ពាណិជ្ជកម្ម​ផ្លូវ​ទឹក

កូវីដ​បង្អាក់សកម្មភាព​​ពាណិជ្ជកម្មដឹកជញ្ជូន​តាម​​ផ្លូវ​ទឹក​ ខ្លាំង​ជា​លើក​ទីមួយ ប្រចាំទសវត្សរ៍

ដោយហេតុកូវីដ ពាណិជ្ជកម្ម​ដឹកជញ្ជូន​ផ្លូវ​ទឹក​ធ្លាក់​ចុះ​អស់៤,៤% នៅ​ឆ្នាំ​២០២០
ដោយហេតុកូវីដ ពាណិជ្ជកម្ម​ដឹកជញ្ជូន​ផ្លូវ​ទឹក​ធ្លាក់​ចុះ​អស់៤,៤% នៅ​ឆ្នាំ​២០២០ Pixabay/Minka2507

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ នេះ​ជា​លើក​ទីមួយ ដែល​ពាណិជ្ជកម្ម​ផ្លូវ​ទឹក​ពិភពលោក មាន​សកម្មភាព​ធ្លាក់​ចុះ។ ដោយហេតុ​វិបត្តិ​កូវីដ​១៩ ពាណិជ្ជកម្ម​ផ្លូវ​បាន​ថយ​សកម្មភាព​ ​អស់​៤,១%​នៅ​ឆ្នាំ​២០២០។ នេះបើ​តាម​របាយការណ៍​របស់​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍ ចេញ​ផ្សាយជា​សាធារណៈ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១២​វិច្ឆិកា ២០២០។

ផ្សាយពាណិជ្ជកម្ម

“ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​បង្ក​ផល​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដល់ប្រព័ន្ធ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវ​ទឹក​និង​កំពង់​ផែ។ ទំហំនៃ​ការ​ដឹកជញ្ជូន​ផ្លូវ​ទឹក​ធ្លាក់​ចុះ​បែប​នេះ ជា​ប្រថ្នូល​មិន​ល្អ​ទេ​សម្រាប់​កំណើន​សេដ្ឋកិច្ច​”។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​​របាយការណ៍​ប្រចាំ​ឆ្នាំ​​របស់​​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍ ហៅកាត់​ថា (Cnuced)  ដែល​ជា​ស្ថាប័ន​​មួយ​របស់​អង្គការ​សហប្រជាជាតិ​មាន​ទីស្នាក់ការ​នៅ​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស។

អង្គការ​បាន​រំលឹក​ថា ពាណិជ្ជកម្ម​ផ្លូវ​ទឹកធ្លាប់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ម្តង នៅ​​ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដោយ​មាន​សកម្មភាព​ធ្លាក់​ចុះ​ដល់​ទៅ ៤,៩៨%។ ​សម្រាប់​ឆ្នាំ​២០២០​នេះ ដោយ​ហេតុ​វិបត្តិកូវីដ សកម្មភាព​ដឹកជញ្ជូន​បាន​ចុះខ្លាំងដែរ (​៤,១%) តែ​បើ​ប្រៀប​ទៅនឹងវិស័យ​ដឹកជញ្ជូន​ផ្លូវ​គោក-ផ្លូវ​អាកាស ពាណិជ្ជកម្ម​ផ្លូវ​ទឹក នៅ​មាន​ជា​សុខភាព​ល្អ​ជាង​គេ​។ ប៉ុន្តែ​ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០២១ មិន​ជាក់​លាក់ទេ បើ​ទោះ​បី ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizerនិង​អាល្លឺម៉ង់ BioNTech ​ប្រកាស​ជូន​ដំណឹង​ល្អ​​​ ​ស្តី​អំពី​ការប្រសិទ្ធភាពនៃ​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ១៩ ក៏​ដោយ។

ម្យ៉ាង​វិញ​ទៀត បើ​តាមCnuced ​ ​ពាណិជ្ជកម្ម​ផ្លូវ​ទឹក​ធ្លាក់​ចុះនៅ​ឆ្នាំ​២០២០​នេះ ជាលទ្ធផល​បន្ត​ពី​ឆ្នាំ​២០១៩។ ឆ្នាំ​ ដែល​ពាណិជ្ជកម្ម​ពិភពលោក​​ស្គាល់​ភាព​អាប់​អួរ​ខ្លាំង​ និង​គ្មាន​ភាព​ស្វាហាប់ស្រាប់​ផង ព្រោះរវល់​តែ​ឡើង​សម្ពាធ​​តាន​តឹង​ រវាង​អាមេរិក​និង​ចិន។

ប៉ុន្តែការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាស​​ធាតុ​ក្នុង​វិស័យ​ដឹកជញ្ជូន​​ផ្លូវ​ទឹក​ មិន​ត្រូវ​បាន​រំខាន​ដោយ​កូវីដ​១៩​ទេ។ ផែនការ​សង្គ្រោះ​ពាណិជ្ជកម្មផ្លូវ​ទឹក​ក្រោយ​វិបត្តិ​កូវីដ១៩ មាន​បញ្ចូល​ដំណោះស្រាយ​​បរិស្ថាន​និង​ជា​និរន្ត​សម្រាប់​អាកាសធាតុ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ Cnuced ដដែល។ ជាក់​ស្តែង​ ចាប់​ពីឆ្នាំ​នេះ​ទៅ​ នាវា​ដឹក​ទំនិញអាចប្រើប្រេង​ឥន្ធនៈ​បញ្ចេញ​ឧស្ម័ន​ពុល​ យ៉ាង​ច្រើន​បំផុត​ ​០,៥%​ ទល់នឹង​៣,៥%​ ​កាលពី​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI