កូវីដ១៩៖ ប្រទេសអ៊ីតាលី បានដាក់បម្រាមគោចរណ៍ នឹងបិទខ្ទប់តំបន់ខ្លះ
ចុះផ្សាយនៅថ្ងៃ៖
អ៊ីតាលី បានដាក់ចេញបម្រាមគោចរណ៍ជាថ្មីម្តងទៀត នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា នេះ ក្រោយរកឃើញមានករណីជំងឺកូវីដ១៩ យ៉ាងសន្ធឹកសន្ធាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសជិត ៨០ជិតម៉ឺននាក់ ដោយក្នុងនោះ ប្រជាជនជិត ៤ម៉ឺននាក់បានស្លាប់។
នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អ៊ឺតាលី បានរកឃើញអ្នកមានផ្ទុកវីរ៉ុសកូវីដ១៩ថ្មី ជាង៣ម៉ឺនករណី (៣០,៥៥០) បន្ថែម។ ការផ្ទុះឡើងនូវចំនួនករណីថ្មីដ៏សម្បើមទូទាំងប្រទេសនេះហើយ ដែលរដ្ឋាភិបាលបានសម្រេចចេញបម្រាមគោចរណ៍សារជាថ្មីម្តងទៀត នៅថ្ងៃពុធ ទី០៤វិច្ឆិកា ដោយបិទខ្ទប់ នៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងថ្មីបន្ថែមទៀត។
នៅក្នុងសន្និសីទកាសែតតាមទូរទស្សន៍ នៅពីថ្ងៃទី០៤វិច្ឆិកា នេះ លោក នាយករដ្ឋមន្ត្រីអ៊ីតាលី បានបញ្ជាក់ថា អ៊ីតាលី គ្មានជម្រើសផ្សេងទេ ក្រៅតែពីដាក់គោចរណ៍សារជាថ្មីម្តងទៀត។ លោកក៏បានរំព្ញកដែរថា ការដាក់ចេញបម្រាមគោចរណ៍កាលពីលើកមុន បានបំផ្លាញសេដ្ឋកិច្ចអ៊ីតាលី ដែលវាជារឿងគួរឱ្យជៀសវាងបំផុត។
ចាប់តាំងពីថ្ងៃទី០៦ ខែវិច្ឆិកា តទៅ ប្រជាជនអ៊ីតាលី ៦០លាននាក់ នឹងត្រូវតម្រូវឱ្យស្នាក់នៅក្នុងផ្ទះ ចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង ៥ព្រឹក លើកលែងតែមូលហេតុការងារ និងសុខភាពតែប៉ុណ្ណោះ។ ទាំងនេះ រួមបញ្ចូលទាំងការបិទហាងស្រា និងភោជនីយដ្ឋាន នៅម៉ោង ៦ល្ងាច។ ជាការផ្លាស់ប្តូរដែលបានបង្កឲ្យមានការតវ៉ាដោយហឹង្សាលក្ខណៈតូចតាច នៅក្នុងទីក្រុងមួយចំនួនដូចជា រ៉ូម ណាប៉ូល និងទួរីន។
ចំពោះតំបន់ដែលមានហានិភ័យខ្ពស់ ឬ តំបន់ក្រហម (Red Zone) នឹងតម្រូវឲ្យហាងលក់ទំនិញរាយរង ដូចជាម្ហូបអាហារនិងឱសថ បិទទ្វារ។ រីឯមនុស្សវិញ នឹងមិនតម្រូវឲ្យដើរហើរដោយសេរី លើកលែងតែហេតុផលការងារ និងសុខភាព ព្រមទាំងការបំពេញកិច្ចការបន្ទាន់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា បម្រាមគោចរណ៍នេះ នឹងធ្វើឡើងយោងទៅតាមច្បាប់ថ្មី ដោយនឹងត្រូវបែងចែកទៅជាតំបន់ហានិភ័យកម្រិតខ្ពស់ តំបន់ហានិភ័យកម្រិតមធ្យម និងតំបន់ហានិភ័យកម្រិតទាប។ ការបែងចែកនេះ គឺធ្វើឡើងដោយផ្អែកលើកម្លាំងរីករាលដាលរបស់វីរ៉ុសកូវីដ១៩ ក៏ដូចជាភាពទំនេរនៃគ្រែនៅមន្ទីរពេទ្យ និងកត្តាដទៃទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ