គាល់ថា គឺជាប្រទេសដែលមានគោលនយោបាយ​ ផ្តល់លិខិតឆ្លងដែនដល់ជនបរទេសណា ដែលហ៊ានចំណាយ​ប្រាក់​វិនិយោគ ក្នុងប្រទេសនេះ ចាប់ពី​២លាន៥សែនអឺរ៉ូឡើងទៅ។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារទី​១៣តុលានេះ រដ្ឋាភិបាល​ប្រទេសនេះ បាន​ប្រកាសថានឹងលុបចោលគោលនយោបាយ​នេះ ចាប់ពីខែ​វិច្ឆិកាទៅ។ ការសម្រេចនេះ គឺបន្ទាប់​ពី​មាន​ការផ្សាយវីដេអូឯកសារមួយ​ របស់ទូរទស្សន៍ Al Jazeera ដែល​លើកឡើងពី​ភាពមិនប្រក្រតីក្នុងនីតិវិធី​ ព្រមទាំងករណីពុករលួយ ​របស់មន្ត្រីរដ្ឋការ​ប្រទេសនេះ​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍ Al Jazeera បានផ្សាយវីដេអូឯកសារមួយ​ នៅថ្ងៃចន្ទ ទី​១២តុលា ស្តីអំពី​គោលនយោបាយ​ផ្តល់លិខិតឆ្លងដែនប្រទេសស្ហ៊ីប (Chypre/Cyprus) ទៅឲ្យ​ជនបរទេស មហាសេដ្ឋីដែលមានប្រាក់ចំណាយវិនិយោគ។ នៅក្នុងវីដេអូឯកសារនោះ អ្នកកាសែតរបស់​ទូរទស្សន៍ Al Jazeera ​បានបន្លំខ្លួន ធ្វើជាអ្នកតំណាង របស់អ្នក​មាន​ស្តុកស្តម្ភម្នាក់ ដែលចង់បាន​លិខិតឆ្លងដែនស្ហ៊ីប តែអ្នកមាននោះ​ គឺជាឧក្រិដ្ឋជន។ ទោះជាយ៉ាងនេះក្តី ទាំងមេធាវី ទាំងបុគ្គលិកអចលនៈទ្រព្យ ព្រមទាំងមន្ត្រីអាជ្ញាធរប្រទេសស្ហ៊ីប បានធានាថា​នឹង​ជួយសម្រួល ​ដើម្បីឲ្យ​ជននោះអាចទទួលបានលិខិតឆ្លងដែន។

វីដេអូឯកសារនេះ បាន​បង្ហាញពីការពាក់ព័ន្ធសកម្មភាពស៊ីសំណូក របស់លោក​ប្រធានសភាស៊្ហ៊ីប ព្រមទាំងតំណាងរាស្រ្ត​​ម្នាក់​ផងដែរ។ តែបុគ្គលមានអំណាចទាំង២នាក់នេះ បានឆ្លើយ​បដិសេធ ថាគ្មានពាក់ព័ន្ធទេ​។ ស្រាប់តែប៉ុន្មាន​ម៉ោងក្រោយ​ការផ្សាយ​វីដេអូឯកសារនេះ នៅថ្ងៃអង្គារទី​១៣តុលា រដ្ឋាភិបាលស្ហ៊ីបបានសម្រេច លុបចោលគោលនយោបាយ​ផ្តល់លិខិតឆ្លងដែន ដោយ​ការចំណាយ​ប្រាក់វិនិយោគនេះ ចាប់ពីថ្ងៃទី​១វិច្ឆិកាតទៅ​។ នេះបើផ្អែកតាម​ការបញ្ជាក់​ពី​លោក Kyriacos Koushos អ្នកនាំពាក្យ​រដ្ឋាភិបាល។​ ចំណែកលោក ​​Demetris Syllouris ប្រធានសភា​ស្ហ៊ីបវិញ​​ ក៏បាន​ប្រកាស លាលែងចេញពី​មុខងារដែរ។

សូមបញ្ជាក់ថា គោលនយោបាយ​ផ្តល់​លិខិតឆ្លងដែនដល់អ្នកវិនិយោគ របស់រដ្ឋាភិបាល​ប្រទេសស្ហ៊ីបនេះ គឺត្រូវបានអនុវត្តចាប់ពី​ឆ្នាំ២០០៧។ ចាប់ពីឆ្នាំ២០១៣មក គោលនយោបាយ​នេះ បានទទួលការពេញនិយមជាខ្លាំង ពីសំណាក់មហាសេដ្ឋីមកពីរុស្ស៊ី និង​មកអាស៊ី ដែលចង់បានលិខិតឆ្លងដែនអឺរ៉ុបកាន់។ អ្នកដែលចង់បាន គឺអាចចំណាយ​ប្រាក់ តែ២លាន​៥សែនអឺរ៉ូ ក្រោមរូបភាព ជាការទិញ​អចលនៈទ្រព្យ ដីឬផ្ទះវីឡា នៅលើ​កោះស្ហ៊ីប​ ជាការ​ស្រេច​។

គិតមកត្រឹមពេលនេះ រដ្ឋស្ហ៊ីបបានប្រមូលប្រាក់​ ប្រមាណ​៧ពាន់លានអឺរ៉ូ តាមរយៈគោលនយោបាយ​នេះ។ ក៏ប៉ុន្តែសហភាពអឺរ៉ុប ធ្លាប់បានក្រើនរំលឹករដ្ឋាភិបាលស្ហ៊ីបជាច្រើនដងមកហើយ​ ថាគោលនយោបាយ​លក់លិខិតឆ្លងដែននេះ គឺវាអាច​បើកផ្លូវ​ឲ្យ​ឧក្រិដ្ឋជនបរទេស អាចចូលមកក្នុងសហភាពអឺរ៉ុប ព្រមទាំងបង្កើនការលាងលុយក្រខ្វក់​​ផងដែរ។

គួរកត់សំគាល់ថា ក្រៅពីប្រកាសលុបចោលគោលនយោបាយ​នេះ​ រដ្ឋាភិបាលស្ហ៊ីប ក៏បានបញ្ជាក់ឲ្យដឹងដែរថា នឹងពិនិត្យ​មើលឡើងវិញ ទៅលើលិខិតឆ្លងដែនចំនួន​ប្រមាណ​៤០០០ ដែលត្រូវបានប​្រគល់រួចហើយ។ ដោយ​ឡែ​កកាល​ពីស​ប្តាហ៍កន្លងទៅ អាជ្ញាធរស្ហ៊ីបបានសម្រេចដកហូត លិខិតឆ្លងដែនចំនួន​៧ ពីជនបរទេស ដែលទទួល​បាន​វា ​​ដោយ​គោលនយោបាយ​ពិសេសនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ