អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់​ព្រមាន​ពីការលាយទឹកកក​ក្នុង​ល្បឿន​ដ៏លឿន នៅ​តំបន់ប៉ូលអាកទិក

សំឡេង ០៧:៥៥
វិទ្យាស្ថាន​អាល្លឺម៉ង់ Alfred-Wegener បង្ហាញរូបថត នៅខែ​មករា ឆ្នាំ ២០២០ ដែល នៅក្នុង​នោះ កប៉ាល់​បំបែក​ទឹកកក "Polarstern" នៅ​តំបន់កណ្តាល​របស់​ប៉ូលអាក់ទិក ដែល​គ្មាន​ស្គាល់ថ្ងៃ​ទាល់តែសោះ នៅក្នុង​បេសសកម្ម សិក្សា​ពីផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុ​លើ​តំបន់ប៉ូលអាក់ទិក
វិទ្យាស្ថាន​អាល្លឺម៉ង់ Alfred-Wegener បង្ហាញរូបថត នៅខែ​មករា ឆ្នាំ ២០២០ ដែល នៅក្នុង​នោះ កប៉ាល់​បំបែក​ទឹកកក "Polarstern" នៅ​តំបន់កណ្តាល​របស់​ប៉ូលអាក់ទិក ដែល​គ្មាន​ស្គាល់ថ្ងៃ​ទាល់តែសោះ នៅក្នុង​បេសសកម្ម សិក្សា​ពីផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុ​លើ​តំបន់ប៉ូលអាក់ទិក AFP - LUKAS PIOTROWSKI
ដោយ៖ ឈាង បុប្ផា
៤០ នាទី

កប៉ាល់​បំបែក​ទឹកកក​របស់​អាល្លឺម៉ង់ ដែល​បាន​ដឹក​ក្រុមអ្នកវិទ្យាសាស្រ្ត​ទៅសិក្សា​ជាង​១ឆ្នាំ នៅ​តំបន់ប៉ូល​ខាងជើង អាកទិក បាន​វិលត្រលប់​ចូល​កំពង់ផែ​វិញហើយ នៅ​ថ្ងៃ​ចន្ទទី ១២​តុលា ឆ្នាំ ២០២០។ នៅក្រោយ ​ដំណើរ​សិក្សា រយៈពេល​ដ៏វែង និង​លម្អិត​ មិនដែល​ធ្លាប់ មាន នៅ​តំបន់​អាកទិក អ្នកវិទ្យាសាស្រ្ត​បាន​ទាញ​សញ្ញាអាសន្នមួយ នោះ គឺ​ការរលាយផ្ទាំងទឹកកក ក្នុង​ល្បឿន​ដ៏លឿន នៅតំបន់ប៉ូលខាងជើង​អាកទិក ដែល​អាច​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ។ ហេតុអ្វី​បាន​ជា​គេ​ត្រូវព្រួយបារម្ភ​ពីការលាយផ្ទាំងទឹកកក​នៅ​តំបន់​អាកទិក?

ផ្សាយពាណិជ្ជកម្ម

បេសកកម្ម ឈ្មោះ ថា Mosaic ដែល​មានការចូលរួម​ពីអ្នកវិទ្យាសាស្រ្ត ដល់​ទៅជាង ៦០០នាក់ មកពី​ប្រទេស​ចំនួន ២០ គឺ​ជាបេសកកម្ម​ដែលធ្វើឡើង ក្នុង​ទ្រង់ទ្រាយ​ធំ មិនធ្លាប់ មាន​នៅតំបន់​ប៉ូល​អាកទិក។ លើកនេះ កប៉ាល់​បំបែក​ទឹកកក Polarstern ដែល​មាន​សមត្ថភាព ធន់​នឹង​អាកាសធាតុ ត្រជាក់ បើប្រៀបធៀប​នឹង​កប៉ាល់ដទៃ បាន​ដឹក​អ្នកវិទ្យាសាស្រ្ត អន្តរជាតិ និង​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់ នៃ វិទ្យាស្ថាន​អាល្លឺម៉ង់ Alfred Wegener ទៅ​សិក្សា​នៅតំបន់​ប៉ូលអាកទិក។ អ្នកវិទ្យាសាស្រ្ត​អន្តរជាតិ ប្រមាណ ៦០០នាក់ (បណ្តាក់វេនគ្នា) បាន​ចំណាយ​ពេលវេលា​យូរ ដល់​ទៅ ១ឆ្នាំ ដើម្បី​សិក្សា មើល​ឲ្យឃើញ​ផ្ទាល់ភ្នែក ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ទៅលើ​តំបន់​ប៉ូលអាកទិក។ ក្នុង​រយៈពេល​មួយឆ្នាំ អ្នកវិទ្យាសាស្រ្ត​អាច​សិក្សា​ដឹងបានលម្អិត​ពី​ខ្យល់​បរិយាកាស ពី​ទឹកសមុទ្រ ផ្ទាំងទឹកក និង​ប្រព័ន្ធ ជីវចម្រុះ​នៅ​តំបន់​ ប៉ូលអាកទិក។

តាមវិទ្យាស្ថានអាល្លឺម៉ង់ Alfred Wegener នៅក្រោយ​បេសកកម្ម ដែល​មាន​តម្លៃ ១៥៨​លាន​ដុល្លារ គេ​នឹង​អាច​វិភាគ បូកសរុប លទ្ធផល​នៃ​ការសិក្សា ស្រាវជ្រាវ​នៅ​តំបន់​ប៉ូល​អាកទិក នៅក្នុង​រយៈពេល ១ ឆ្នាំ ទៅ​២ឆ្នាំ ខាងមុខ។ លទ្ធផល​យ៉ាងណា​នៃ​ការសិក្សា នៅក្រោយ បេសកកម្ម​លើកនេះ នឹង​​ជួយ​ឲ្យ​គេ អាច ដឹង​ពី​អាកាសធាតុ និង​ដឹងថា តើ ​រលកក្តៅ ទឹកភ្លៀងជោគជាំ ឬ​ ខ្យល់ព្យុះ នឹង​កើតឡើង​ក្នុងទ្រង់ទ្រាយ យ៉ាងម៉េច ​ក្នុង​រយៈពេល ២០ ឬ​៥០ឆ្នាំទៅមុខទៀតនោះ។

ហេតុអ្វី​សិក្សា​ពីការប្រែប្រួល​អាកាសធាតុ នៅ​តំបន់ប៉ូល​ខាងជើង អាកទិក?

វាមិនមែន​ចៃដន្យទេ ដែល​អ្នកវិទ្យាស្រ្ត​ជ្រើសរើស​តំបន់ប៉ូល​អាកទិក សម្រាប់​បេសកកម្ម​ទៅស្រាវជ្រាវ​ពីផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ នៅលើ​ផែនដី។ តំបន់អាកទិក ជា​ចំណុចគន្លឹះសំខាន់ នៃ​ការប្រែប្រួលអាកាសធាតុ។ នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ កម្រិតកំដៅ នៅ​តំបន់​ប៉ូល អាកទិក បានកើនខ្លាំង ដល់​ទៅ ២ដង បើប្រៀបធៀប​នឹង​សីតុណ្ហភាព​ជា​មធ្យម នៅលើ​ផែនដី។ នៅតំបន់​អាកទិក ក្រៅតែ​ពីបញ្ហា​រលាយទឹកកក គឺ​មាន​បញ្ហា​ភ្លើងឆេះព្រៃ ដែល​គេ​ពិបាក​នឹង​គ្រប់គ្រង ពន្លត់ទាន់ពេលវេលា។ នៅរដូវក្តៅ​ឆ្នាំនេះ គេរាប់ឃើញ​មាន​ភ្លើងឆេះព្រៃ ជាង ៦០០កន្លែង ដែលបាន​ឆេះបំផ្លាញ ដី ព្រៃ ជាង ១លាន​ហិចតា នៅ​អាឡាស្កា ទឹកដីរបស់អាមេរិក។ នៅ​តំបន់ស៊ីបេរី របស់​រុស្ស៊ី ភ្លើងឆេះព្រៃ លេបត្របាក់​ព្រៃ ជាង ៥លាន​ហិចតា។ ភ្លើងឆេះព្រៃ នៅក្នុង​តំបន់អាកទិក និង​សីតុណ្ហភាព ក្តៅខ្លាំង នៅ តំបន់​ស៊ីបេរី រហូត​ដល់ទៅជិត ៤០អង្សា​ដែល​មិន​ធ្លាប់​មាន តែសោះ គឺ មាន​កាន់តែញយឡើងៗ។

នៅពេល​សីតុណ្ហភាព​កាន់តែ​ក្តៅខ្លាំង ហើយ​ទឹកសមុទ្រ​ក៏ឡើង​កំដៅ​ដែរ​យ៉ាងដូច្នេះ ផ្ទាំងទឹកក​នៅ​តំបន់អាកទិក បាន​ថយចុះ ទំហំ​បរិមាណ​របស់​វា ដល់ទៅ ៧៥% នៅ​ក្នុង​រយៈពេល ៤ទសវត្សរ៍​ចុងក្រោយនេះ។ រដូវក្តៅ​នៅឆ្នាំនេះ បានធ្វើ​ដុំទឹកកក ទំហំ ប្រមាណ ១១៣​គីឡូម៉ែត្រការ៉េ រលាយ ប្រេះ ផ្តាច់ខ្លួន ចេញ​ពីដុំទឹកកកដ៏ធំ នៅ​Groenland ក្នុង​ដែនទឹក​របស់​ប្រទេស​ដាណឺម៉ាក។ អ្នកវិទ្យាសាស្រ្ត​បានវាយតម្លៃថា មាន​ដុំទឹកកក​ប្រមាណ ៤៤០​ពាន់លាន​តោន បាន​រលាយ ចូលទៅក្នុង ទឹកសមុទ្រ ឬ​ហើរ​ទៅក្នុង​បរិយាកាស។ ៤៤០​ពាន់លាន​តោននេះ គឺ​គ្រប់គ្រាន់​សម្រាប់​អាច​ជន់លិច​ប្រទេស​ក្រិក​ទាំងមូល​មួយបាន។

អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់៖ គេ​មិនឃើញ​ផ្ទាំងទឹកកក ប៉ុន្តែ គេឃើញតែ​ផ្ទៃទឹកសមុទ្រ​ល្ហល្ហេវ នៅអាកទិក នៅរដូវក្តៅ

ការសិក្សា​របស់​អ្នកវិទ្យាសាស្រ្ត​កន្លងមក បាន​ទាញ​សញ្ញាអាសន្ន​រួចហើយ​ពី​បញ្ហា​រលាយទឹកកក នៅ​តំបន់​ប៉ូលអាកទិក។ ប៉ុន្តែ ខុសពី​ការសិក្សា​កន្លងមក ដែល​លើកឡើង​ពី​ស្ថានភាព​ទូទៅ​នៃ ការរលាយ​ផ្ទាំងទឹកក នៅ​អាកទិក អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ ជាង ៦០០នាក់ ដូចបាន​និយាយ​ខាងដើម គឺ បាន​សិក្សា​លម្អិត មិនថា អាកាសធាតុ ប្រព័ន្ធជីវចម្រុះ ទឹកសមុទ្រ នៅ​តំបន់ប៉ូល ហើយ​និង ផ្ទាំងទឹកកក។ មួយវិញទៀត បេសកកម្ម របស់​វិទ្យាសា្ថនអាល្លឺម៉ង់​លើកនេះ ផ្តោតសំខាន់​លើផលប៉ះពាល់ នៃ​ការឡើង​កំដៅ ខ្លាំង​នៅ​រដូវក្តៅ ទៅលើតំបន់​ទឹកកក​អាកទិក។

តាំង​ពីមិនទាន់​ចូលចត​ដល់​កំពង់ផែអាល្លឺម៉ង់ ម្ល៉េះ លោក Markus Rex អ្នកជំនាញ​អាកាសធាតុជាតិអាល្លឺម៉ង់ និងជា​ប្រធាន​ក្រុមដឹកនាំ​អ្នកវិទ្យាសាស្រ្ត​របស់​កប៉ាល់ Polarstern បានរៀបរាប់​តាមទូរស័ព្ទ ប្រាប់​ពីដំណឹង​អាក្រក់​រួចទៅហើយថា នៅរដូវក្តៅ ពួកគេ មិនបាន​ឃើញ ផ្ទាំងទឹកកក កកជាប់រឹងនៅសមុទ្រ អាកទិកទៀតទេ ប៉ុន្តែ ផ្ទុយទៅវិញ  គេ​ឃើញ​ផ្ទាល់ភ្នែក មានតែ​ទឹកសមុទ្រ​ល្ហល្ហេវ  ដាច់​កន្ទុយភ្នែក នៅតំបន់​អាកទិក។ នៅ​រដូវក្តៅ​ផ្ទាំងទឹកកក​បានរលាយ ក្នុងល្បឿន​ដ៏លឿន ដុំទឹកកក ចាប់ផុយស្រួយ រលាយ ដោយសារ​តែ កំដៅ​ព្រះអាទិត្យ។

ការឃើញផ្ទាល់នឹងភ្នែក​របស់​ក្រុមវិទ្យាសាស្រ្ត របស់​វិទ្យាសា្ថនអាល្លឺម៉ង់ រឹតតែបញ្ជាក់ កាន់តែ​ច្បាស់ ការអះអាង​របស់​អ្នកជំនាញ​អាកាសធាតុ​អាមេរិកាំង។ កាលពី​ខែ កញ្ញា​កន្លងទៅ រូបភាព​ផ្កាយរណប​របស់​អាមេរិក បង្ហាញ រូបភាព​រួញតូច​នៃ​ផ្ទាំងទឹកកក នៅ​តំបន់​ប៉ូលអាកទិក ដល់​ទំហំ​មួយដ៏តូច មិនធ្លាប់ មាន ចាប់តាំង​ពី​ឆ្នាំ ២០១២។

តំបន់អាកទិក ដែលមានទំហំ​ប្រមាណ ២១​លាន​គីឡូម៉ែត្រ​ការ៉េ​គ្របដណ្តប់​ទៅលើ​សមុទ្រ អាកទិក ហើយនិង​តំបន់ដីគោក ភាគខាងជើង របស់អាមេរិក កាណាដា ហើយ​និង​រុស្ស៊ី។ នៅពេល​ទឹកកក​នៅតំបន់ប៉ូល​ចាប់រលាយ រួមតូច នៅ​រដូវក្តៅ វា​នឹង​អាច​ចាប់កកវិញ ពង្រីកដែនទឹកកវិញ នៅរដូវរងា នៅពេល​អាកាសធាតុ​អាចចុះ​ដល់ ដក ៥០អង្សា ក្រោមសូន្យ។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ សីតុណ្ហភាព​កាន់តែ​ឡើង​ក្តៅជាងមុន ទឹកកក​ក៏ឆាប់រលាយ ប៉ុន្តែ នៅពេល​ត្រូវកកវិញ គឺ​មិន​ឆាប់ កក ច្រើន​ដូចមុន ដោយសារថា ទឹកសមុទ្រ​ក៏ចាប់ក្តៅ​ជាងមុន ចំណែក សីតុណ្ហភាព ក៏មិនចុះ​ត្រជាក់ខ្លាំង​ដូច​មុនដែរ។

សម្រាប់ប្រធានក្រុមដឹកនាំ​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់ បើសិន គេ​មិនចាត់វិធានការ ដើម្បី ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុទេ នោះ នៅប៉ុន្មាន​ទសវត្សរ៍ ខាងមុខ គេនឹង​លែង ឃើញមាន​ផ្ទាំង​ទឹកកក​ទាល់តែសោះ នៅ​តំបន់ប៉ូលទឹកកក​អាកទិក នាពេល​រដូវក្តៅ។ នៅពេល​ផ្ទាំងទឹកកក​នៅក្នុង​សមុទ្រអាកទិក រលាយ មិនអាច ទៅធ្វើ​កំពស់ទឹកសមុទ្រ​កើនឡើង ប៉ុន្តែ ដីកក Permafrost នៅ​អាកទិក នឹង​រលាយ ហើយ​អាច​បញ្ចេញ មេរោគ បាក់តេរី អាយុ​រាប់លាន​ឆ្នាំ ដែល​នៅកប់​ជាប់ក្រោម​ដីកកក និង​ដែល​អាច​គំរាម​កំហែងអាយុ​ជីវិត​របស់​លើ​មនុស្ស​លើផែនដី។

មួយវិញទៀត បើសិន​អាកាសធាតុ​នៅតែ​ក្តៅ និង​កាន់តែ​សន្ធឹក នោះ ដុំទឹកកកធំៗ ទំហំ ប៉ុន ទីក្រុង​ម៉ាន់ហាតាន់​របស់អាមេរិកជាដើម នឹង​អាច​រលាយ​ចូលទៅក្នុង​ទឹក ដែលនឹង​ធ្វើ​កំពស់ទឹកសមុទ្រ​កើនឡើង ទៅថ្ងៃមុខ។ កន្លងមក អ្នកវិទ្យាសាស្រ្ត​វាយតម្លៃ រវាង​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៨ កំពស់​ទឹកសមុទ្រ​បានកើនឡើង ជាង ១សង់ទីម៉ែត្រ ដែលបានគំរាមជន់លិច ទីក្រុង នៅតាមឆ្នេរ​របស់​ប្រទេស​កោះជាច្រើន។ ប៉ុន្តែ បើសិន ដុំទឹកកក​នៅ Groenland នៅតែបន្តរលាយ ដូចសព្វថ្ងៃ​នោះ កំពស់ទឹកសមុទ្រ នឹង​អាច​កើនឡើង​ពិ ១០ ទៅ ១២​សង់ទីម៉ែត្រ ពីពេលនេះ ដល់​ឆ្នាំ ២១០០។ ជាលទ្ធផល ទីក្រុង តាមឆ្នេរសមុទ្រ ដែល​សំបូរ​មនុស្ស​រស់នៅ និង​ជា​កន្លែង​ធ្វើពាណិជ្ជកម្ម​សំខាន់​ក្នុង​លោក ដែលត្រូវ​រងគ្រោះ ជន់លិចលង់​មុនគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ