អានតួអត្ថបទ
បារាំង កូវីដ១៩

បារាំង​បិទខ្ទប់​ប្រទេស​ទាំងស្រុង​ជាថ្មី​ម្តងទៀត​ ​ដើម្បី​​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩

លោកម៉ាក្រុង ក្នុងពេល​ប្រកាស​បិទខ្ទប់​ប្រទេសទាំងស្រុងឡើងវិញ នៅយប់​ថ្ងៃទី​២៨ តុលា ២០២០
លោកម៉ាក្រុង ក្នុងពេល​ប្រកាស​បិទខ្ទប់​ប្រទេសទាំងស្រុងឡើងវិញ នៅយប់​ថ្ងៃទី​២៨ តុលា ២០២០ REUTERS - ERIC GAILLARD
ដោយ៖ ម៉ម ពិសី
២១ នាទី

ស្ថានភាពនៃការឆ្លងរាលដាល កូវីដ១៩ នៅតាមបណ្តាប្រទេសសឹងតែទាំងអស់ នៅទ្វីបអឺរ៉ុប កំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ជាមួយ​នឹងសីតុណ្ហភាព ដែលចុះត្រជាក់។ បារាំង អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី អៀរឡង់ អាជា្ញធរសុខាភិបាល សុទ្ធតែបានទាញសញ្ញាអាសន្ន​ ថារលកឆ្លងរាលដាល នៅលើកនេះ អាចនឹងមានគ្រោះថ្នាក់ ស្លាប់មនុស្សច្រើនជាងកាលពី​ខែមីនា បើសិនជាមិនទប់ស្កាត់​ ឲ្យទាន់ពេលវេលាទេនោះ។

ផ្សាយពាណិជ្ជកម្ម

នៅបារាំង ២៤ម៉ោងចុងក្រោយ មានអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែម ចំនួន​៣៦៤៣៧នាក់។ ត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ១៩សរុបទាំងអស់នៅបារាំង បានកើនឡើងមួយគុណជាពីរ។ គិតត្រឹមថ្ងៃពុធ ទី​២៨តុលា ចំនួន​គ្រែពេទ្យដែលមានឧបករណ៍ជំនួយការដកដង្ហើម ត្រូវបាន​ប្រើប្រាស់ អស់​៦០%ហើយ នៅទូទាំងប្រទេសបារាំង។

ដោយប្រឈមនឹងបញ្ហាបន្ទាន់នេះហើយ កាលពី​យប់ថ្ងៃពុធ ទី​២៨តុលា លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង បានថ្លែងសារប្រកាសប្រាប់ទៅ​ប្រជាជន​បារាំង ថាលោកបានសម្រេចចិត្ត បិទខ្ទប់ប្រទេសជាថ្មីម្តងទៀត ចាប់ពីថ្ងៃសុក្រទី ៣០តុលា រហូតដល់ថ្ងៃទី​១ធ្នូ។

តែយ៉ាងណា វិធានបិទខ្ទប់ប្រទេសបារាំង​ទាំងស្រុង ជាលើកទី២នេះ មានសណ្ឋានធូរស្រាលជាងកាលពីលើកមុនបន្តិច ដោយ​លើកនេះ ក្រុមហ៊ុន រោងចក្រ និងសេវាសាធារណៈអាចបើកដំណើរការបាន ហើយ​សាលារៀនពីថ្នាក់មតេយ្យ​ ដល់ថ្នាក់មធ្យមសិក្សា ក៏អាចដំណើរបានដែរ ដោយគោរពវិធានការអនាម័យបង្ការ យ៉ាងល្អិតល្អន់បំផុត។

សម្រង់ប្រសាសន៍សន្ទរកថាលោក ម៉ាក្រុង៖

"បន្ទាប់ពីបានជជែកពិភាក្សាជាមួយ​អ្នកជំនាញវិទ្យាសាស្ត្រ ជាមួយ​ក្រុមអ្នកនយោបាយ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានពិគ្រោះយោបល់ជាមួយ​ប្រទេសជាដៃគូ នៅ​ក្នុងសហភាពអឺរ៉ុប ដោយថ្លឹងថ្លែង រវាង​មតិ ស្រប និង មិនស្រប គឺខ្ញុំបានសម្រេច​ចិត្តថា យើងត្រូវ​តែ​ បិទខ្ទប់ប្រទេសសាជាថ្មីម្តងទៀត ចាប់ពីថ្ងៃសុក្រនេះទៅ ដើម្បី​ឈានទៅ​បញ្ឈប់ការឆ្លងរាលដាល​មេរោគនេះ។

ការបិទខ្ទប់នេះ នឹងត្រូវធ្វើទូទាំងប្រទេសតែម្តង ជាមួយ​នឹង​ការសម្រួលខ្លះ សម្រាប់​ដែនដី​បារាំងនៅឯនាយសមុទ្រ។ ប្រជាពលរដ្ឋទាំងអស់ អាចចេញក្រៅផ្ទះបាន ដើម្បីទៅផ្សារទិញម្ហូបអាហារ ទៅសួរសុខទុក្ខក្រុមគ្រួសារ ឬមានការបន្ទាន់ណាមួយ តែត្រូវមាន​លិខិតបញ្ជាក់ចុះហត្ថលេខាដោយត្រឹមត្រូវ។ រាល់ការជួបជុំជាលក្ខណៈឯកជន ក្រៅក្របខណ្ឌក្រុមគ្រួសារ និងការជួបជុំជាសាធារណៈ នឹងត្រូវហាមឃាត់។ ការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយ​ ក៏នឹងត្រូវហាមឃាត់ដែរ លើកលែងតែដំណាក់កាលដំបូង នៅ​ចុងសប្តាហ៍នេះ ដែលនឹងមានការអន់ឱន។

ហាងទំនិញ ដែលលក់ទំនិញមិនសំខាន់ចាំបាច់ គឺនឹងត្រូវបិទទ្វារ។ ដូចគ្នាដែរ ទីតាំងអាជីវកម្មទទួលភ្ញៀវ ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន ជាដើម គឺមិនអាចបើកទ្វារដំណើរការបានទេ។ សាលារៀនចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់មធ្យមសិក្សា អាចដំណើរការបានជាធម្មតា។ ដោយឡែក សាលារៀនថ្នាក់ឧត្តមសិក្សា គឺការសិក្សានឹងត្រូវធ្វើពីចំងាយ តាមប្រព័ន្ធអនឡាញ។

នៅទីកន្លែងណាក៏ដោយ បុគ្គលិកដែលអាចធ្វើការពីផ្ទះបាន គឺត្រូវតែធ្វើ។ ខុសពីការបិទខ្ទប់លើកមុន នៅលើកនេះ គឺសហគ្រាស រោងចក្រ ការដ្ឋានសំណង់សាធារណៈទាំងអស់ នឹងនៅតែ​ដំណើរការដដែល។ សេដ្ឋកិច្ចមិ​នអាច រាំងស្ទះទាំងស្រុង ហើយ​ក៏មិនអាចដួលរលំបានដែរ។

ព្រំដែនចេញចូល នៅក្នុងផ្ទៃក្នុង​សហភាពអឺរ៉ុប នៅតែបើកដដែល ប៉ុន្តែព្រំដែនចូលពីក្រៅមកក្នុងសហភាព​អឺរ៉ុប នឹងត្រូវបិទ លើកលែងតែករណីពិសេសខ្លះ។ ប្រជាជនបារាំងដែលនៅបរទេស អាចធ្វើដំណើរចូលស្រុកវិញបាន ដោយគ្មានបញ្ហា។ ប៉ុន្តែគ្មានអ្នកដំណើរណាម្នាក់អាចចូលមកអឺរ៉ុបបានទេ បើសិនជាមិនត្រូវបានឆ្លងកាត់ការធ្វើតេស្តរកមេរោគ ឲ្យ​បានម៉ដ្ឋចត់បំផុត។ មណ្ឌលចាស់ជរា នៅតែអាចបើកទ្វារទទួលការទៅ​សួរសុខទុក្ខ តែត្រូវតែគោរព​លក្ខខណ្ឌ ឲ្យ​បានតឹងតែង។

ការបិទខ្ទប់ប្រទេសសាជាថ្មីនេះ អាចបានជោគជ័យហុចផលវិជ្ជមាន ដូចអ្វីដែលយើងរំពឹង ល្គឹកណាគ្រប់គ្នាចូលរួម គោរពនិងអនុវត្ត តាមតួនាទីរៀងៗខ្លួន។ ​អ្វីដែលយើងត្រូវការ គឺ​ស្មារតីទទួលខុសត្រូវ និងជាពលរដ្ឋ របស់យើងគ្រប់គ្នា។​ សូមមេត្តាអត់ធ្មត់ សំងំនៅក្នុងផ្ទះ ឲ្យ​បានច្រើន​បំផុត ហើយ​តោងគោរពវិធានការទាំងអស់​ឲ្យ​បានខ្ជាប់ខ្ជួន។ ខ្ញុំសូម​រំលឹកម្តងទៀត ថាយើងអាចបានជោគជ័យ គឺទាល់តែគ្រប់គ្នាមានស្មារតី​គោរព និង​អនុវត្ត ក្នុងនាមជាពលរដ្ឋល្អ។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ