អានតួអត្ថបទ
បារាំង-កូវីដ១៩

បារាំង៖នាយករដ្ឋមន្រ្តីលោកហ្សង់ កាស្តិចលំអិតលើបំរាមគោចរប្រកាសដោយប្រធានាធិបតីលោកម៉ាក្រុង

នាយករដ្ឋមន្រ្តីបារាំង លោកហ្សង់ កាស្តិច
នាយករដ្ឋមន្រ្តីបារាំង លោកហ្សង់ កាស្តិច AFP - LUDOVIC MARIN
១៤ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ តុលា​ក្នុង​ប្រទេស​បារាំង នាយករដ្ឋមន្រ្តី​លោក​ហ្សង់ កាស្តិច រួម​ទាំង​រដ្ឋមន្រ្តី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ពន្យល់​លំអិត​លើ​ការ​ដាក់​បំរាម​គោចរ​នៅ​ក្នុង​ក្រុង​ធំៗ ចំនួន ៩ ក្នុង​នោះ​ក៏​មាន​ក្រុង​ប៉ារីស និង​តំបន់​ជុំវិញ​ប៉ារីស។ វិធានការ​ដាក់​បំរាម​គោចរ​ដែល​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​លោក​ម៉ាក្រុង​នា​យប់​ថ្ងៃ​ពុធ ទី១៤ តុលា​នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​អាធ្រាត្រ​យប់​ថ្ងៃ​សុក្រ ទី១៦​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១៧ តុលា។ បំរាម​គោចរ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​បារាំង​ប្រមាណ​ជា ២០លាននាក់។ លោក​កាស្តិច​បាន​លំអិត​មួយ​ចំណុច​ម្តងៗ​លើ​បំរាម​គោរព និង​បញ្ជាក់​ថា រដ្ឋ និង​រដ្ឋាភិបាល​ភិបាល​ទាំង​មូល​ស្ថិត​នៅ​លើ​សមរភូមិ​ជួរ​មុខ​នៅ​ក្នុង​យុទ្ធនាការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

« បំរាម​គោចរ​នេះ​នឹង​ចាប់​ផ្តើម​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ​នៅ​យប់​អាធ្រាត្រ​ថ្ងៃ​សុក្រ ទី១៦ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១៧ តុលា​សម្រាប់​រយៈពេល ៤សប្តាហ៍។ នេះ​មាន​ន័យ​ថា​នៅ​ម៉ោង ៩យប់ ម្នាក់ៗ​ត្រូវ​នៅ​ផ្ទះ និង​ត្រូវ​គោរព​បំរាម​គោចរ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ ក៏​ដូច​ជា​ក្នុង​រយៈពេល​បិទខ្ទប់​ប្រទេស​កន្លង​មក​ដែរ ការ​ចេញ​ក្រៅ​ខ្លះ​ត្រូវ​បាន​អនុញ្ញាត​ក្រោម​ហេតុផល​មួយ​ចំនួន រួម​មាន ហេតុផល​សុខភាព​ដើម្បី​ទៅ​ពេទ្យ ឬ​ទៅ​ទិញ​ថ្នាំពេទ្យ ហេតុផល​ការងារ បើ​អស់លោក​ធ្វើ​ការងារ​ពេល​យប់ ឬ​មួយ​ក៏​ពេល​ម៉ោង​ធ្វើ​ការ​មិន​អនុញ្ញាត​ឲ្យ​អស់លោក​អាច​ទៅ​ដល់​ផ្ទះ​នៅ​ម៉ោង ៩យប់ ឬ​មួយ​ក៏​អស់​លោក​មាន​រថភ្លើង ឬ​យន្តហោះ​ដែល​មក​ដល់ ឬ​ចេញ​ដំណើរ​នៅ​ក្រោយ​ម៉ោង ៩យប់ ហេតុផល​ត្រូវ​ទៅ​មើល​សមាជិក​គ្រួសារ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន ឬ​មួយ​ក៏​ហេតុផល​ត្រូវ​នាំ​សត្វ​ឆ្មា ឬ​ឆ្កែ​ចេញ​ក្រៅ​មួយ​ភ្លែត។

តែ​ទោះ​ក្រោម​ហេតុផល​ណា​មួយ​ក៏​ដោយ​ក្នុង​ចំណោម​ហេតុផល​ខាង​លើ អស់​លោក​ត្រូវ​តែ​មាន​លិខិត​អនុញ្ញាត​ដើម្បី​អាច​ចេញ​ក្រៅ​នៅ​ក្រោយ​ម៉ោង ៩យប់​បាន។ យើង​កំពុង​ឆ្លង​កាត់​ដំណាក់កាល​ពិសេស​មួយ​នៃ​ប្រវត្តិសាស្រ្ត​របស់​យើង។ គឺ​ជា​ដំណាក់កាល​មួយ​ដែល​នឹង​អាច​អូសបន្លាយ​ទៅ​មុខ​ជា​ច្រើន​ខែ​ទៀត។ ថាមពល​ទាំង​អស់​របស់​យើង​នឹង​ផ្តោត​លើ​ការ​ប្រយុទ្ធប្រឆាំង​ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ នៅ​ក្នុង​យុទ្ធនាការ​នេះ រដ្ឋ និង​រដ្ឋាភិបាល​ទាំង​មូល​ស្ថិត​នៅ​លើ​សមរភូមិ​ជួរ​មុខ​ដើម្បី​ការពារ​អស់លោក និង​ចាត់វិធានការ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង។ គឺ​វីរុស​ដែល​យើង​ត្រូវ​កំចាត់។ គឺ​វីរុស​ដែល​ជា​ផ្ទាំងស៊ីប​រួម​របស់​យើង។

គឺ​ប្រឈម​នឹង​វីរុស​ដែល​យើង​ត្រូវ​រួបរួម​កម្លាំង និង​ឆន្ទៈ​របស់​យើង​ទាំង​អស់​គ្នា។ បារាំង​ជា​ប្រទេស​មួយ​ធំ។ ទាំង​អស់​គ្នា យើង​នឹង​ឈ្នះ​លើ​វិញ្ញាសារ​មួយ​នេះ។ ខ្ញុំ​មាន​ការ​ជឿជាក់ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ