អានតួអត្ថបទ
តួកគី-ក្រិក

គ្រោះរញ្ជួយដី៖ប្រទេសតួកគី និងប្រទេសក្រិកប្រកាសពីការត្រៀមខ្លួនជួយគ្នាទៅវិញ ទៅមក

រូបភាព​បាក់អាគារ​នៅ​តួកគី​ដោយ​គ្រោះរញ្ជួយដី ថ្ងៃទី៣០ តុលា ២០២០
រូបភាព​បាក់អាគារ​នៅ​តួកគី​ដោយ​គ្រោះរញ្ជួយដី ថ្ងៃទី៣០ តុលា ២០២០ REUTERS - TUNCAY DERSINLIOGLU
១៧ នាទី

នៅ​ថ្ងៃ​សុក្រ ទី៣០ តុលា កោះក្រិក « សាម៉ូស » និង​ទឹកដី​តួកគី​ប៉ែកខាងលិច​បាន​រងគ្រោះ​ដោយ​គ្រោះរញ្ជួយ​ដែល​មាន​កម្រិត ៧រ៉ិចទ័រ​នៅ​ក្រោម​បាត​សមុទ្រ​អេហ្សេ។ តួលេខ​បណ្តោះអាសន្ន​នា​ល្ងាច​ថ្ងៃ​សុក្រ ទី៣០ តុលា​ឲ្យ​ដឹង​ថា គ្រោះរញ្ជួយ​នេះ​បាន​បណ្តាល​ឲ្យ​បាក់​រលំ​អាគារ​ជា​ច្រើន​ក្នុង​ខេត្ត Izmir របស់​តួកគី ស្លាប់​មនុស្ស​យ៉ាង​តិច ៤នាក់ និង​របួស ១២០នាក់​នៅ​តួកគី ព្រម​ទាំង​បង្ក​ឲ្យ​មាន​ទឹកជំនន់​លិចលង់​លើ​កោះ « សាម៉ូស » របស់​ក្រិក។ តួគកី និង​ក្រិក​ដែល​កំពុង​មាន​ជម្លោះ​នឹង​គ្នា​នៅ​សមុទ្រមេឌីទែរ៉ាណេ​បាន​សន្យា​ជួយ​គ្នា​ទៅ​វិញ ទៅ​មក បើ​ចាំ​បាច់។ ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​ការទូត​ក្រិក និង​តួកគី។ ចំណែក​អឺរ៉ុប និង​អង្គការ​អូតង់​ក៏​បាន​ស្នើ​ជំនួយ​សម្រាប់​តួកគី​ដែរ។

ផ្សាយពាណិជ្ជកម្ម

ប្រភព​រញ្ជួយដី​កម្រិត ៧រ៉ិចទ័រ​បាន​កើត​មាន​នៅ​ក្រោម​បាតសមុទ្រ​អេហ្សេ​ក្នុង​ជម្រៅ​ប្រមាណ​ជា ១០ម៉ែត្រ។ ក្រៅ​ពី​កោះក្រិក « សាម៉ូស » និង​ភាគនិរតី​នៃ​ខេត្ត Izmir របស់​តួកគី​ដែល​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ ឥទ្ធិពល​រញ្ជួយដី​មួយ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ទីក្រុង​អ៊ីស្តង់ប៊ូល​របស់​តួកគី និង​ទីក្រុង​អាថែន​របស់​ក្រិក​រង្គើរ​តិចតួច​ដែរ។ នៅ​ក្នុង​ខេត្ត Izmir ដែល​ជា​ខេត្ត​ធំ​ទី៣ របស់​តួកគី ព័ត៌មាន​បណ្តោះអាសន្ន​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី៣០ តុលា​ស្តីពី​ការ​ខូចខាត​ដោយ​រញ្ជួយដី​បន្ត​ស្រពិចស្រពិល។ ខណៈ​ដែល​ចៅហ្វាយ​ខេត្ត Izmir បាន​លើក​ឡើង​ពី​ការ​បាក់រលំ​អាគារ​ជិត ២០អាគារ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​តែ​ចំនួន ៦អាគារ។

កាណាល់​ទូរទស្សន៍​តួកគី​បាន​បញ្ចាំង​រូបភាព​ឥទ្ធិពល​គ្រោះ​រញ្ជួយដី​ដែល​កម្លាំង​ខ្យល់​បាន​បង្ក​ឲ្យ​មាន​​ពពក​លំអងធូលីដី​បាញ់​ខ្មួលខ្មាញ់​ឡើង​ទៅ​លើ ខណៈ​ដែល​ប្រជាជន​កំពុង​ភ័យ​ស្លន់ស្លោ​រត់​ប្រសេកប្រសាច​នៅ​តាម​ផ្លូវ​រក​កន្លែង​ជ្រកកោន។ នៅ​លើ​កោះ​ក្រិក « សាម៉ូស » វិញ រញ្ជួយ​ដី​បាន​បង្ក​ឲ្យ​មាន​កូន​រលក​យក្ស​ស៊ូណាមី និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន នេះ​បើ​តាម​ទូរទស្សន៍​ក្រិក។ នៅ​ចំពោះ​មុខ​គ្រោះ​ធម្មជាតិ​មួយ​នេះ ប្រមុខ​ការទូត​តួកគី និង​ក្រិក​ដែល​បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​បាន​សន្យា​ជួយ​គ្នា​ទៅ​វិញ ទៅ​មក បើ​ចាំ​បាច់។ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​តានតឹង​នឹង​គ្នា​នៅ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ។

គួរ​រម្លឹក​ថា ការ​សន្យា​ជួយ​គ្នា​ទៅ​វិញ ទៅ​មក​រវាង​តួកគី និង​ក្រិក​ពេល​នេះ​នាំ​ឲ្យ​គេ​នឹក​ឃើញ​ពី​ការ​រញ្ជួយ​នៅ​តួកគី​កាល​ពី​ឆ្នាំ ១៩៩៩ ដែល​បាន​សម្លាប់​ប្រជាជន​តួកគី​ជាង ១៧ ០០០នាក់។ កាលណោះ ក្រិក​បាន​ស្នើ​ជំនួយ​របស់​ខ្លួន​ចំពោះ​តួកគី និង​ដែល​សំណើ​កាលណោះ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ស្គាល់​ភាព​ធូរស្រាល​ច្រើន។ ក្រុម​អ្នកជំនាញ​ហ៊ាន​ទាំង​ចាត់​ទុក​កាយវិការ​ក្រិក​ជា​ការទូត​រញ្ជួយដី​ទៀត​ផង។ តែ​នៅ ២០ឆ្នាំ​ក្រោយ​មក ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជា​សមាជិក​ក្នុង​អង្គការ​អូតង់​ដូច​គ្នា​បាន​ឡើង​តានតឹង​ជា​ថ្មី​ដោយសារ​ជម្លោះ​នៅ​សមុទ្រ​មេឌីទែរ៉ាណេខាងកើត។

តើ​រញ្ជួយ​ដី​ពេល​នេះ​អាច​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ស្គាល់​ទំនាក់ទំនង​ធូរស្រាល​ជា​ថ្មី​ដែរ ឬ​ទេ?។ បើ​មិន​បាន​ធូរស្រាល​ក៏​នឹង​ស្ងប់ស្ងាត់​បន្តិច​ដែរ នេះ​ជា​ការ​អះអាង​របស់​ក្រុម​អ្នកជំនាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ