អានតួអត្ថបទ
សហភាពអឺរ៉ុប-កូវីដ១៩

អឺរ៉ុបគ្រោងបង្កើតកញ្ចប់ថវិកាចំនួន ២២០លានអឺរ៉ូសម្រាប់ចំណាយលើការបញ្ជូនអ្នកជំងឺកូវីដ១៩ រវាងប្រទេសសមាជិក

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen POOL/AFP
១៣ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ តុលា ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ប្រកាស​នៅ​ក្រោយ​ជំនួបកំពូល​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​នឹង​ស្វែង​រក​កញ្ចប់​ថវិកា​ចំនួន ២២០លានអឺរ៉ូ​សម្រាប់​ចំណាយ​លើ​ការ​បញ្ជូន​អ្នកជំងឺ​កូវីដ១៩ ពី​ប្រទេស​សមាជិក​មួយ​ទៅ​ព្យាបាល​នៅ​ក្នុង​ប្រទេស​សមាជិក​មួយ​ទៀត។ គោលដៅ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​កកស្ទះ និង​ភាព​មមាញឹក​នៅ​តាម​មន្ទីរពេទ្យ​នៃ​ប្រទេស​សមាជិក​ខ្លះ​ដែល​ខ្វះ​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩។ គួរ​បញ្ជាក់​ថា មាន​ប្រទេស​អឺរ៉ុប​ជា​ច្រើន​កំពុង​ប្រឈម​នឹង​រលក​ឆ្លង​កូវីដ១៩ លើកទី២។

ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​ការ​ផ្ទុះ​រលក​ឆ្លង​កូវីដ១៩ លើកទី២ នា​រដូវ​ស្លឹកឈើជ្រុះ ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ជ្រើស​យក​វិធានការ​បិទខ្ទប់​ប្រទេស​ទាំង​ស្រុង​ដូច​ដែល​បាន​អនុវត្ត​នៅ​ក្នុង​រលក​ឆ្លង​ពី​ដំបូង​កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ។ តែ​ប្រឈម​នឹង​រលក​ឆ្លង​ទី២ នេះ សហភាព​អឺរ៉ុប​គ្រោង​បង្កើត​ឲ្យ​មាន​យន្តការ​សាមគ្គី​សុខភាព​មួយ​ដើម្បី​ជួយ​សង្រ្គោះ​អ្នកជំងឺ​កូវីដ១៩ រវាង​ប្រទេស​សមាជិក។ នា​ឱកាស​សន្និសីទកាសែត​មួយ​ថ្លែង​នៅ​ក្រោយ​ជំនួបកំពូលអឺរ៉ុប​តាម​វីដេអូ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ប្រកាស​ថា សហភាព​អឺរ៉ុប​នឹង​បង្កើត​ឲ្យ​មាន​កញ្ចប់​ថវិកា​មួយ​មាន​ទឹកប្រាក់​ចំនួន ២២០លានអឺរ៉ូ។

តាម​លោកស្រី Leyen កញ្ចប់​ថវិកា​នេះ​សម្រាប់​ចំណាយ​លើ​ការ​បញ្ជូន​អ្នក​ជំងឺកូវីដ១៩ ពី​ប្រទេស​សមាជិក​មួយ​ដែល​ខ្វះ​កន្លែង​ព្យាបាល​ទៅ​កាន់​ប្រទេស​សមាជិក​មួយ​ទៀត​ដែល​មិន​សូវ​មាន​អ្នកជំងឺ​កូវីដ១៩។ តែ​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​មួយ​នេះ​បាន លោកស្រី Leyen បាន​ទាមទារ​ឲ្យ​មាន​ការ​ប្រជុំ​ក្រុម​អ្នកឯកទេស និង​អំពាវនាវ​ដល់​គ្រប់​ប្រទេស​សមាជិក​ឲ្យ​ចែក​រំលែក​ទិន្នន័យ​ត្រឹមត្រូវ​ចុង​ក្រោយ​ស្តីពី​ស្ថានភាព​កូវីដ១៩​នៅ​ក្នុង​ប្រទេស​សមាជិក។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូប​នេះ​ដដែល​យល់​ថា ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​ថវិកា​នៅ​ក្នុង​យន្តការ​សាមគ្គី​សុខភាព​មាន​តម្លាភាព គេ​ត្រូវ​មាន​ព័ត៌មាន​ច្បាស់លាស់។

ទន្ទឹម​គ្នា​នេះ លោកស្រី Leyen បាន​លើក​ឡើង​ដោយ​បញ្ជាក់​បន្ថែម​ថា មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​សហភាពអឺរ៉ុប​នឹង​ប្រមូល​ព័ត៌មាន​ស្តីពី​សមត្ថភាព និង​លទ្ធភាព​សង្រ្គោះបន្ទាន់​ដែល​មាន​នៅ​ក្នុង​ប្រទេស​សមាជិក​នីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ