អានតួអត្ថបទ
កូវីដ១៩-វ៉ាក់សាំង

មន្ទីរផលិត​ឱសថបារាំង​និង​អង់គ្លេស​សន្យា​ផ្តល់​វ៉ាក់សាំង២០០លានដូស​ដល់​ប្រទេស​ក្រីក្រ

ក្រុមហ៊ុន​ឱសថ​បារាំង​និង​អង់គ្លេស​សន្យា​ផ្តល់ថ្នាំ​វ៉ាកសាំង​កូវីដ១៩​ដល់​ប្រទេសក្រីក្រ
ក្រុមហ៊ុន​ឱសថ​បារាំង​និង​អង់គ្លេស​សន្យា​ផ្តល់ថ្នាំ​វ៉ាកសាំង​កូវីដ១៩​ដល់​ប្រទេសក្រីក្រ AP Photo/Kirsty Wigglesworth, File
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

ក្រុមហ៊ុន​ផលិត​ឱសថ​បារាំង Sanofi និង​អង់គ្លេស GSK បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ២៨ តុលា ២០២០ ថា​ក្រុមហ៊ុននឹង​ផ្តល់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ចំនួន ២០០​លាន​ដូស ទៅ​ឱ្យ​កម្មវិធី Covax ។ កម្មវិធី​អន្តរជាតិ​​ផ្តួចផ្តើមបង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ សម្រាប់​​​ធានាចែកចាយ​​ថ្នាំ​បង្ការ​ជំងឺ​កូវីដ១៩ ឱ្យ​បាន​គ្រប់​ប្រទេស​​ ជាពិសេស​ប្រទេស​ក្រីក្រ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ក្រុមហ៊ុន​បារាំង​Sanofi និងអង់គ្លេស GSK ​ បាន​គូស​បញ្ជាក់​ថា​បាន​ចុះហត្ថលេខាលើ​សេចក្តី​ប្រកាស​អំពី​ការ​ចង់​ប្រគល់​ថ្នាំវ៉ាក់សាំង​ចំនួន ២០០​លានដូស ទៅ​ឱ្យ​កម្មវិធី Covax នៅ​ពេល​ក្រុមហ៊ុន​សម្រេច​ផលិតថ្នាំ​បង្ការ​កូវីដ១៩​បាន និង​ប្រសិន​បើ​ថ្នាំ​វ៉ាក់សាំងនោះ​​ត្រូវ​បាន​​ទទួលការអនុញ្ញាត​ពីអាជ្ញាធរ​សុខភាព​​ឱ្យ​ធ្វើ​ចរាចរណ៍​។

 

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​បារាំងនិង​អង់គ្លេស បាន​និង​កំពុង​អភិវឌ្ឍរួម​គ្នា ​ថ្នាំបង្ការ​កូវីដ១៩ ដែល​មាន​ធាតុផ្សំ​សំខាន់ប្រូតេអ៊ីន​បញ្ជូល​គ្នា។ ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​សាកល្បងលើមនុស្ស​ (៤៤០នាក់)កាលពី​ខែ​កញ្ញា២០២០។ គេ​នឹង​អាច​ទទូល​លទ្ធផល​បឋម​នឹងរវាង​ដើម​ខែ​ធ្នូ​ខាង​មុខ ហើយ​បន្ទាប់​មក​នឹង​អាច​ចាប់​ផ្តើម​​ធ្វើ​ការ​សាកល្បង​ដំណាក់កាល​ចុងក្រោយ​ នៅ​ចុង​ឆ្នាំ។ ប្រសិន​បើ​លទ្ធផល​នៃ​ការ​សាកល្បង​ គួរ​ឱ្យ​ទុក​ចិត្ត​ខ្លាំង​ ក្រុមហ៊ុន​អាច​ចាប់​ផ្តើម​ដាក់​ពាក្យ​សុំការ​អនុញ្ញាត​និង​សិទ្ធិ​ផលិត​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​បាន នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២១​តែ​ម្តង។

 

ប៉ុន្តែ​ ក្រុមហ៊ុន​ផលិត​ឱសថ​បារាំង​ បាន​ប្តេជ្ញា​ចិត្ត​តាំង​ពី​ថ្ងៃ​នេះ​តែ​ម្តង ថា​ត្រូវ​ផ្តល់​សំណាង​ដល់​សមូហភាព​ក្នុង​ការ​គ្រប់គ្រង​​កូវីដ១៩។ ថ្នាំ​បង្ការ​កូវីដ១៩ របស់​ក្រុមហ៊ុន​អឺរ៉ុប​ត្រូវ​មាន​តម្លៃ​សមរម្យ និង​សម្រាប់​ពលរដ្ឋ​​ទន់​ខ្យោយ​គ្រប់​រូប​ទាំង​អស់​នៅ​លើ​ពិភពលោក។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​ដដែល។

 

ជា​សរុប​មានប្រទេស​ចំនួន ១៦៧​ បាន​ភ្ជាប់​ខ្លួន​ជា​សមាជិក​របស់​យន្តការ​ចែកចាយ​ថ្នាំបង្ការ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​ ហៅកាត់​ថា Covax។ ​ប្រទេស​ក្រីក្រ និង​ចំណូលមធ្យមចំនួន៩២ប្រទេសនឹង​ត្រូវ​ទទួល​បាន​ថ្នាំ​បង្ការដោយ​ឥត​គិត​ថ្លៃ ចំណែក​ប្រទេស​អ្នក​មាន​ចំនួន​៧៥​ផ្សេង​ទៀត ត្រូវ​​ទិញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ