អានតួអត្ថបទ
បារាំង-ភេរវកម្ម

បារាំង​ដំឡើង​កំរិតអាសន្ន​ភេរវកម្ម ខ្ពស់​បំផុត ក្រោយការវាយប្រហារ​ដោយកាំបិតនៅ​ក្រុង​នីស

វិហារ​កាតូលិក​នៅទិក្រុងនីស ដែល​ទើប​រងការវាយប្រហារ​ដោយ​កាំបិត ថ្ងៃទី ២៩ តុលា ២០២០
វិហារ​កាតូលិក​នៅទិក្រុងនីស ដែល​ទើប​រងការវាយប្រហារ​ដោយ​កាំបិត ថ្ងៃទី ២៩ តុលា ២០២០ AP - Eric Gaillard
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

នៅ​ថ្ងៃព្រហស្បតិ៍​ទី២៩​តុលា​២០២០​ បារាំងរង​ ​ការ​ប៉ុនប៉ង និង​​ការ​វាយប្រហារ​​ភេរវកម្មជា​ថ្មី។ មាន​ស្លាប់​បី​នាក់​នៅ ក្នុង​ការវាយប្រហារ​ដោយកាំបិត​នៅ​វិហារ​កាតូលិក​ក្រុង​នីស ភាគ​ខាងត្បូងប្រទេស ដែល​ធ្លាប់​រង​​ភេរវកម្ម​ដ៏ ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០១៦។ ក្រោយ​ហេតុការណ៍​នេះ​ភ្លាម អាជ្ញាធរ​បារាំង​ប្រកាស​ដំឡើង​កំរិត​អាសន្ន​ភេរវកម្ម ខ្ពស់​បំផុត​ទូទាំង​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បាន​ទៅ​អញ្ជើញ​ទៅ​ដល់​កន្លែងកើត​ហេតុ។ នាយករដ្ឋមន្ត្រី​បាន​ថ្លែង​នៅ​ចំពោះ​មុខ​សភា​ ប្រកាស​ដំឡើង​ភាព​អាសន្ន​ភេរវកម្មកំរិត​ខ្ពស់​បំផុត​ ដើម្បី​ប្រមូល​គ្រប់​មធ្យោបាយ​ដែល​មាន​មក​ការពារ​សន្តិសុខជាតិ។

នៅតាម​វិហារ​កាតូលិក កន្លែងបញ្ចុះសព​ កន្លែង​សាសនាទាំង​ឡាយ​ ​ការ​រក្សា​​សន្តិសុខត្រូវ​បានពង្រឹង​ខ្លាំង​ ព្រោះ​ពេល​នេះបារាំង​កំពុង​ត្រៀម​ប្រារព្ធ​​បុណ្យ​សាសនា​កាតូលិក​ដ៏​ធំ​​ផង។ ចំណែក​នៅ​ទីក្រុង​នីស ដែល​ទើប​រង​ការ​វាយប្រហារ​ភេរវកម្ម​ជា​ថ្មី គ្រប់​វិហារ​កាតូលិក​ត្រូវ​បិទ​ រហូត​ដល់​មានបទបញ្ជា​ថ្មី។

 

ពី​រសប្តាហ៍ក្រោយ​ការ​ភេរវកម្មអ៊ីស្លាមជ្រុលនិយម​សម្លាប់​គ្រូបង្រៀន​នៅក្បែរ​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​តុលា​២០២០ បារាំង​រង​ការ​វាយប្រហារ​ដោយ​កាំបិត​ នៅក្នុង​វិហារ​កាតូលិក​ កណ្តាលទីក្រុង​នីស បណ្តាលស្លាប់​មនុស្ស​បីនាក់ និង​រង​របួស​ជា​ច្រើន​នាក់។ ចំណោមជន​រងគ្រោះ​​ស្លាប់​បីនាក់​នោះ មានម្នាក់​ទំនង​ជា​ស្លាប់​ដោយ​អារកផង។  ជន​ដៃដល់​ អាយុ​២៥​ឆ្នាំ ឈ្មោះ​ប្រាហ៊ីម​ ត្រូវប៉ូលិស​ចាប់​ខ្លួន​បាន​​ភ្លាមមួយ​រំពេច។ គេ​នៅ​មិន​ទាន់ស្គាល់​អត្តសញ្ញា​ជនល្មើស​ច្បាស់​លាស់នៅឡើយ​ទេ ប៉ុន្តែអភិបាលក្រុង​នីស​ជឿ​ជាក់​ថា​​ជាទង្វើ​ភេរវកម្មរបស់ជនអ៊ីស្លាមជ្រុលនិយមផ្តាច់ខ្លួន។

​​ហេតុការណ៍​ភេរវកម្មនេះ បាន​កើត​ជួន​ចំពេល​បារាំង​កំពុង​រងការរិះគន់​ពី​សំណាក់​ប្រទេស​អ៊ីស្លាម​មួយ​ចំនួន ក្រោយ​ពីលោក​ប្រធានា​ធិបតី​ ម៉ាក្រុង បាន​ប្រកាស​ជំហរ​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ នៃការ​គូររូប​ថ្លុក។ ប៉ុន្តែ​តួកគី ដែល​បាន​ផ្ទុះ​កំហឹង​ដាក់​បារាំងមុន​គេនិង​ដោយ​ចំៗនោះ បាន​បញ្ចេញ​ប្រតិកម្មភ្លាម​ថ្កោល​ទោ​ស​ទង្វើ​ភេរវកម្ម​នៅ​នីស និងបាន​សម្តែង​សាមគ្គីភាព​ជាមួយ​ប្រជាពលរដ្ឋ​បារាំង។ ​​ប្រតិកម្ម​អន្តរជាតិ​បានធ្លាក់​មក​ជា​បន្ត​បន្ទាប់ភ្លាម​ថ្កោល​ទោស​ទង្វើ​ភេរវកម្ម​​នេះ។

ក្នុង​បរិបទ​កំពុង​តានតឹង​ នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩​តុលា​នេះ​ដដែល មាន​ហេតុការណ៍​ចាក់​នឹងកាំបិត​ លើ​អ្នកយាម​ម្នាក់​នៅ​ស្ថានទូត​បារាំងប្រចាំ​ក្រុង ចេដា Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត និង​​​ ទំនង​ជាមានការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ជីហាត​ដែរ ដោយ​ជនអាហ្កានិស្ថានម្នាក់​ ប្រដាប់​ដោយ​​កាំបិត​នៅនឹង​ដៃ តែ​​ត្រូវ​បាន​សមត្ថកិច្ចបារាំងចាប់​ខ្លួន​ទាន់នៅ​ទីក្រុងលីយ៉ុង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ