កូវីដ១៩

វេទិកា​សន្តិភាព​ក្រុងប៉ារីស​ប្រមូល​ ​បានថវិកា​៥០០​លាន​ដុល្លារ​បន្ថែមសម្រាប់​ទិញ​ថ្នាំវ៉ាក់សាំង

ពិភពលោកត្រូវការ​៣៨​ពាន់​លាន​ដុល្លារ​ ទើប​អាច​គ្រប់គ្រាន់​ទិញ​ថ្នាំ​បង្ការ​និង​ព្យាបាល​ ឱ្យ​គ្រប់​ប្រទេស​បានដោយ​ស្មើភាព
ពិភពលោកត្រូវការ​៣៨​ពាន់​លាន​ដុល្លារ​ ទើប​អាច​គ្រប់គ្រាន់​ទិញ​ថ្នាំ​បង្ការ​និង​ព្យាបាល​ ឱ្យ​គ្រប់​ប្រទេស​បានដោយ​ស្មើភាព REUTERS

វេទិកា​សន្តិភាព​​លើក​ទី​បី ដែល​ចាប់​បើក​ពី​ថ្ងៃទី ១១-១៣ វិច្ឆិកា ២០២០​ នៅ​ទីក្រុង​ប៉ារីស ប្រព្រឹត្ត​ទៅ​ក្នុង​​បរិបទ​ប្លែក​ពីសព្វ​មួយ​ដង។ ដោយហេតុ​កូរ៉ូណាវីរុស គ្រប់​ជំនួបត្រូវ​​ធ្វើ​ឡើង​តាម​រយៈ​វីដេអូខុនហ្វេរិន ដើម្បីដោះស្រាយ​​​ប្រធានបទ​សំខាន់មួយ​ ​វិបត្តិកូវីដ។ ​ ក្នុង​វេទិកា​សន្តិភាព ប្រទេស​ជា​ច្រើន​បាន​ប្រកាស​ផ្តល់​ហិវញ្ញវត្ថុ​ ដល់​អង្គការ​សុខភាព​ពិភពលោក ចំនួន ៥០០​លាន​ដុល្លារ។ ជា​ទឹក​ប្រាក់​សម្រាប់​ឧបត្ថម្ភ​កម្មវិធី​ទិញ ថ្នាំ​វ៉ាក់សាំង​កូវីដ១៩ ចែកចាយ​ជូន​ដល់​បណ្តា​ប្រទេស​ក្រីក្រ​។

ផ្សាយពាណិជ្ជកម្ម

“យើង​មិន​អាចយក​ឈ្នះ​វីរុស​កូវី​ដ​១៩បាន ដោយមិន​គិត​គូរ​ដល់​​មនុស្សជាតិ​ផ្សេង​ទៀត​បាន​ទេ ! ​នេះ​ជា​ប្រសាសន៍​របស់​លោក​អេម៉ាណុយអែល ម៉ាក្រុង នៅ​ក្នុង​បទ​អន្តរាគមន៍​ជាមួយ​បណ្តា​ប្រមុខ​ដឹកនាំពិភពលោក​ជា​ច្រើន​ផ្សេង​ ពី​វេទិកា​សន្តិភាព​ក្រុង​ប៉ារីស។ លោក​ប្រធានាធិបតី​បារាំងបានឆ្លៀត​រំលឹក​ថា កាលពី​ខែ​មេសា២០២០ អង្គកា​រសុខភាពពិភពលោក គាំទ្រ​ដោយ​បារាំង គណៈកម្មការអឺរ៉ុប និង​មូលនិធិ​ Bill និង Melinda Gates បានពន្លឿន​​បង្កើត​កម្មវិធី ACT។ កម្មវិធី​អន្តរជាតិ​ដែលនឹង​​ធានា​ឱ្យ​គ្រប់​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភពលោក​អាច​ទទួល​ថ្នាំបង្ការនិង​ការ​វិភាគ​​រោគវិនិច្ឆ័យ​កូវីដ​១៩ បាន​ដោយ​ស្មើ​ភាព​។

នៅ​ក្នុងគំនិតអ្នក​ផ្តួចផ្តើមបង្កើ​ត​យន្តការ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគរាតត្បាតត្រូវ​​ជា​ការងារ​របស់គ្រប់​គ្នា ហើយ​ភាពអាត្មានិយម​ជាតិ​ត្រូវ​ទុក​ដោយ​ឡែក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ពីពេល​នេះដល់​ដំណាច់​ឆ្នាំ​២០២១ កម្មវិធី​ត្រូវ​មាន តេស្ត​កូវីដ​១៩​ចំនួន ៥០០​លាន​ ថ្នាំព្យាបាល​ចំនួន ២៤៥​លាន​ និង​ថ្នាំបង្ការ​ចំនួន ២ពាន់​លានដូស ដើម្បីអាច​ចែក​ចាយ​និង​ផ្តល់​​ឱ្យ​គ្រប់​ប្រទេស​នៅ​លើ​ភព​ផែនដី​បាន​ស្មើៗ​គ្នា។

ប៉ុន្តែ​ដើម្បី​សម្រេច​កម្មវត្ថុ​នេះ អង្គកា​រសុខភាពពិភពលោកប៉ាន់ស្មាន​ថា​គេត្រូវ​ការមាន​ហិរញ្ញវត្ថុ​ដល់​ទៅ​ប្រមាណ​៣៨ពាន់​លាន​ដុល្លារ​។ ៥រយលាន​ដុល្លារ​ទើ​បប្រមូល​បាន​ពី​វេទិកា​សន្តិភាព​ក្រុង​ប៉ារីស​ថ្ងៃនេះ ក្នុង​នោះ​១០០​លាន​ជាជំនួយ​សន្យា​របស់​បារាំង ១០០​លាន​របស់សហភា​ព​អឺរ៉ុប និង​៥០​លានរបស់អេស្ប៉ាញ។

ចំណែក​មូល​និធិ ​​ Bill et Melinda Gates ដែល​សកម្មបំផុត​ក្នុង​កម្មវិធី​នេះបាន​ដាក់​បញ្ចូល​ថវិកាក្នុង​ហិប​រួម​​ឱ្យ​បន្ថែម​ចំនួន ៧០​លាន​ដុល្លារទៀត។ ចំណែក​អង់គ្លេស​ក៏​នឹង​​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ប្រហាក់​ប្រហែល​នេះ​ដែរ។ ជំនួយ​ហិរញ្ញវត្ថុ​សន្យា​នៅ​ក្នុង​វេទិកាសន្តិភាព​​នេះ ជា​ការ​បូក​បន្ថែម​ពី​​លើ​​ប្រាក់​ជំនួយដែល​ប្រទេស​ទាំង​ឡាយ​បាន​សន្យា​ជួយ​កាលពី​លើក​មុន​ចំនួន ៤ពាន់​លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI