អានតួអត្ថបទ

តើ​រដ្ឋាភិបាល​អភិរក្ស​ជ្រុលនិយម​ប៉ូឡូញ កំពុង​កាត់ច្រឹប​សិទ្ធិសេរីភាព របស់​ស្រ្តីប៉ូឡូញ?

ស្រ្តីប៉ូឡូញ​ធ្វើ​បាតុកម្ម តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​តុលាការ​ធម្មនុញ្ញ​ប៉ូឡូញ​បាន​សម្រេច​លែង​ឲ្យ​ច្បាប់​អនុញ្ញាត​មនុស្ស​ស្រី​រំលូតកូន​ក្នុង​ហេតុផល​ ទារក​មាន​សភាព​មិន​ប្រក្រតី កាលពី​ថ្ងៃព្រហស្បតិ៍ ទី ២២ តុលា ២០២០
ស្រ្តីប៉ូឡូញ​ធ្វើ​បាតុកម្ម តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​តុលាការ​ធម្មនុញ្ញ​ប៉ូឡូញ​បាន​សម្រេច​លែង​ឲ្យ​ច្បាប់​អនុញ្ញាត​មនុស្ស​ស្រី​រំលូតកូន​ក្នុង​ហេតុផល​ ទារក​មាន​សភាព​មិន​ប្រក្រតី កាលពី​ថ្ងៃព្រហស្បតិ៍ ទី ២២ តុលា ២០២០ AP - Czarek Sokolowski
ដោយ៖ ឈាង បុប្ផា
១៧ នាទី

ការបាត់បង់​សិទ្ធិ គឺ​គ្រោះថ្នាក់ខ្លាំង​ជាង​ការឆ្លងជំងឺ​កូវីដ។ នៅ​ថ្ងៃ​សៅរ៍ ទី ២៤ តុលា ប្រជាជន​ប៉ូឡូញ​ជា​ច្រើន​ម៉ឺននាក់ បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម បើទោះ ជា​រដ្ឋាភិបាល​ប្រកាស​ហាម​មិន​ឲ្យ​ជួបជុំគ្នា ដើម្បី​ជៀសវាង​ការ​ឆ្លងជំងឺកូវីដក្តី។ ៣ថ្ងៃ​មកហើយ ដែល​ប្រជាជន​ប៉ូឡូញ​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ ដែល​បាន​រឹតបន្តឹង​ច្បាប់​ស្តីពី​ការរំលូតកូន ឲ្យ​កាន់តែ​តឹង​ខ្លាំងជាងមុនទៀត ទៅតាម​ការចង់​បាន​របស់​រដ្ឋាភិបាល​អភិរក្សជ្រុលនិយម និង​ក្រុមកាតូលិក​ប៉ូឡូញ។

ផ្សាយពាណិជ្ជកម្ម

“សេរីភាព សមភាព និង​សិទ្ធរបស់​ស្រ្តីប៉ូឡូញ”។ ទាំងនេះ​ជា​ពាក្យ​បន្លឺចេញពី​មាត់​របស់​បណ្តាបាតុករ​ប៉ូឡូញ កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ។ នៅទូទាំង​ប្រទេស​ប៉ូឡូញ ជាពិសេស​នៅ​រដ្ឋធានី វ៉ាសូវី ប្រជាជន​រាប់ម៉ឺននាក់ ធ្វើ​បាតុកម្ម ដើម្បី​បរិហា ថ្កោលទោស ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ ដែល​ពួកគេ​ចាត់ទុក​ថា ជាការអាម៉ាស់ និង​ជា​សង្រ្គាម​ប្រឆាំង​មនុស្ស​ស្រី។

នៅ​ថ្ងៃព្រហស្បតិ៍ កន្លងទៅ ទៅតាម​ការស្នើ​របស់​រដ្ឋាភិបាល​អភិរក្សនិយមជ្រុល សព្វថ្ងៃ តុលាការ​ធម្មនុញ្ញ បាន​ពិនិត្យ​សើរើ​ឡើងវិញ ច្បាប់​រំលូតកូន ដែល​តឹងរ៉ឹងរួចទៅហើយ នៅ​ប៉ូឡូញ បើប្រៀបធៀប​នឹង​ប្រទេស​អឺរ៉ុប​ដទៃទៀត។ នៅ​ប៉ូឡូញ ដែលប្រកាន់ជឿខ្លាំង​គ្រឹស្តសាសនា ច្បាប់​អនុញ្ញាត​ឲ្យ​មនុស្សស្រី​អាច​រំលូតកូន​បានតែ​ក្នុង​ករណី រំលោភ ទារក​ក្នុង​ផ្ទៃ មិន​គ្រប់លក្ខណៈ ឬ ការរំលោភ​ក្នុង​គ្រួសារ។ ប៉ុន្តែ ទៅតាម​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការអនុញ្ញាត​ឲ្យ​រំលូត កូន ដោយសារ​តែ ទារក​មិនគ្រប់លក្ខណៈ គឺ​ផ្ទុយពី រដ្ឋធម្មនុញ្ញ​ប៉ូឡូញ។

ដូច្នេះ មានន័យថា អំណើះតទៅ ស្រ្តីប៉ូឡូញ អាច​មាន​សិទ្ធិ​សុំ​រំលូតកូន​បាន​តែ​ក្នុងករណី មានការរំលោភ​ផ្លូវភេទ ឬ​ដើម្បី​សង្រ្គោះជីវិត​ម្តាយ​តែប៉ុណ្ណោះ ពោល​គឺ​អាច​លើកយក​ហេតុផល ទារក​ដែល​មិនគ្រប់លក្ខណៈ ដូច​មុនទៀតហើយ។ សម្រាប់​បាតុករ​ប៉ូឡូញ ដែល​ភាគច្រើន​ជា​ស្ត្រី និង​យុវជន​វ័យក្មេង ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ ប៉ូឡូញ ប៉ះពាល់​ខ្លាំងណាស់​ដល់​សិទ្ធិ​សេរីភាព​របស់​ស្រ្តីប៉ូឡូញ ដែលកំពុង​ធ្លាក់​ចុះដុនដាប ជាពិសេស នៅក្រោយ រដ្ឋាភិបាល​សម្រេច​ដកប៉ូឡូញ ចេញ ពី​សន្ធិសញ្ញា​ស្តីពីអំពើហិង្សា​ទៅលើ​ស្រ្តី កាលពី​ខែ កក្កដា​កន្លងទៅ។

នៅ​ថ្ងៃ​សុក្រ វិមាន​ប្រធានាធិបតីប៉ូឡូញ និង​ក្រុមសាសនា​កាតូលិក បាន​ស្វាគម​ការសម្រេចចិត្ត​របស់​តុលាការ​ធម្មនុញ្ញ ប៉ុន្តែ គណៈកម្មការ​សិទ្ធិមនុស្ស​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ប្រតិកម្ម​រិះគន់ ថ្កោលទោស តុលាការ​ប៉ូឡូញ ថា កំពុង​រំលោភ​សិទ្ធិមនុស្ស។

តាម​តួលេខផ្លូវការ ប៉ូឡូញ ដែល​មាន​ប្រជាជន​រស់នៅ ជាង ៣៨លាននាក់ មាន​ករណី រំលូតកូន ប្រមាណ ១១០០ ក្នុង​មួយឆ្នាំ ២០១៩ ដែលនៅក្នុង​នោះភាគច្រើន​ជា​ការរំលូតកូន ដោយសារ​ហេតុផល​ទារក​ក្នុងផ្ទៃ មាន​លក្ខណៈ​មិនប្រក្រតី។ ចំណែក ការរំលូតកូន ដោយសារ​ការរំលោភ តំណាង​ឲ្យ​តែ​២ភាគរយ​ប៉ុណ្ណោះ។ សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស ការរំលូត​កូន​នៅ​ប៉ូឡូញ មាន​ច្រើនជាង តួលេខ​ផ្លូវការ ពោល​គឺ​អាច​ដល់​ ជិត ២សែន​ក្នុង​មួយឆ្នាំៗ ព្រោះ​ថា មាន​មនុស្ស​ស្រីប៉ូឡូញ​ជាច្រើន​បាន​ទៅ​រំលូតកូន​ដោយ​លួចលាក់ នៅ​តាម​គ្លីនិក​ឯកជន ឬ​នៅ​តាមមន្ទីរពេទ្យ​នៅ​បរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ