ការ៉ាប៉ាក់៖ អាមេនី សុំជំនួយពីរុស្ស៊ី ហើយម៉ូស្កូឆ្លើយភ្លាមថាព្រមជួយតាមការចាំបាច់
ចុះផ្សាយនៅថ្ងៃ៖
សំណុំរឿងអូការ៉ាប៉ាក់ ដែល ប្រទេសអាមេនី កំពុងមានជម្លោះទល់ដែន ជាមួយ អាស៊ែបៃហ្សង់, នៅថ្ងៃសៅរ៍ ទី៣១តុលា នាយករដ្ឋមន្ត្រីអាមេនី បានប្រកាសសុំជំនួយអន្តរាគមន៍ពីរុស្ស៊ី និងជាពិសេសសុំអន្តរាគមន៍ ពីប្រធានាធិបតី ពូទីន ផ្ទាល់តែម្តង ដើម្បីឱ្យខ្លួនអាចធានាសុវត្ថិភាពនិងសន្តិសុខរបស់ប្រទេសជាតិ។ ក្រសួងការបរទេសរុស្ស៊ី បានឆ្លើយតប ភ្លាមៗ ថា ក្រុងម៉ូស្កូ ព្រមជួយ អាមេនី តាមការចាំបាច់។
នាយករដ្ឋមន្ត្រីអាមេនី បានស្នើសុំប្រមុខរដ្ឋរុស្ស៊ី ដើម្បីប្រឹក្សាយោបល់ជាបន្ទាន់ ក្នុងវត្តុបំណង ឈានទៅកំណត់ពីប្រភពជំនួយអន្តរាគមន៍ និងបរិមាណនៃជំនួយនោះ ដែល រដ្ឋសហព័ន្ធរុស្ស៊ី នឹងអាចផ្តល់ឱ្យ អាមេនី ដើម្បីឱ្យប្រទេសមួយនេះ អាចធានាបាន នូវសន្តិសុខស្រុកទេសរបស់ខ្លួន។ នេះជាខ្លឹមសារ ក្នុងសេចក្តីថ្លែងការណ៍ ចេញយ៉ាងបន្ទាន់មួយ របស់ក្រសួងកិច្ចការបរទេសរុស្ស៊ី។ ជាការបញ្ជាក់ភ្លាមៗតែម្តង ក្រោយពីនាយករដ្ឋមន្ត្រី Nikol Pachinian និងក្រសួងការបរទេសអាមេនី ប្រកាសបោះដៃសុំជំនួយពីរដ្ឋបាលក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី។ រុស្ស៊ី ដែលកំពុងតែមានមូលដ្ឋានយោធាប្រចាំនៅលើទឹកដី អាមេនី ស្រេចស្រាប់។
ក្នុងសំណើសុំជួយរបស់អាមេនី អាមេនី ក៏បានចោទ អាស៊ែបៃហ្សង់ ថាជាអ្នកបង្កហេតុ និងបានថ្កោលទោសប្រទេស តួកគី ដែលជាខ្នងបង្អែករបស់ អាស៊ែបៃហ្សង់។ ហើយការដែលថ្នាក់ដឹកនាំអាមេនី ទាំងនាយករដ្ឋមន្ត្រី និងទាំងក្រសួងការបទេស សុំជំនួយពីរុស្ស៊ី ក៏ពីព្រោះតែការចរចា ចុះបទឈប់បាញ់គ្នា មិនបានសម្រេច។ ការចរចាគ្នាជាថ្មីនេះ ជាគម្រប់លើកទី៣ បានធ្វើឡើងនៅក្រុងហ្សឺណែវប្រទេសស្វីស កាលពីថ្ងៃទី៣០តុលា តែគ្មានលទ្ធផលល្អ ដូចតាមការចង់បាន របស់ក្រុមប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកនោះទេ។ អ្វីដែលភាគីទាំងពីរ បានយល់ព្រមគ្នានោះ គឺមានតិចតួចណាស់ និងផុយស្រួយណាស់ ដូចជា ត្រូវផ្តល់បញ្ជីឈ្មោះ ឈ្លើយសឹក ទៅឲ្យអង្គការកាកបាទក្រហម ក្នុងពេលអំឡុងពេល១សប្តាហ៍ ជាដើម។
ជម្លោះបាញ់បោះ ផ្លោងគ្រាប់បែក រវាង អាស៊ែបៃហ្សង់ និងអាមេនី ប្រមាណជាងមួយខែមកនេះ បានបណ្តាលឱ្យផ្តាច់ជីវិតមនុស្សប្រមាណ ១ ២៥០ នាក់ ក្នុងនោះ យ៉ាងហោច ១៣០នាក់ ជាជនស៊ីវិល។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង។ តែបើតាមប្រភពពីរុស្ស៊ី ដែលជាតួអង្គបងធំមួយក្នុងតំបន់ គឺចំនួនអ្នកស្លាប់ ក្នុងសមរភូមិបង្ហូរឈាមជាងមួយខែនេះ អាចមានដល់ ៥ពាន់នាក់ឯណោះ។
អាស៊ែបៃហ្សង់ និងអាមេនី ប្រទេសមានព្រំដែនជាប់គ្នានេះ បានបាញ់គ្នា ធ្វើសង្គ្រាមយ៉ាងធ្ងន់ធ្ងរ នៅចន្លោះឆ្នាំ ១៩៩១ ដល់១៩៩៤ កាលនោះ ស្លាប់មនុស្ស អស់ប្រហែល ៣ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ