អានតួអត្ថបទ
បារាំង-សាសនាអ៊ីស្លាម

បារាំងផ្ញើសារ​ទៅ​​អ្នកកាន់​​សាសនា​អ៊ីស្លាម​ទាំងអស់​ កុំឲ្យ​ជឿ​ពាក្យ​ឃោសនា​បង្កាច់​បង្ខូចបារាំង

ជនជាតិអ៊ីរ៉ាក់​ធ្វើបាតុកម្ម ដុតទង់ជាតិ និងដុតរូប​លោក​ម៉ាក្រុង នៅក្បែរស្ថានទូតបារាំង ក្រុងបាកដាត ថ្ងៃទី​ ២៦ តុលា ២០២០
ជនជាតិអ៊ីរ៉ាក់​ធ្វើបាតុកម្ម ដុតទង់ជាតិ និងដុតរូប​លោក​ម៉ាក្រុង នៅក្បែរស្ថានទូតបារាំង ក្រុងបាកដាត ថ្ងៃទី​ ២៦ តុលា ២០២០ REUTERS - TEBA SADIQ
ដោយ៖ ម៉ម ពិសី
១៦ នាទី

ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសបារាំង បានរងនូវការរិះគន់ជេប្រមាថជាខ្លាំង ពីសំណាក់ប្រជាជន​អ្នកកាន់សាសនាអ៊ីស្លាម នៅតាមប្រទេសជាច្រើន។ ចលនារិះគន់និងស្អប់បារាំងនេះ គឺបន្ទាប់ពី​ លោកប្រធានាធិបតី​តួកគី បាននិយាយ​ថាបារាំងជាប្រទេសស្អប់ និងធ្វើបាប​អ្នកកាន់សាសនាអ៊ីស្លាម​។ ប្រឈមនឹងភាពតានតឹងនេះ លោករដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងសារសន្តិភាពមួយ កាលពីថ្ងៃព្រហស្បតិ៍ទី​២៩តុលា ផ្ញើកាន់អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ថាបារាំងជាប្រទេស មានការអត់ឱន និងគោរពសិទ្ធិសេរីភាព​​ណាស់។ លោកអំពាវនាវ​ថា​ សូមកុំស្តាប់សម្តី​ញុះញង់ បោកប្រាស់ របស់​មនុស្ស ឬក្រុមមួយចំនួន ដែលចង់បង្កាច់បង្ខូចឈ្មោះបារាំង ដើម្បីចំណេញ​មហិច្ឆិតាផ្ទាល់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអង្គសភាបារាំង លោក Jean Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែងសារសន្តិភាពមួយ​ ផ្ញើទៅកាន់អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ទូទាំងពិភពលោក។ លោកបានលើកឡើងថា "បារាំង គឺជា​ប្រទេសដែលមានសណ្តានចិត្តអត់ឱន គោរពមនុស្ស មិនមែនជាប្រទេសដែល​មើលងាយ ធ្វើបាប​មនុស្ស​ទេ"។

ក្នុងសារនោះ លោករដ្ឋមន្ត្រីបារាំង បានបន្ថែមថា "សូម​គ្រប់គ្នា កុំស្តាប់សម្តីឃោសនាបែបញុះញង់ មួរបង្កាច់​ ដែលសំដៅ​បំបែកបំបាក់។​ សូមគ្រប់គ្នា កុំ​ជឿតាមពាក្យ​ជេរប្រមាថ របស់មនុស្ស​មួយ​ចំនួន ដែលស្រេកឃ្លានបំពេញមហិច្ឆិតារបស់ខ្លួន"។ លោកបន្តថា "សហគមអ្នកកាន់សាសនាអ៊ីស្លាម នៅបារាំង គឺជាផ្នែកមួយ​នៃសង្គមបារាំង ហើយត្រូវបានការពារដោយច្បាប់។ បារាំងជាប្រទេសនីតិរដ្ឋ មានច្បាប់ការពារសិទ្ធិសេរីភាព​ គ្រប់សាសនាទាំងអស់។ ដូច្នេះបារាំង មិនអាចទទួលយកបានទេ នូវ​ពាក្យសំដី​ជេរប្រមាថ មួរបង្កាច់ ថាបារាំងជាប្រទេស ដែលធ្វើបាបអ្នកកាន់សាសនាអ៊ីស្លាម"។ លោក​រដ្ឋមន្ត្រីសង្កត់ធ្ងន់ថា "ពាក្យសំដី​ឃោសនាបោកប្រាស់ទាំងនោះ គឺជាពាក្យ​ប្រឌិត ដែលសំដៅ​ ធ្វើឲ្យ​សង្គមបារាំងបែកបាក់ ធ្វើឲ្យ​អ្នកកាន់សាសនាអ៊ីស្លាមស្អប់រដ្ឋបារាំង"។

គួរបញ្ជាក់ថា ទោះបីលោក​រដ្ឋមន្ត្រីការបរទេសបារាំង មិនបញ្ចេញឈ្មោះថាអ្នកណា ជាអ្នកនិយាយបង្កាច់បង្ខូចបារាំងក៏ដោយ តែគ្រប់គ្នាបានដឹងយ៉ាងច្បាស់ ថាលោកចង់សំដៅទៅលើ​លោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី។ ជាប្រតិកម្មចំពោះ វិធានការរបស់រដ្ឋបារាំង ក្នុង​ការ​បោសសំអាត ចរន្តអ៊ីស្លាមជ្រុលនិយមបែប​ភេរវកម្មនៅបារាំង លោកអ៊ែរដូហ្កាន់ បានស្រែកជេរប្រមាថលោកម៉ាក្រុង ថា​ជាមនុស្ស​មានបញ្ហាខួរក្បាល ហើយបាន​និយាយថាបារាំង ជាប្រទេសធ្វើបាបអ្នកកាន់សាសនា​អ៊ីស្លាម។ លោក​ប្រធានាធិបតីតួកគី បានថែមទាំងអំពាវនាវ ឲ្យ​អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ត្រូវឈប់ប្រើទំនិញបារាំង​ថែម​ទៀតផង។ ក្រោយការអំពាវនាវនេះ ប្រជាជនអ៊ីស្លាមនៅតាមប្រទេសជាច្រើន បានផ្ទុះការតវ៉ា ជេរប្រមាថលោកម៉ាក្រុង និង​ប្រទេសបារាំង។

នៅចុងក្រោយសារសន្តិភាព​ របស់​លោករដ្ឋមន្ត្រីការបរទេសបារាំង លោក​បាន​សង្កត់ធ្ងន់ថា "គំរូ​​ប្រជាធិបតេយ្យបារាំង ដែលការពារសិទ្ធិសេរីភាព លើកកំពស់​​ភាពចម្រុះសាសនា និងការ​អត់ឱនឲ្យ​គ្នាក្នុងសង្គម នឹងស្ថិតនៅរឹងមាំជានិច្ច។ ពាក្យ​ឃោសនាញុះញង់ បង្កាច់បង្ខូចរបស់មនុស្សជ្រុលនិយមខ្លះ មិនអាចយកឈ្នះ គោលការណ៍គ្រិះ នៃ​រដ្ឋបារាំងបានឡើយ"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ