អានតួអត្ថបទ
អឺរ៉ុប-បញ្ហាខ្យល់ពុល

ខ្យល់ពុល​បណ្តាល​ឲ្យ​អឺរ៉ុប​ខាតប្រាក់​ជាង​ ១៦០​ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ

ស្ពាន Mirabeau និងរូបសំណាកសេរីភាព រុំព័ទ្ធដោយផ្សែងអ័ព្ទកាលពីថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០១៤ ខណៈការបំពុលក្នុងរដ្ឋធានីប៉ារីសរបស់បារាំងកំពុងមានកម្រិតខ្ពស់។
ស្ពាន Mirabeau និងរូបសំណាកសេរីភាព រុំព័ទ្ធដោយផ្សែងអ័ព្ទកាលពីថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០១៤ ខណៈការបំពុលក្នុងរដ្ឋធានីប៉ារីសរបស់បារាំងកំពុងមានកម្រិតខ្ពស់។ AP - Remy de la Mauviniere
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

ការ​បំពុល​បរិយាស​ធ្វើឲ្យ​ប្រជាជន​ដែល​រស់​តាម​បណ្តា​ទីក្រុង​ជាច្រើន​នៅអឺរ៉ុប​ រង​ផល​ប៉ះពាល់​ផ្នែកសុខភាព​ គិតជាប្រាក់​ច្រើន​រហូតដល់​ជាង​ ១៦០ ពាន់​លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំៗ​។ នេះ​បើយោងទៅតាម​ប្រសាសន៍​របស់​ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន​ និង​សង្គម​ នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃពុធ​ ទី ២១​ តុលា​នេះ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការសិក្សា​វិភាគ​មួយ​ស្តីអំពី​គុណភាព​ខ្យល់​ សុខភាព​ និង​ទិន្នន័យដឹកជញ្ជូន​ ក្នុង​ទីក្រុង​នៅអឺរ៉ុប​ជាង​ ៤០០​ សម្ព័ន្ធ​ CE Delft​ បានលើកឡើងថា​ ការបំពុល​ចេញពី​ចំហេះ​ឥន្ធនៈ​ហ្វូស៊ីល​ក្នុងឆ្នាំ​ ២០១៨​ បាន​បណ្តាល​ឲ្យ​ប្រជាជន​ខាតបង់​ប្រាក់​ជា​មធ្យម​ ១ ២៥០​ អឺរ៉ូ​ ពោលគឺ​ស្មើនឹង​ប្រមាណ​ ៤% នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​។

ការសិក្សា​ ផ្តោតលើ​កត្តា​សុខភាព​ជាង​ ១២ ចំណុច​ ដើម្បី​ថ្លឹងថ្លែង​នូវ​ចំនួន​ទឹកប្រាក់​ដែល​ខាតបង់​របស់​ប្រជាជន​ បង្កឡើង​ដោយ​ឧស័ន្មពុល​ចេញពី​យានយន្ត​ និង​ផ្សែងចេញ​ពី​រោងចក្រ។

គិត​ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨ ដដែល​ អ្នកវិភាគ​ បានព្យាករថា​ ការ​បំពុល​បរិយាកាស​ បង្កជា​ផលប៉ះពាល់​សុខភាព​ដល់​ប្រជាជន​នៅអឺរ៉ុប​ចំនួន​ប្រមាណ​ ១៣០​ លាន​នាក់​ ហើយបើ​គិតពី​ចំនួនទឹកប្រាក់​ដែលខាតបង់​វិញ​ គឺ​មាន​រហូត​ដល់​ទៅ​ ១៦៦​ ពាន់​លាន​អឺរ៉ូ​ឯណោះ។ ហើយការ​ចំណាយភាគច្រើន​ ពាក់ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់​នៃ​មរណភាព​មុន​អាយុ​ដែលជួប​ប្រទះ​ដោយ​អ្នករស់នៅទីក្រុង​។

ទីក្រុង​ឡុងដ៍​របស់​អង់គ្លេស​ មាន​អត្រាចំណាយ​សង្គមខ្ពស់​លើសុខភាព​ច្រើន​ជាង​គេបំផុត​ ពីព្រោះតែ​បញ្ហា​ខ្យល់ពុល​ ដែល​សរុបជា​ទឹកប្រាក់​មាន​ប្រមាណ​ ១១,៣៨ ពាន់លាន​អឺរ៉ូ​ និង​តាមពី​ក្រោយ​ដោយទីក្រុង​ប៊ុយការ៉េស​របស់​ប្រទេស​រូម៉ានី​ (ខាតបង់ ៦,៣៥ ពាន់លានអឺរ៉ូ) និងទី៣​ គឺក្រុង​ប៊ែកឡាំង​របស់​អាល្លឺម៉ង់​ (ខាតបង់​ ៥,២៤ ពាន់លានអឺរ៉ូ)។

អ្នកជំនាញ​ខាងបរិស្ថាន​ បានឲ្យ​ថា​ ការ​កាត់បន្ថយ​ការធ្វើដំណើរ​ និងកាត់បន្ថយ​ចំនួន​អ្នក​ប្រើ​រថយន្ត​ មាន​ផលវិជ្ជមាន​ទៅលើ​គុណភាព​ខ្យល់​ និងអាច​កាត់​បន្ថយ​ការខាតបង់​ប្រាក់​របស់​ប្រជាជន​ ទៅលើ​បញ្ហា​សុខភាព​។

ទន្ទឹមគ្នានេះ​ ក្រុមអ្នកឃ្លាំមើល​បរិស្ថាន​ និង​សង្គម​ បាន​រំលេច​ដែរ​ថា​ ខ្យល់ពុល​ អាច​បង្កើន​លទ្ធភាព​នៃការ​វិវត្តន៍​របស់​មេរោគកូរ៉ូណាថ្មី​ ដែលនេះគឺ​ជាគ្រោះថ្នាក់​មួយ​របស់​ពិភពលោក​។ ទាញចេញ​ពី​សម្មតិកម្ម​ខាងលើ​ទាំងអស់នេះ​ ក្រុមអ្នកជំនាញ​ បានមាន​ប្រសាសន៍​ថា​ ការកាត់បន្ថយ​ការបំពុល​បរិយាកាស​នៅតាម​បណ្តាទីក្រុង​នានា​របស់​អឺរ៉ុប​គួរតែ​ស្ថិតនៅ​ក្នុង​ចំណោម​ចំណុច​អាទិភាព​ធំៗផ្សេងទៀត ក្នុង​គោលដៅ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ដែលរស់នៅក្នុងទីក្រុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ