អានតួអត្ថបទ
កូវីដ១៩

OMS/WHO ថាមិនត្រូវបណ្តោយ​ឲ្យ​កូវីដ១៩ ឆ្លងរាលដាលដោយគ្មានការទប់ស្កាត់នោះទេ

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាព​ពិភពលោក WHO/OMS
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាព​ពិភពលោក WHO/OMS REUTERS - Christopher Black/WHO
ដោយ៖ ម៉ម ពិសី
១៧ នាទី

លោកអគ្គនាយកអង្គការ​សុខភាពពិភពលោក បានលើកឡើង កាលពីថ្ងៃចន្ទទី​១២តុលាថា គេមិនអាចបណ្តោយឲ្យ​មេរោគជម្ងឺកូវីដ១៩ ឆ្លងរាលដាលដោយគ្មានការទប់ស្កាត់បានទេ ព្រោះមេរោគនេះ មិនមែនដូចមេរោគផ្តាសាយសាមញ្ញឡើយ។ ការលើកឡើង ក្រើនរំលឹកពីសំណាក់ លោកអគ្គនាយក​អង្គការ​សុខភាពពិភព​លោកបែបនេះ គឺបន្ទាប់ពីមានមតិមួយចំនួន ដែល​យល់ឃើញថា អាជ្ញាធរសុខាភិបាលគួរតែបើកចំហរ ឲ្យ​មេរោគជម្ងឺកូវីដ១៩នេះ ឆ្លងរាលដាលសព្វក្នុងចំណោមប្រជាជន។ ធ្វើបែបនេះ ទើប​រាងកាយមនុស្សអាចបន្សាំ ហើយអាចមានកម្លាំង ទប់ទល់ ជាមួយ​មេរោគ​នេះ​បាន​។

ផ្សាយពាណិជ្ជកម្ម

លោកវិជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានលើកឡើងថា ៖ នៅក្នុងប្រវត្តិសាស្ត្រ​នៃ​សុខភាព​សាធារណៈ គេមិនដែល​ប្រយុទ្ធយកឈ្នះ នឹងករណីជម្ងឺឆ្លងរាលដាលធ្ងន់ធ្ងរ ដោយការ​ប្រើយុទ្ធសាស្ត្រ​បើកចំហរ បណ្តោយ​ឲ្យវា​ឆ្លងទូទៅក្នុងសង្គម ដោយ​សង្ឃឹមថារាងកាយមនុស្ស​ នឹងបន្សាំជាមួយ​មេរោគនោះទេ។ លោកបន្ថែមថា បណ្តោយឲ្យ​មេរោគថ្មី​មួយ ដែលអាច​បង្កគ្រោះថ្នាក់ ឲ្យ​វាឆ្លងរាលដាលសព្វក្នុងសង្គម​ គឺវាជារឿងមួយ​គ្មានសិលធម៌ ទាំងក្នុងន័យវិទ្យាសាស្ត្រ ទាំងក្នុងន័យ​មនុស្សធម៌។

ចំណែក​ លោកស្រីវិជ្ជបណ្ឌិត Maria Van Kerkhove អ្នកទទួលបន្ទុកជំងឺឆ្លងកូវីដ១៩ នៅអង្គការ​សុខភាពពិភពលោក បានបញ្ជាក់ថា មេរោគកូរ៉ូណាវីរុសថ្មី ដែលបង្កជំងឺ​កូវីដ​១៩ មាន​កម្រិតគ្រោះថ្នាក់ដល់ស្លាប់ ខ្ទង់ជាមធ្យម ០,៦%។ ក៏ប៉ុន្តែកម្រិតនេះ វាឡើងខ្ពស់ខ្លាំងណាស់ សម្រាប់អ្នកជំងឺដែលមានវ័យចំណាស់។ បើប្រៀបធៀបទៅនឹងមេរោគជំងឺផ្តាសាយធំធម្មតា គឺកូវីដ​១៩ មានភាព​​ធ្ងន់ធ្ងរខ្លាំងជាង។

លោកអគ្គនាយក​អង្គការសុខភាពពិភពលោក បាន​អះអាងថា រហូតមកទល់ពេលនេះ អ្នកជំនាញ​នៅដឹងតិចតួចណាស់ ទាក់ទិននឹង ភាពបន្សាំរបស់រាងកាយមនុស្ស ទៅនឹង​មេរោគជំងឺកូវីដ១៩​។ ភាគច្រើន មនុស្សដែលបានឆ្លងមេរោគនេះហើយ គឺរាងកាយ​អាច​បង្កើតជាប្រព័ន្ធទប់ទល់ ក្នុងរវាង​សប្តាហ៍ដំបូងពិតមែន ក៏ប៉ុន្តែប្រព័ន្ធទប់ទល់នោះ គឺគេ​មិនទាន់ដឹងច្បាស់ទេ ថាវា​​អាចមានកម្លាំងខ្លាំងកម្រិតណា ហើយក្នុងរយៈពេលយូរប៉ុណ្ណា​។ មានករណីច្រើនណាស់ ដែលអ្នកឆ្លងកូវីដ​១៩​ម្តងហើយ បានឆ្លងវា​ម្តងទៀត ក្រោយពីជាសះស្បើយ​ហើយ។ លោកបន្ថែមថា ក្នុងករណីជម្ងឺឆ្លងដូចជាជំងឺកញ្ជ្រិល គឺគេត្រូវការ​ឲ្យមនុស្សយ៉ាងហោច​៩៥% ត្រូវតែ​ចាក់ថ្នាំវ៉ាក់សាំងការពារ ទើបអាចជួយ​ឲ្យ​មនុស្ស​៥%ដែលនៅសល់ អាចគេចផុត​ពីការឆ្លងមេរោគជម្ងឺកញ្ជ្រិលបាន។

គួរកត់សំគាល់ថា នៅតាមប្រទេសខ្លះ មានប្រជាជនមួយចំនួន​ហាក់នឿយណាយ នឹងវិធានការបង្ការការឆ្លងរាលកូវីដ១៩ ដែលអាជ្ញាធរបានតម្រូវឲ្យអនុវត្ត ដូចជាការពាក់ម៉ាស ការលាងសម្អាតដៃនឹងអាល់កុល នឹងការរក្សាគម្លាតជាដើម។ ពួកគេយល់ថា គួរតែបើកចំហរ ឲ្យមេរោគនេះឆ្លងឲ្យ​បាន​សព្វក្នុងចំណោមប្រជាជន យូរៗទៅរាងកាយមនុស្សនឹងស៊ាំ លែងមានគ្រោះថ្នាក់ទៀត​ហើយ​។

តែយ៉ាងណា ការយល់ឃើញបែបនេះ ត្រូវបាន​អ្នកជំនាញ​ភាគច្រើន បដិសេធថាជារឿងគ្រោះថ្នាក់ ព្រោះវា យកជីវិតមនុស្សទៅប្រថុយ។ ចាប់តាំងពីផ្ទុះកូវីដ១៩មក មនុស្សជាង១លាននាក់ហើយបានស្លាប់។ ថ្នាំវ៉ាក់សាំង គឺជាក្តីសង្ឃឹមតែមួយគត់ ដើម្បីអាចប្រឈមនឹងមេរោគនេះ។ យោងតាមអង្គការសុខភាពពិភពលោក មានបេក្ខភាពវ៉ាក់សាំងប្រមាណ​៤០ ហើយក្នុងចំណោមនេះ គឺមាន​១០ ដែលស្ថិតក្នុង​ដំណាក់កាលសាកល្បងទី៣ ដែលជាដំណាក់កាលចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ