អានតួអត្ថបទ
បារាំង-ភេរវកម្មអ៊ីស្លាមជ្រុលនិយម

លោក​​ម៉ាក្រុង​ប្តេជ្ញា​ការពារ​តម្លៃ​ចំណេះដឹង និង​​ការ​​សិក្សា​ចំពោះមុខវិញ្ញាណក្ខន្ធលោក​គ្រូSamuel Paty

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ឈរគោរពនៅមុខម្ឈូសសព​លោកគ្រូ សាមុអ៊ែល ប៉ាទី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ នៅទីលានសកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ថ្ងៃទី​២១ តុលា ២០២០
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ឈរគោរពនៅមុខម្ឈូសសព​លោកគ្រូ សាមុអ៊ែល ប៉ាទី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ នៅទីលានសកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ថ្ងៃទី​២១ តុលា ២០២០ REUTERS - POOL
ដោយ៖ ម៉ម ពិសី
២៤ នាទី

អំពើឃាតកម្មសម្លាប់គ្រូបង្រៀនម្នាក់ ឈ្មោះ សាមុអ៊ែល ប៉ាទី នៅជាយពាយ័ព្យទីក្រុងប៉ារីស កាល​ពីថ្ងៃសុក្រ​សប្តាហ៍មុន បានបង្កឲ្យ​មាន​សេចក្តីតក់ស្លុតជាខ្លាំង នៅ​ទូទាំងប្រទេសបារាំង។ គ្រូអនុវិទ្យាល័យអាយុ៤៧ម្នាក់នេះ ត្រូវបានជនអ៊ីស្លាមជ្រុលនិយមម្នាក់ សម្លាប់កាត់ក្បាល នៅក្បែរសាលារៀន ក្រោមហេតុផលថាគាត់ បានមើលងាយ​សាសនាអ៊ីស្លាម។ ឆ្លងកាត់លទ្ធផលនៃការ​ស៊ើបអង្កេតបឋម ប្រកាសដោយ​រដ្ឋអាជ្ញាបារាំង កាលពីល្ងាចថ្ងៃពុធទី២១តុលា គឺឃាតករឈានទៅធ្វើអំពើព្រៃផ្សៃនេះ ក៏​ដោយសារ​តែ​បាន​ទទួលឥទ្ធិពល​​ ពី​សកម្មភាព​បរិហារចោទប្រកាន់ នៅតាមបណ្តាញសង្គម ដែល​រៀបចំប្រឌិត បង្កើតឡើងដោយ​ឪពុកសិស្សស្រីម្នាក់ រួមសហការជាមួយនឹងសកម្មជន​អ៊ីស្លាម​ជ្រុលនិយម​ម្នាក់ទៀត។

ផ្សាយពាណិជ្ជកម្ម

មរណៈភាព​លោកគ្រូ សាមុអ៊ែល ប៉ាទី (Samuel Paty) ដោយស្នាដៃរបស់​ក្រុមជនអ៊ីស្លាមជ្រុលនិយម បានធ្វើឲ្យ​សង្គមបារាំងទាំងមូល ក្រោកឈរឡើង ដើម្បីការពារមុខអាជីពគ្រូបង្រៀនដ៏មានសារៈសំខាន់ ព្រមទាំងសិទ្ធិសេរីភាពនៃការប​ញ្ចេញមតិ ដែលជាតម្លៃកំពូលនៃច្បាប់បារាំង។

កម្មវិធីរំលឹកវិញ្ញាណក្ខន្ធថ្នាក់ជាតិ ត្រូវបានប្រារព្ធឡើង នៅក្នុងបរិវេណ​សកលវិទ្យាល័យស៊កបូន Université de la Sorbonne Paris ដែលជានិម្មិតរូបធំបំផុត នៃវិស័យសិក្សាធិការជាតិបារាំង។ លោក​ប្រធានាធិបតី​ម៉ាក្រុង បានថ្លែងសន្ទរកថា រយៈពេលជាង​១០នាទី ដើម្បីរំលឹក​អំពីវីរៈភាព​របស់លោក សាមុអ៊ែល ប៉ាទី ក្នុងនាមជាគ្រូបង្រៀន ដែលមានកម្មវត្ថុតែមួយគត់ គឺបណ្តុះក្មេង​ជំនាន់ក្រោយ ឲ្យស្គាល់ពីតម្លៃនៃសិទ្ធិសេរី​ភាព៖

"ល្ងាចនេះ ខ្ញុំនឹងមិននិយាយអំពីពពួកក្រុមភេរជន​អ៊ីស្លាម​ជ្រុលនិយម ដែល​បាន​រួមគ្នាជំរុញឲ្យ​ អំពើ​យង់ឃ្នងនេះ អាចកើតទៅបាននោះទេ។ ហើយខ្ញុំក៏មិន​រំលឹក អំពីឈ្មោះមនុស្សកំសាក ដែល​បាន​ចូលរួម សម្រេច​អំពើព្រៃផ្សៃនេះឡើយ ព្រោះឈ្មោះទាំងនោះគ្មានតម្លៃអ្វីទាល់តែសោះ។

តែ​ល្ងាចនេះ ខ្ញុំចង់និយាយពីមនុស្សម្នាក់ ដែលត្រូវជាកូន ជា​បងប្រុស ជាឪពុកមា និងជា​ ឪពុកម្នាក់​ជាទីស្រលាញ់បំផុត។ ខ្ញុំចង់និយាយពីមនុស្សម្នាក់ ដែលជាមិត្តរួមការងាររបស់អ្នក ជាគ្រូបង្រៀនរបស់អ្នក ហើយ​ដែលមនុស្សម្នាក់នោះ ត្រូវបាន​គេសម្លាប់ ដោយសារតែគាត់បានជ្រើសរើសមុខអាជីព​ជាគ្រូបង្រៀន​ គាត់​ត្រូវគេសម្លាប់ ដោយសារតែគាត់បាន​តាំងចិត្ត បណ្តុះបណ្តាលសិស្ស ឲ្យ​ក្លាយ​​ជា​ពលរដ្ឋល្អ។

ល្ងាចនេះ​ខ្ញុំសូមនិយាយពី លោកគ្រូ សាមុអ៊ែល ប៉ាទី។ លោកគ្រូ សាមុអែល ប៉ាទី ស្រលាញ់សៀវភៅ​លើសអ្វីៗទាំងអស់។ គាត់តែងយកសៀវភៅ ជា​ការចែករំលែកចំណេះដឹង មិនថាទៅកាន់ក្រុមគ្រួសារមិត្តភ័ក្តិ និងទៅកាន់សិស្សរបស់គាត់។ លោកគ្រូ​​ សាមុអែល ប៉ាទី ស្រលាញ់ការបង្រៀន ជាទីបំផុត។

យើងគ្រប់គ្នា តែងតែចាំក្នុងជំរៅដួងចិត្ត​ជា​និច្ច នូវគ្រូបង្រៀនម្នាក់ ដែលបានផ្លាស់ប្តូរជីវិតយើង។ គ្រូបង្រៀនម្នាក់ ដែលបានបង្រៀនយើង ឲ្យចេះអានអក្សរ ឲ្យចេះ​រាប់លេខ ឲ្យ​មានភាពក្លាហាន មានទំនុកចិត្តលើខ្លួនឯង។ គ្រូបង្រៀនម្នាក់ ដែលមិនត្រឹមតែ​ផ្ទេរចំណេះដឹងមកឲ្យយើងទេ តែគាត់​បាន​ បង្ហាញផ្លូវជីវិតឲ្យ​យើងដើរ។

លោកគ្រូ សាមុអ៊ែល ប៉ាទី គឺមិនខុសពីលោកគ្រូទាំងនោះឡើយ ពោលគឺជាលោកគ្រូ ដែលយើងចងចាំ គ្មានថ្ងៃភ្លេច។ ជាគ្រូដែលបាន​បើកចំហរគំនិត ការយល់ឃើញ សតិស្មារតីរបស់យើង ឲ្យ​យល់ពីតម្លៃកំពូលនៃ​អរិយធម៌ បង្រៀនឲ្យយើងចេះគោរពគ្នា ស្រលាញ់គ្នា។

ទីនេះ ប្រទេសបារាំង យើងស្រលាញ់មាតុភូមិយើង យើងស្រលាញ់ប្រវត្តិសាស្ត្រ យើងស្រលាញ់​ភូមិសាស្រ្តយើង​​ ស្រលាញ់វប្បធម៌បារាំង ស្រលាញ់បេះដូងព្រលឹងជាតិបារាំង។ យើងចង់បណ្តុះបណ្តាល​កូនចៅយើងទាំងអស់ ដោយឥតរើសអើងពណ៌សំបុរ​ ដើមកំណើត ឬសាសនា។

លោកគ្រូសាមុអ៊ែល ប៉ាទី ត្រូវបានគេសម្លាប់ ដោយសារតែគាត់ ជាមនុស្សម្នាក់តំណាងអោយ​សារធារណៈរដ្ឋ​ ដែលផ្ទេរចំណេះដឹងទៅកូនចៅជំនាន់ក្រោយនៅក្នុងថ្នាក់រៀនជានិរន្ត។ លោកគ្រូ ត្រូវបាន​ពពួកជនអ៊ីស្លាមជ្រុលនិយមសម្លាប់ ព្រោះពួកនេះ​វាចង់បំផ្លាញអនាគតរបស់ជាតិយើង។ ពួកមនុស្សអស់នេះដឹងច្បាស់ថា បើមានវិរៈបុរសដូចជាលោកគ្រូ នោះពួកវានឹងមិនអាចសម្រេច​បំណងដ៏លាមករបស់ពួកវាបានឡើយ។

ពួកយើងសូមប្តេជ្ញា ថានឹងការពារ​សិទ្ធិសេរីភាព ដែលលោកគ្រូតែងតែការពារបានយ៉ាងល្អ។ ហើយយើងនឹងលើកទូល​ គោលការណ៍មិនប្រកាន់សាសនាណាមួយ​។ យើងនឹងផ្តល់សំណាង និងឱកាសទៅគ្រប់កូនចៅយើងទាំងអស់ ដោយឥតរើសអើងសោះឡើយ។

យុវជនវ័យក្មេង រាប់រយនាក់ ដែលលោកគ្រូបានបណ្តុះបណ្តាល នឹងបន្តប្រកាន់ជំហរស្មារតី វែក​ញែករកហេតុផល ប្រកបដោយ​ភាព​អង់អាចក្លាហាន ដែលលោកគ្រូធ្លាប់បានបង្រៀនពួកគេ។​ ពួកគេខ្លះ ក៏នឹងអាចក្លាយ​ជាគ្រូបង្រៀនដូចលោកគ្រូ ទៅថ្ងៃខាងមុខ។ ពេលនោះ គឺដល់វេនពួកគេ ដែលត្រូវបន្តវេន បណ្តុះបណ្តាលក្មេងជំនាន់ក្រោយទៀត។ នេះគឺជាកងចក្រនៃការផ្ទេរចំណេះដឹង ដល់ពលរដ្ឋជំនាន់ក្រោយ​ ដែលវិលគ្មានថ្ងៃឈប់។ លោកគ្រូដឹងទេ ថានៅប្រទេសបារាំង ពន្លឺនៃចំណេះដឹង ភ្លឺ​គ្មានគ្រា​រលត់ឡើយ៕"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ