អូទ្រីស-ភេរវកម្ម

ទីក្រុងវីយែន​ប្រទេស​អូទ្រីស រងគ្រោះ​​ដោយ​​ភេរវកម្ម​បាញ់រះ ស្លាប់​និង​របួស​ច្រើននាក់

នាយនគរបាលទីក្រុងវីយែន កំពុងចេញបញ្ជា​ បិទផ្លូវ ការពារសន្តិសុខ នៅតំបន់​ក្បែររោងល្ខោនជាតិអូប៉េរ៉ា ក្រោយ​ហេតុការណ៍ភេរវកម្មបាញ់រះ នៅយប់ថ្ងៃទី ២ វិច្ឆិកា ២០២០។
នាយនគរបាលទីក្រុងវីយែន កំពុងចេញបញ្ជា​ បិទផ្លូវ ការពារសន្តិសុខ នៅតំបន់​ក្បែររោងល្ខោនជាតិអូប៉េរ៉ា ក្រោយ​ហេតុការណ៍ភេរវកម្មបាញ់រះ នៅយប់ថ្ងៃទី ២ វិច្ឆិកា ២០២០។ AFP - JOE KLAMAR

កាលពីយប់ថ្ងៃចន្ទ ទី២វិច្ឆិកា មានហេតុការណ៍ភេរវកម្មបាញ់រះមួយ​ បានកើតឡើង នៅ​កណ្តាល​​ទីក្រុង​វីយែន រដ្ឋធានីប្រទេសអូទ្រីស។ យ៉ាងហោចណាស់ មានមនុស្សស្លាប់​ចំនួន​៤នាក់ និង​របួស១៨នាក់។ ជនដៃដល់​ម្នាក់​ ដែលជាជនអ៊ីស្លាមជ្រុលនិយម ត្រូ​វបានសមត្ថកិច្ចអូទ្រីស បាញ់សម្លាប់​​នៅនឹង​កន្លែង តែយ៉ាងណា អាជ្ញាធរអូទ្រីសសង្ស័យថា អាចមាន​ភេរវជនផ្សេងទៀត ដែល​កំពុងរត់​គេចខ្លួន។

ផ្សាយពាណិជ្ជកម្ម

ទីក្រុងវីយែន ដែលតែងតែ​ត្រូវគេចាត់ទុក ថាជាទីក្រុងដ៏សុខដុមរមនា ប្រកបដោយ​សុវត្ថិភាព ពេលនេះបានរង​នូវអំពើបាញ់រះ គួរឲ្យ​តក់ស្លុតជាទីបំផុត។ ហេតុការណ៍នេះ បានកើតឡើង នៅវេលា​ម៉ោងប្រមាណ​ជា​៨យប់ ថ្ងៃទី​២វិច្ឆិកា ស្របពេល​ដែលមានមនុស្ស​អ៊ូរអ តាមហាងកាហ្វេ ភោជនីយដ្ឋាន ប៉ុន្មានម៉ោងមុននឹង​វិធានការបិទខ្ទប់​ប្រទេសចូលជាធរមាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។

យោងតាមសាក្សីជាច្រើននាក់ ការបាញ់រះ បានកើតឡើងនៅទីតាំងផ្សេងៗគ្នា ដូចជានៅក្បែរវិហារ​ស៊ីណាហ្គូកសាសនាជ្វីហ្វធំជាងគេនៅទីក្រុងវីយែន និងនៅក្បែរ​រោងល្ខោនជាតិអូប៉េរ៉ា។ ជន​ដៃដល់ បានប្រើកាំភ្លើងយន្ត បាញ់រះមិនតិចជាង​៥០គ្រាប់ ធ្វើឲ្យ​មនុស្ស​ម្នារត់ផ្អើលឈូរឆ រកកន្លែងពួន។ សមត្ថកិច្ចបានអន្តរាគមន៍ភ្លាមៗ ដោយបានបាញ់សម្លាប់ជននេះ ដែលមាន​ពាក់ខ្សែក្រវ៉ាត់គ្រាប់បែកក្លែងក្លាយ​ នៅនឹងខ្លួន។

លោក Sebastian Kurz អធិកាបតីអូទ្រីស បានថ្លែងភ្លាមៗ ដោយចាត់ទុកថា នេះគឺជាអំពើភេរវកម្ម​បែបអ៊ីស្លាមជ្រុលនិយម ដែលបានវាយប្រហារបេះដូងនៃប្រទេសអូទ្រីស។ លោក Karl Nehammer រដ្ឋមន្ត្រីមហាផ្ទៃអូទ្រីស បាន​បញ្ជាក់ថា យ៉ាងហោចណាស់ នៅមានភេរវ​ជនម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន។ ពេញមួយយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ សមត្ថកិច្ច បានបង្កើនការការពារសន្តិសុខ អមដោយឧត្ថម្ភាគចក្រហោះឆ្វែល ជាញឹកញាប់។ អាជ្ញាធរព្រំដែនសាធារណៈរដ្ឋឆេក ក៏បានប្រកាសរឹតបន្តឹងការត្រួតពិនិត្យដែរ។

ដោយឡែក ប្រភពពីនិពន្ធនាយក​កាសែត Falter បានអះអាងថា ជនដៃដល់ដែលត្រូវបាន​ សមត្ថកិច្ច​​បាញ់សម្លាប់ មាន​ភេទប្រុស​អាយុ​ប្រមាណ​២០ឆ្នាំ ដើមកំណើតអាល់បានី តែកើតនៅក្នុងទីក្រុងវីយែន។ ជននេះគឺជាជនអ៊ីស្លាមជ្រុលនិយម ដែលជឿងុបដើរតាមក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម។ ប្រភពដដែលអះអាងថា ជន​នេះ​មានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់​សមត្ថកិច្ច ក្នុងចំណោម​ជនអ៊ីស្លាម​ជ្រុលនិយម​៩០នាក់ផ្សេងទៀត ដែលធ្លាប់បានព្យាយាមធ្វើដំណើរ​ចេញទៅស៊ីរី។

គួរបញ្ជាក់ថា ហេតុការណ៍ភេរវកម្មវាយប្រហារទី​ក្រុង​វីយែននេះ បានកើតឡើងប៉ុន្មានថ្ងៃ ក្រោយ​អំពើភេរវកម្ម​សម្លាប់មនុស្ស​នៅក្នុងវិហារកាតូលិក នៅទីក្រុងនីស ភាគខាងត្បូងប្រទេសបារាំង ដែល​បានបណ្តាលឲ្យ​ស្លាប់មនុស្ស៣នាក់។ មានប្រជាជន​សរុបជាង​៨លាននាក់ អូទ្រីសមានសហគម​​អ្នក​កាន់សាសនាអ៊ីស្លាម រស់នៅច្រើនគួរសម តែជាទូទៅ មិនដែលជួបបញ្ហាវិបត្តិភេរវកម្ម ដូច​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុបទេ។ ក្រោយអំពើដ៏ព្រៃផ្សៃនេះ ការប្រកាសថ្កោលទោស បានធ្លាក់មកជាបន្តបន្ទាប់ ពីសំណាក់ថ្នាក់ដឹកនាំអឺរ៉ុប និងពីសំណាក់លោក​ដូណាល់ ត្រាំ ដោយបានចាត់ទុកអំពើនេះ ជាអំពើដ៏កំសាកថោកទាប​ ដែលមាន​កម្មវត្ថុវាយប្រហារ មកលើ​តម្លៃសង្គម របស់ទ្វីប​អឺរ៉ុប​ទាំងមូលតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI