ផ្ទុះករណីឆ្លងកូវីដ១៩ខ្លាំងជាថ្មី អឺរ៉ុបរឹតបន្តឹងវិធានការ ឯតវ៉ាប្រឆាំងក៏ខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
ពលរដ្ឋអាល្លឺម៉ង់រាប់ម៉ឺននាក់ ភាគច្រើនគ្មានពាក់ម៉ាស បាននាំគ្នាប្រមូលផ្តុំ Leipzig នៅក្រុង ភាគខាងកើតប្រទេស នាថ្ងៃសៅរ៍ទី ៧វិច្ឆិកា ២០២០ ដើម្បីតវ៉ាប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ អាជ្ញាធរអាល្លឺម៉ង់បានពង្រាយកម្លាំងជាច្រើន ទប់ស្កាត់បាតុកម្មនេះ។ អាល្លឺម៉ង់ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុប កំពុងប្រឈមខ្លាំងការផ្ទុះករណីឆ្លងកូវីដ១៩រលកទីពីរ និងបានចេញវិធានការថ្មីតាំងពីថ្ងៃចន្ទ តែមិនតឹងតែងខ្លាំងដល់ថ្នាក់បិទប្រទេស ដូចបារាំងឬអង់គ្លេសផង។
បើតាមអ្នករៀបចំ មានពលរដ្ឋអាល្លឺម៉ង់ប្រមាណជាងពីរម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្ម។ ប៉ូលិសអាល្លឺម៉ង់មិនបានបញ្ជាក់អំពីចំនួនបាតុករទេ តែបានចេញធ្វើអន្តរាគមន៍ជាញឹកញាប់ស្រែកបំពងសំឡេងឱ្យបាតុករពាក់ម៉ាស និងគោរពគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅមនុស្សឱ្យបាន១ម៉ែត្រកន្លះពីគ្នា។ ម្យ៉ាងទៀតប៉ូលិសអាល្លឺម៉ង់ខ្លាចបាតុកម្មរាលដាលទៅជាការប៉ះទង្គិចហិង្សា ដូចអ្វីធ្លាប់កើតមាននៅបាតុកម្មប្រហាក់ប្រហែលគ្នានៅក្រុងប៊ែរឡាំង។
ហ្វូងបាតុករដែលខ្លះមានលើកគ្រវីទង់ជាតិផាស៊ីសផងនោះបានទាមទារឱ្យអាជ្ញាធរដកចេញជាបន្ទាន់នូវវិធានការទប់ស្កាត់កូវីដ១៩ដែលប៉ះពាល់ដល់សិទ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ តែការប្រមូលផ្តុំនេះប្រព្រឹត្តទៅជួនចំពេលដែលតួលេខនៃអ្នកឆ្លងកូវីដបានឡើងដល់កំរិតកំពូល។ ក្នុងរយៈពេល២៤ម៉ោង (ថ្ងៃសៅរ៍៧វិច្ឆិកា) មានករណីឆ្លងថ្មីដល់ទៅជាង ២៣០០០នាក់។
ប្រឈមនឹងការផ្ទុះកូវីដ១៩ជាថ្មី រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញវិធានការ បិទភោជនីដ្ឋាន ហាងកាហ្វេបារ រោងកុន រោងល្ខោនសារមន្ទីរ សម្រាប់រយៈពេល៤សប្តាហ៍។ ប៉ុន្តែទោះមិនបានសម្រេចបិទប្រទេស ដូចបារាំងជិតខាង ឬបណ្តាប្រទេសនៅអឺរ៉ុបផ្សេង ក៏ដោយក៏សន្ទុះនៃកំហឹងតវ៉ាប្រឆាំងមានខ្លាំង ពីសំណាក់ពលរដ្ឋដែលធ្លាប់តែមានវិន័យនិងគោរពតាមវិធានការរបស់រដ្ឋាភិបាលត្រឹមត្រូវ។
ដើម្បីទប់ស្កាត់ការរាតត្បាតរបស់កូវីដ១៩រលកទីពីរ ប្រទេសនៅអឺរ៉ុបជាច្រើន បារាំង អង់គ្លេស អៀរឡង់ អ៊ីតាលីមួយភាគ និងក្រិកបានសម្រេចបិទប្រទេសជាថ្មី រយៈពេលមួយខែ។ ចំណែកបណ្តាប្រទេសអឺរ៉ុបជាច្រើនផ្សេងបានរឹតបន្តឹងវិធានការរបស់ខ្លួន។ ប៉ុន្តែទោះវិធានការបិទខ្ទប់ប្រទេស ឬវិធានការប្រឆាំងកូវីដ១៩ មានលក្ខណៈធូរស្រាលជាងកាលពីខែមីនា-មេសាក៏ដោយ ក៏ពលរដ្ឋទូទៅសុទ្ធតែពិបាកទទួលយកទាំងអស់។
សូមបញ្ជាក់ថា បើតាមការគណនារបស់ភ្នាក់ងារសារព័ត៌មានបារាំង អឺរ៉ុបជាតំបន់រងគ្រោះទីពីរបន្ទាប់ពីអាមេរិកដោយរាប់មានអ្នកស្លាប់សរុបព្រោះកូវីដ១៩ចំនួនជាង ៣០ម៉ឺននាក់ និងអ្នកឆ្លងជាង១២លាននាក់។ ហើយពេលនេះអឺរ៉ុបកាន់តែព្រួយបារម្ភខ្លាំងបន្ថែមទៀត បន្ទាប់ពីបានរកឃើញមានករណីអ្នកឆ្លងកូវីដ១៩ចំនួន១២នាក់នៅប្រទេសដាណឺម៉ាក ពីសត្វចិញ្ចឹមយករោម ដែលបញ្ជាក់ថាវីរុស SARS-Cov-2 កំពុងធ្វើបំផ្លែង។ ការបំផ្លែងខ្លួនដែលអាចធ្វើឱ្យការស្វែងរកថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩កាន់តែស្មុគស្មាញ។ បើតាមអង្គការសុខភាពពិភពលោក មានករណីចម្លងកូវីដ១៩ក្នុងកន្លែងចិញ្ចឹមសត្វយករោម ក្នុង៦ប្រទេស គឺដាម៉ាណឺម៉ាក ហូឡង់ អេស្ប៉ាញស៊ុយអែត អ៊ីតាលីនិងសហរដ្ឋអាមេរិក។ ដោយមូលហេតុនេះសត្វចំនួប១៥ទៅ១៧លានក្បាលត្រូវសម្លាប់ចោល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ