អានតួអត្ថបទ

​ការ​ទប់​ស្កាត់​កូវីដ​១៩ បា​នល្អ ធ្វើ​ឱ្យ​នាយករដ្ឋមន្ត្រី​នូ​វែលសេឡង់ ឈ្នះឆ្នោត​ជាថ្មី

លោកស្រី Jacinda Ardern  បាន​ឈ្នះ​ឆ្នោត​ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ កាន់អំណាច​អាណត្តិ​ថ្មី។ លោកស្រីកំពុង​ថ្លែង​អរគុណ​អ្នក​បោះឆ្នោត ពី Auckland។
លោកស្រី Jacinda Ardern  បាន​ឈ្នះ​ឆ្នោត​ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ កាន់អំណាច​អាណត្តិ​ថ្មី។ លោកស្រីកំពុង​ថ្លែង​អរគុណ​អ្នក​បោះឆ្នោត ពី Auckland។ AAP Image/David Rowland
ដោយ៖ ហេង ឧត្តម
១៥ នាទី

នៅប្រទេស​​នូ​វែលសេឡង់ ថ្ងៃសៅរ៍ ទី​១៧តុលា​  លោកស្រី ហ្សាស៊ីនដា អារឌែន (Jacinda Ardern) បាន​ឈ្នះ​ឆ្នោត​ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ កាន់អំណាច​អាណត្តិ​ថ្មី។ ការ​ឈ្នះ​ឆ្នោត​នេះ ត្រូវ​អ្នក​តាមដាន​នយោបាយ​​នូ​វែលសេឡង់ ​ ​មើលឃើញថា ដោយសារតែកើនឡើង​​ប្រជាប្រិយភាពខ្លាំង​​ ពីចំណាត់​ការ​ទប់​ស្កាត់​ បាន​ល្អ ប្រឆាំង​នឹង​​មេរោគ​ កូវីដ ១៩។ 

ផ្សាយពាណិជ្ជកម្ម

លទ្ធផល​បណ្តោះ​អាសន្ន ដែលរាប់សន្លឹក​ឆ្នោត​​បាន​ប្រមាណ​៩៥% បង្ហាញថា គណបក្ស​ពលករ ជាបក្ស​របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ អាច​នឹង​ទទួល​បាន​អាសនៈ​សភា យ៉ាង​ហោច​ចំនួន​៦៤ ក្នុង​ចំណោម​កៅអី​សរុប ១២០។ នេះជាការ​ឈ្នះ​សំឡេង​ភាគច្រើន ​ស្រេច​ទៅហើយ បើទោះបីជា ​សន្លឹក​ឆ្នោត រាប់​មិនទាន់​អស់ពីធុង​​ក្តី។ ​លោកស្រី​ ហ្សាស៊ីនដា អារឌែន បាន​ថ្លែង​អរគុណ​ប្រជាជាតិ ដែល​សម្រេច​ផ្តល់​ទំនុក​ចិត្ត​ចំពោះ​លោកស្រី និង​បន្ត​ឱ្យ​លោកស្រី​ដឹកនាំមាតុភូមិ​​​នូ​វែលសេឡង់ តទៅមុខ​ទៀត។

ភ្លា​មៗ លោក Judith Collins ប្រធានគណៈបក្ស​ជាតិ​និយម ជា​បក្ស​ប្រឆាំង បាន​ទទួល​ស្គាល់​បរាជ័យ​របស់​បក្ស​ខ្លួន ហើយ​ក៏​បាន​ហៅទូរសព្ទ​ទៅលោកស្រីនាយករដ្ឋមន្ត្រី ដើម្បី​ថ្លែងការ​​កោតសរសើរ ​និងអបអរ​សាទរចំពោះ​ជ័យជម្នះ​នេះដែរ​។

​អ្នក​វិភាគនយោបាយ​ជាច្រើន​​ រួម​ទាំង ​ថ្នាក់ដឹកនាំបក្ស​ពលករ​នូវែលសេឡង់ ខ្លួន​ឯង​ផង បាន​យល់ថា ការ​ឈ្នះ​បាន​សំឡេង​ភាគច្រើនលើក​​នេះ គឺដោយសារតែ ​ភាព​ជាអ្នក​ដឹកនាំល្អ​របស់​​លោកស្រី ហ្សាស៊ីនដា អារឌែន ហើយ​និង​​ ចំណាត់​ការ​គ្រប់គ្រង​ស្ថានការណ៍​បាន​ប្រសើរ ​ចំពោះ​ការប្រឈមមុខ​នៃ​វិបត្តិ​កូវីដ​១៩។ កូវីដ​១៩ នៅនូវែលសេឡង់ បាន​សម្លាប់​មនុស្ស​​២៥នាក់​ តែ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​ប្រជាជន​ ប្រមាណ​ជាង ​៥ លាននាក់។ យុទ្ធសាស្ត្រទប់​ស្កាត់​មេរោគ​​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​ទទួល​ការ​កោត​សរសើរ​និងទទួល​ស្គាល់​ពី​សំណាក់​ អង្គការ​សុខភាព​ពិភព​លោក ទៀត​ផង។

លោកស្រី​ ហ្សាស៊ីនដា អារឌែន បាន​ចូល​កាន់តំណែង ​ប្រមុខរដ្ឋាភិបាលចម្រុះ​ នៅឆ្នាំ​២០១៧ ក្នុង​វ័យ​៤០ឆ្នាំ។ រយៈពេល​កន្លងមកនេះ លោកស្រី​បាន​ប្រឈម​មុន​នឹង​វិបត្តិ​ក្នុង​ប្រទេស​ជាច្រើន ដូចជា ការផ្ទុះ​ភ្នំភ្លើង​​សម្លាប់​ពលរដ្ឋ​ជាង​២០​នាក់ ហើយ​ ​អំពើ​ភេរវកម្ម​យ៉ាង​ឃោរឃៅ ពី​ជន​ស្បែកស​ជ្រុល​និយម ដែល​បាញ់​រះ​សម្លាប់​មនុស្ស ជាង​៥០នាក់ នៅឆ្នាំ​២០១៩ កន្លងទៅ​។

ចំពោះ​ការដឹកនាំស្រុកទេសវិញ​​ លោកស្រី បាន​ជួយ​ជំរុញ​កំណែទម្រង់​វិស័យ​សង្គមកិច្ច ​លំនៅ​ដ្ឋានសមរម្យ​ និងកាត់​បន្ថយ​ភាព​ក្រីក្រ បើទោះបី​ជាមាន​ការ​ប៉ែងជើង​ខ្លះៗ​​ពី​អ្នក​នយោបាយ​គូប្រជែង​ក្តី។​

សម្រាប់លោកស្រី Marama Davidson  ​ថ្នាក់​ដឹកនាំ​បក្សខាង​បរិស្ថាន​និយម លទ្ធផល​ឈ្នះឆ្នោត​ ជាថ្មី របស់​នាយករដ្ឋមន្ត្រី​​ស្រីរូប​នេះ គឺ​បង្ហាញថា ប្រ​ជាពលរដ្ឋ​នូវេសេឡង់ ចង់​ឃើញ​រដ្ឋាភិបាល​របស់​ពួកគេ កាន់តែ​ខ្លាំង និង​កាន់តែ​ជឿនលឿន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ