អានតួអត្ថបទ
ខ្យល់ពុល-កូវីដ១៩

ការ​សិក្សាអាល្លឺម៉ង់ ៖ ខ្យល់​ពុល​បង្កើន​គ្រោះ​មរណៈ​ ដោយជំងឺ​​កូវីដ១៩​ ជាមធ្យម១៥%

ខ្យល់​ពុលបង្កើន​ហានិភ័យ​ស្លាប់​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩
ខ្យល់​ពុលបង្កើន​ហានិភ័យ​ស្លាប់​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ REUTERS - Jason Lee
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

​ខ្យល់​ពុលជាប់​ឈ្មោះ​ជា​ដើមហេតុ​បង្ក​​ឱ្យ​​មនុស្ស​ស្លាប់​មុនអាយុ​។ នៅ​ថ្ងៃនេះ ខ្យល់​កខ្វក់​ជាប់​ចោទ​​បន្ថែមមួយ​ករណី​ទៀត។ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​អន្តរជាតិ របស់​អាល្លឺម៉ង់ ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តីសុខភាព Cardiovascular Research ​នៅ​ថ្ងៃទី ២៧​តុលា ២០២០ ការ​រស់ប្រឈម​នឹង​ខ្យល់​ពុល​យូរ អាច​នឹងបង្កើន​គ្រោះ​ហានិភ័យ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ ជាមធ្យម​ចំនួន ១៥% នៅ​លើ​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការប៉ាន់ស្មាន​របស់ក្រុម​​អ្នក​ស្រាវជ្រាវ​អាល្លឺម៉ង់ ដឹក​នាំដោយលោកសាស្ត្រាចារ្យ Jos Lelievel ខ្យល់​ពុល​មាន​ចំណែក​បង្កើន​ហានិភ័យ​នៃ​ការស្លាប់​ របស់​អ្នកជំងឺ​កូវីដ​១៩ ​ដល់​ទៅ​១៩%​នៅ​អឺរ៉ុប ១៧%​នៅ​អាមេរិក​ខាង​ជើង និង​២៧%​នៅអាស៊ី​អាគ្នេយ៍​ (២៩%​នៅ​សាធារណរដ្ឋឆែក ២៧%​នៅ​ចិន ២៦%​នៅ​អាល្លឺម៉ង់ ២២%​នៅ​ស្វីស ២១%​នៅ​ប៊ែលហ្សិក ១៩%​នៅ​ហូឡង់ ១៨%​នៅ​បារាំង ១៥%​នៅ​អ៊ីតាលី ១៤%​នៅ​អាល្លឺម៉ង់ ១២%​នៅ​ប្រេស៊ីល ១១%​នៅ​ព័រទុយហ្កាល់៩%​នៅ​អេស្ប៉ាញ ៣%​នៅ​អូស្ត្រាលី និង​តែ​១%​ប៉ុណ្ណោះ​នៅ​នូវែលហ្សេឡង់) ពោល​គឺ​១៥%​ជា​មធ្យម​ នៅ​លើ​ពិភពលោក។

 

ដើម្បីអាចសន្និដ្ឋាន​អំពី​ផលប៉ះពាល់​របស់​ខ្យល់​ពុល​ចំពោះ​គ្រោះមរណៈ​របស់​អ្នក​ជំងឺ​​កូវីដ១៩​ អ្នកស្រាវជ្រាវ បាន​ប្រើ​ទិន្នន័យអេពីដេមីសាស្ត្រ​ចាស់​របស់​អាមេរិក​​និង​ចិនស្តីពី​ខ្យល់​ពុល​និង​ជំងឺ​កូវីដ១៩ និង​ជំងឺ​ផ្លូវ​ដង្ហើម​សារស៍ កាលពី​ឆ្នាំ​២០០៣ ទៅ​គណនា​ជាមួយ​នឹងទិន្នន័យផ្កាយរណប​ស្តីពី​ការ​ប្រឈម​នឹង​ធាតុ ​ល្អិត​ឆ្មារៗ(PM2,5) ខ្យល់​ពុល បូក​និង​ទិន្នន័យ​តាមដាន​ខ្យល់​ពុល​នៅលើ​ដី។ ​មិនមែន​ជា​ការ​​គណនារក​អត្រា​នៃ​ការ​ស្លាប់​របស់​អ្នក​ជំងឺកូវីដ១៩ ដោយ​ហេតុ​ស្រូប​​ខ្យល់​ពុលទេ។ អ្នកស្រាវជ្រាវ​មិន​បាន​ភ្ជាប់​ចំណង​​ហេតុនិង​ផលថា​​ខ្យល់ពុលជា​ដើមហេតុ​នៃមរណភាព​ដោយ​កូវីដ​១៩​ឡើយ​។

 

ធាតុ​ពុល​ក្នុង​ខ្យល់​កខ្វក់ ដែល​ចូល​ទៅ​បំផ្លាញ​សួត​ហើយ ហាក់​បាន​ជួយ​បង្កើន​សកម្មភា​ព​របស់អង់ស៊ីម ACE-2 ដែល​ស្ថិត​នៅលើ​ផ្ទៃ​កោសិកាឱ្យ​ស្រូប​ទាក់​យក​វីរុស​​នៃ​ជំងឺកូវីដ១៩ មក​ពង្រីក​និង​ចម្លង​ក្នុង​ខ្លួន​មនុស្ស​។ នេះ​បើ​តាម​ការពន្យល់​​របស់​លោក​សាស្ត្រាចារ្យ​ Pr Thomas Munzel (Université Johannes Gutenberg, Mayence សហប្រធាន​ស្រាវជ្រាវ​ ដែលបានអំពាវនាវ​ឱ្យ​ពិភពលោក​ធ្វើ​អន្តរកាល​សេដ្ឋកិច្ច​បៃតង​ ប្រើ​ប្រភព​ថាមពល​ស្អាត​ និង​មិន​ចេះ​រីងស្ងួត ដើម្បី​ប្រយោជន៍​បរិស្ថានទប់​ស្កាត់​ការប្រែប្រួលអាកាសធាតុ​នៃ​​ភព​ផែនដី​ផង និង​ដើម្បី​ប្រយោជន៍​​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ទៀត។ ម្យ៉ាង​វិញ​ទៀត ​អង្គការ​សុខភាព​ពិភពលោកធ្លាប់​បាន​ចង្អុល​មុខ​រួច​ហើយ​ថា​ខ្យល់​ពុល​ជា​ទំនង​ជាបានបង្កឱ្យ​មនុស្ស​ប្រមាណ៧​លាន​នាក់​ស្លាប់​​មុនអាយុ​ក្នុង​មួយ​ឆ្នាំៗ​ (ក្នុង​នោះ ៤លាន​ពីរ​សែន​នាក់​ជាការ​ស្លាប់​ដោយ​មានពាក់ព័ន្ធ​នឹង​ខ្យល់​ពុល​ក្នុង​​ផ្ទះ)៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ