ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ក្រុមហ៊ុនឱសថ Pfizer មានប្រសិទ្ធភាព៩០%
ចុះផ្សាយនៅថ្ងៃ៖
ជាដំណឹងដ៏ល្អ ប្រកបដោយក្តីសង្ឃឹមបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុនឱសថ Pfizer និង Biontech មានប្រសិទ្ធភាពដល់ទៅ៩០%។ នេះបើតាមលទ្ធផលបណ្តោះអាសន្ន នៃការសាកល្បងថ្នាំដំណាក់កាលទីបីដែលជាដំណាក់កាលចុងក្រោយមុននឹងឈានដល់ការសុំសិទ្ធិផលិតនិងធ្វើចរាចរណ៍។
ថ្នាំវ៉ាក់សាំងកំពុងស្ថិតក្នុងការសាកល្បងស្រាវជ្រាវទេ តែបើតាមការវិភាគលទ្ធផលបណ្តោះអាសន្ន ថ្នាំរបស់ Pfizer និង BioNtech មានប្រសិទ្ធភាពដល់ទៅ ៩០% ! នេះបើតាមការអះអាងរួមគ្នារបស់ក្រុមហ៊ុនផលិតឱសថអាមេរិកនិងអាល្លឺម៉ង់ នៅថ្ងៃទី ៩វិច្ឆិកា២០២០។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានពន្យល់លម្អិតទៀតថា ថ្នាំបង្ការចាប់មានប្រសិទ្ធភាពជាអ្នកបង្ការជំងឺ នៅ៧ថ្ងៃក្រោយការចាក់ដូសទីពីរ និង២៨ថ្ងៃក្រោយការចាក់ដូសទីមួយ។
“ប្រឈមនឹងការរាតត្បាតយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន អស់រយៈពេលជាង៨ខែ ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩បានឈានចូលដំណាក់កាលថ្មី” នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអគ្គនាយកក្រុមហ៊ុន Pfizer លោក Albert Bourla, ដោយបានគូសបញ្ជាក់បន្ថែមថា លទ្ធផលវិភាគដំបូងនៃការសាកល្បងថ្នាំវ៉ាក់សាំងដំណាក់កាលទីបី ដែលជាដំណាក់កាលចុងក្រោយបង្អស់ បានផ្តល់ភស្តុតាងបង្ហាញឱ្យឃើញអំពីសមត្ថភាពការពារប្រឆាំងនឹងកូវីដ១៩ហើយ។ ដូចបានព្យាករណ៍ និងដូចធ្លាប់បានប្រកាស ក្រុមហ៊ុនមានគម្រោងផលិតថ្នាំបង្ការនេះបានរហូតដល់៥០លានដូស ពីពេលនេះដល់ដំណាច់ឆ្នាំ២០២០ និងរហូតដល់១៣០០លានដូស នៅឆ្នាំ២០២១សម្រាប់បម្រើសេចក្តីត្រូវការរបស់ពិភពលោក។
ក្នុងន័យនេះក្រុមហ៊ុន Pfizer និង BioNTech ចង់ស្នើសុំសិទ្ធិផលិត និងធ្វើចរាចរណ៍ថ្នាំបង្ការពីអាជ្ញាធរអាមេរិក តាមរយៈសំណុំបែបបទបន្ទាន់ នៅខែវិច្ឆិកានេះភ្លាមតែម្តង។ សម្រាប់ក្រុមហ៊ុន កត្តាចាំបាច់បីយ៉ាង គឺ ថ្នាំមានប្រសិទ្ធភាព គ្មានហានិភ័យរំខានដល់សុខភាព និងមានបរិមាណច្រើនគ្រប់គ្រាន់សម្រាប់ពិភពលោក នឹងត្រូវបំពេញបានទាំងស្រុងនៅចុងខែនេះហើយ។ ដូច្នេះ បុគ្គលិកសុខាភិបាល នៅប្រទេសខ្លះ ទំនងជានឹងអាចទទួលថ្នាំបង្ការកូវីដ១៩ មុនគេនៅមុនដំណាច់ឆ្នាំ២០២០ផង។ នេះបើតាមសំណេររបស់កាសែតGuardian ។
ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងរលករាតត្បាតកូវីដ១៩ខ្លាំងជាលើកទីពីរ សេចក្តីប្រកាសរបស់ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ស្តីពីប្រសិទ្ធភាពថ្នាំបង្ការ បានជំរុញឱ្យទីផ្សារភាគហ៊ុនអឺរ៉ុបទាំងមូលថ្លៃខ្ពស់ជាលើកមួយ គិតចាប់តាំងពី ៦ខែមក។ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដែលស្ងាត់សំដីតាំងពីឃើញលទ្ធផលបោះឆ្នោតមក បានសម្តែងការអបអរសាទរ ថា ជាដំណឹងល្អបំផុត។ ចំណែកលោកចូបៃដិន ប្រធានាធិបតីជាប់ឆ្នោតថ្មីវិញ បានចេញសេចក្តីថ្លែងការណ៍លើកសរសើរស្នាដៃនេះជាសញ្ញានៃក្តីសង្ឃឹម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ